en     km
en     km

ស្ត្រីវ័យក្មេងសហគមន៍៧៥នាក់បានសិក្សាពីភាពជាអ្នកដឹកនាំសហគមន៍

Share

ក្រុងសៀមរាប៖ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីអង្គការបន្ទាយស្រីរយៈពេល ៣ ឆ្នាំ ស្រ្តីជាអ្នកដឹកនាំសហគមន៍ឆ្នើម ៧៥ នាក់ បានក្លាយជាស្រ្តីគំរូ មានសមត្ថភាព និង ក្លាយជាអ្នកដឹកនាំនៅក្នុងសហគមន៍ ដែលនេះគឺជាផ្លែផ្កា និង ភាពជោគជ័យរបស់អង្គការបន្ទាយស្រីក្រោមការគាំទ្រពីសហភាពអឺរ៉ុប។

ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប អង្គការបន្ទាយស្រីបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ស្រ្តីនៅក្នុងសហគមន៍ ចំនួន ២ ខេត្តគឺ ខេត្តសៀមរាប និង ខេត្តបាត់ដំបង។ ស្ត្រីគំរូទាំង ៧៥ នាក់ត្រូវបានក្លាយជាស្រ្តីជាអ្នកដឹកនាំដែលពោរពេញទៅដោយសមត្ថភាព ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍ បន្ទាប់ពីបានរៀនសូត្របណ្តុះបណ្តាលដោយអង្គការបន្ទាយស្រីនៅក្នុងរយៈពេល ៣ឆ្នាំ រាប់ចាប់ពីឆ្នាំ​២០១៦ ដល់ ឆ្នាំ ២០១៨។

វគ្គបណ្តុះបណ្តាលទាំងនោះ មានដូចជា វគ្គបណ្តុះបណ្តាល​ក្នុងភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលក្នុងជំនាញប្រាស្រ័យទាក់ទង​ វគ្គបណ្តុះបណ្តាលក្នុងជំនាញនៃការនិយាយទៅកាន់សារធារណៈ និង វគ្គបណ្តុះបណ្តាលការគៀងគរពលរដ្ឋ និង ការរៀបចំសិក្ខាសិលា។

ប្រធានគ្រប់គ្រងទូទៅនៃអង្គការបន្ទាយស្រីប្រចាំខេត្តសៀមរាប អ្នកស្រី និន​ ចិន្តា បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្តី កាលពីថ្ងៃទី ០១ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ នេះថា ភាពជោគជ័យនារយៈពេល​៣ ឆ្នាំ របស់អង្គការបន្ទាយស្រីគឺការកសាងសមត្ថភាពស្រ្តីនៅក្នុងសហគមន៍ឲ្យមានគុណភាព ដើម្បីជាការរួមចំណែកដោះស្រាយបញ្ហានៅក្នុងសហគមន៍ ក៏ដូចជាវិស័យនយោបាយផងដែរ។

អ្នកស្រី និន​ ចិន្តា៖ «សកម្មភាពរបស់យើងគឺការពង្រឹងលើសមត្ថភាពស្រ្តី និង ស្រ្តីក្នុងឆាកនយោបាយ អញ្ចឹងការងារទាំងអស់នេះ គឺយើងពង្រឹងលើស្រ្តីដែលជាក្រុមប្រឹក្សាឃុំ ដែលឈរឈ្មោះនៅតាមបក្សនីមួយៗ ហើយបន្ទាប់ពីបណ្តុះបណ្តាលរួចមកយើងឃើញថាស្រ្តីមានទំនុកចិត្តជាងមុន ហើយអ្នកខ្លះហ្នឹងគឺលេចធ្លោមែនទែន អាចដោះ ស្រាយបញ្ហានៅក្នុងសហគមន៍ហ្នឹងចា៎!។»

អ្នកស្រីសង្កត់ធ្ងន់ថា​ បញ្ហាអំពើហឹង្សាក្នុងគ្រួសារគឺជាបញ្ហាដែលប្រឈមជាងគេ ប៉ុន្តែចាប់តាំងពីអង្គការបន្ទាយស្រីបានបណ្តុះបណ្តាលដល់ស្រ្តីជាមេគ្រួសារអំពីផ្នែកច្បាប់និងសិទ្ធិ ទើបមកដល់ពេលនេះ បញ្ហាទាំងនេះធ្លាក់ចុះគយរឲ្យកត់សម្គាល់។

អ្នកស្រី និន ចិន្តា៖ «បើយើងនិយាយថា កាលពីចូលដំបូង អំពើហឹង្សានៅខេត្តសៀមរាបហ្នឹងគឺធ្ងន់ធ្ងរជាងគេ រហូតដល់បែកក្បាលហូរឈាម រហូតដល់សម្លាប់គ្នាផង តែក្រោយមកយើងមានបណ្តាញរបស់យើង ពេលមានកន្លែងណាកើតហេតុ ក្រុមយើងហ្នឹងសំរុកទៅដោះស្រាយបញ្ហានិងទប់ស្កាត់ហើយពេលនេះ គឺថមថយបានមួយចំនួនដែរ។ »

ស្រដៀងគ្នានេះដែរ អ្នកស្រី ជឹម ប៊ុនចិន្តា ប្រធានគ្រប់គ្រងទូទៅនៃអង្គការបន្ទាយស្រី ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា ចំពោះស្រ្តីជាអ្នកដឹកនាំនៅក្នុងសហគមន៍ខេត្តបាត់ដំបង ភាគច្រើនគឺជាស្រ្តីដែលឈរឈ្មោះជាក្រុមប្រឹក្សាឃុំដែលមកពីគ្រប់គណបក្សនយោបាយ។

អ្នកស្រីបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរបស់អង្គការបន្ទាយស្រី បានធ្វើឲ្យក្រុមស្រ្តីទាំងនោះ មានសមត្ថភាព ប្រសិទ្ធិភាព ក្នុងការដឹកនាំ ព្រមទាំងបណ្តុះបណ្តាលទាំងស្រ្តីនិងបុរសពីរបៀបរបបនៃការធ្វើការជាមួយគ្នា។

អ្នកស្រី ជឹម ប៊ុនចិន្តា៖«ចាស៎! កំឡុងពេលដែលពួកគាត់មករៀនហ្នឹងគឺបុគ្គលិក​របស់បន្ទាយស្រី នាំគាត់ចុះទៅបង្រៀនដោយផ្ទាល់ អនុវត្តផ្ទាល់ ហើយមែនថា យើងផ្តោតតែលើស្រ្តីសុទ្ធមែនហេ! យើងក៏បង្រៀនអ្នកដឹកនាំទាំង ២ ភេទហ្នឹង ឲ្យចេះធ្វើការជាមួយគ្នា យល់ដឹងពីរបៀបរបបនៃការធ្វើការជាប្រព័ន្ធផងដែរ។»

គូសបញ្ជាក់ផងដែរថា​ អង្គការបន្ទាយស្រីក្រោមការគាំទ្រពីសហភាពអឺរ៉ុប ដែលមានរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៨ បានរៀបចំការបណ្តុះបណ្តាលស្ត្រីជាគ្រូបង្គោលទាំង ៧៥​នាក់នេះគឺដើម្បី បង្កើនសមត្ថភាព ជាអ្នកដឹកនាំ ដល់ស្រ្តីជាមេដឹកនាំនៅក្នុងសហគមន៍។ គោលដៅរបស់អង្គការនេះមួយទៀតគឺ ក្នុងគោលបំណងពង្រឹងសមត្ថភាពស្រ្តី ក្នុងវិស័យនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image