ភ្នំពេញ ៖ កម្មការិនី ចំនួន ២៨នាក់សន្លប់ ខណៈពួកគេបានឮសំឡេងកណ្ដឹងប្រកាសអាសន្នរោទ៍។ ក្នុងចំណោមកម្មការិនីទាំង ២៨នាក់នេះ មាន ០៦នាក់មានផ្ទៃពោះ។ យ៉ាងណាវិជ្ជបណ្ឌិតប្រាប់ថា ក្រុមកម្មការិនីទាំង ២៨នាក់ បានធូរស្រាលវិញហើយ នឹងអាចចេញពីពេទ្យអស់នៅថ្ងៃស្អែក។
លោក លៀ ស៊ីណា រាយការណ៍ ៖
កាលពីវេលម៉ោងប្រហែល ០៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកានេះ កម្មការិនី ធ្វើការនៅក្រុមហ៊ុន KKN3 ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ដកោះកុង ចំនួន ២៨នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ ខណៈដែលពួកគេឮកណ្ដឹងប្រកាសអាសន្នរោទ៍។ ក្នុងចំណោមកម្មការិនីទាំង ២៨នាក់នេះ មាន ៦នាក់ជាស្ដ្រីមានផ្ទៃពោះ។ នេះបើយោងតាមការបញ្ជាក់ពីលោក សំឃិត វៀន ស្នងការ ខេត្ដកោះកុង ដែលបានប្រាប់វិទ្យុស្ដ្រី។ លោកស្នងការបន្ថែមថា កណ្ដឹងប្រកាសន្នដែលរោទ៍នោះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ក្រោយពីកម្មការិនី ដួលសន្លប់ អាជ្ញាធរបានបញ្ជូនក្រុមកម្មការិនី ទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែក។ ក្រុមហ៊ុន KKN3 ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា តំបន់សេដ្ឋកិច្ចពិសេសខេត្ដកោះកុង មកដល់ពេលនេះ ក្រុមហ៊ុនបានដោះស្រាយបញ្ហាឆ្ងចរន្ដអគ្គិសនីនេះរួចហើយ ៖«បាទបានដោះស្រាយរួចហើយហើយចំពោះកម្មករ កម្មការិនី ដែលគាត់ដួលសន្លប់ហ្នឹង ក៏យើងបានដោះស្រាយរួចអស់ហើយ។ យើងបានបញ្ជូនដាក់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបឋមចំពោះអ្នកដែលបានដួលសន្លប់ហ្នឹង»។
ទាក់ទិនករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកោះកុង បានបញ្ជាក់ថា កម្មការិនីទាំង ២៨នាក់ នៅពេលនេះមានអាការធូរស្រាលវិញហើយ និងបានចេញពីពេទ្យអស់មួយចំនួន។ តែយ៉ាងណាពួកគាត់ នឹងអាចចេញពីពេទ្យបាននៅថ្ងៃស្អែក។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ដកោះកុង មានប្រសាសន៍ថា យោងតាមការពិនិត្យកម្មការិនីទាំងអស់ រួមទាំងអ្នកមានផ្ទៃពោះផង គឺមិនមានបញ្ហាអ្វីឡើយ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ពួកគាត់សន្លប់នេះគឺបណ្ដាលមកពីការភិតភ័យ។ លោកបញ្ជាក់ថា នៅល្ងាចនេះពួកគាត់ប្រហែលជាង ១០នាក់អាចពីពេទ្យបាន ហើយនឹងចេញអស់នៅថ្ងៃស្អែក ៖«ទាំងអ្នកធម្មតា ទាំងអ្នកមានផ្ទៃពោះ អ្នកមានផ្ទៃពោះក្នុងចំណោម ០៦នាក់ហ្នឹង អាចចេញទៅបានប្រហែល ០៤នាក់។ តាមស្ថានភាព គឺប្រហែលអ្នកចេញទៅអាចជាង ១០នាក់»។
កម្មការិនី ដែលមានផ្ទៃពោះទាំង ០៦នាក់នេះ ម្នាក់មានផ្ទៃពោះ ០៤ខែ និង ០៥នាក់ទៀត មានផ្ទៃចន្លោះ ០១ខែ និង ០២ខែ។ លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា ក្រុមកម្មការិនីទាំងអស់ គឺមិនមានបញ្ហាកង្វះអាហារូបបត្ថមឡើយ។
សូមជម្រាបថា យោងតាមទិន្នន័យករណីកម្មករ កម្មារិនី ដួលសន្លប់ ពីបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) បានប្រាប់ឲ្យដឹងថា ៧ខែដើមឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនីចំនួន ១៦៦៥នាក់បានសន្លប់ ខណៈដែល ១២ខែ កាលពីឆ្នាំ២០១៧ មានកម្មករសន្លប់ត្រឹមតែ ១៦០៣នាក់ តែប៉ុណ្ណោះ៕