ភ្នំពេញ៖ សិស្សសាលាអនុវិទ្យាល័យស្រុកស្ទោង ខេត្តកំពង់ធំជាច្រើននាក់មានអាការក្អួតចង្កោរ និងរាករូសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យសង្ស័យពុលចំណីអាហារ។ លោកមេឃុំ អះអាងថា សិស្សសាលាទាំងអស់មានស្ថានភាពធូរស្រាលហើយ។
លោក ធូ វិរៈ រាយការណ៍
សិស្សសាលា និងប្រជាពលរដ្ឋចំនួន ៥២ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ សង្ស័យពុលចំណីអាហារ កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
លោក ឈុន ឆាត ជាមេឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យដឹងថា សិស្សសាលាអនុវិទ្យាល័យស្រុកស្ទោងចំនួន ៤៩ នាក់ ប៉ូលិលម្នាក់ និងប្រជាពលរដ្ឋពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ភ្លាមៗ ដោយសង្ស័យពុលចំណីអាហារ។ លោកមេឃុំ បញ្ជាក់ថា អ្នកជំងឺទាំងនោះមានអាការក្អួតចង្អោរ វិលមុខ ស្លេកស្លាំងទនដៃជើង ក្រោយពីពួកគាត់ទទួលទានបាយ ទឹក និង ប្រហិតចៀនរួចមក។
លោកមេឃុំ ឈុត ឆាត អះអាងថា អ្នកជំងឺទាំងនោះមានស្ថានភាពធូរស្រាលហើយ ក្រោយពីគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា អ្នកខ្លះចេញពីមន្ទីរពេទ្យតាំងពីថ្ងៃម្សិលមិញ ប៉ុន្តែនៅព្រឹកថ្ងៃ អង្គារ៍ នេះ មានអ្នកជំងឺបីបួននាក់ត្រឡប់មកពេទ្យជាថ្មី ក្រោយពីមានអាការរាករូសនៅយប់មិញនេះ។
លោកមេឃុំ ឈុត ឆាត៖ «ឥឡូវបានធូរស្រាល ក្មួយ ចេញទៅផ្ទះបណ្តើរៗហើយ ប៉ុន្តែអ្នកខ្លះចេញពីល្ងាច (ម្សិលមិញ) មកពេទ្យវិញពេលព្រឹក រាកយប់មិញ។ឃុំកន្លងមកតែងតែហៅអ្នកគ្រូលោកគ្រូមកប្រជុំនៅប្រចាំខែតែងតែអបរំណែនាំអនាម័យ ក៏ប៉ុន្តែមានអ្នកលក់មាយនៅសាលានោះ យើងក្តាប់មិនទាន់បាន អ្នកខ្លះយកបាយមកពីគេទេ មិនមែនធ្វើខ្លួនេកទេ ប៉ុន្តែម្ចាស់បាយពុលដែរនោះណា ម្ចាស់លក់នោះណា»។
លោកមេឃុំ បន្ថែមថា មន្ទីរសុខាភិបាលខេត្តកំពង់ធំបានបញ្ជូនសំណាកមកមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យរកមូលហេតុដែលនាំឱ្យពុលសិស្សសាលាទាំងនោះ។
លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា អ្នកជំងឺទាំំងនោះមានស្ថានភាពធូរស្រាលហើយគិតមកដល់ព្រឹកថ្ងៃ អង្គារ៍នេះ។ លោកពុំទាន់អាចបញ្ជាក់អំពីមូលបាននៅឡើយទេ រហូតដល់ចេញលទ្ធផលពីមន្ទីរពិសោធន៍។
លោក ស្រី ស៊ីន៖ «ស្ថានភាពវាធូរស្រាលហើយណាស់ អត់មានធ្ងន់ទេតំាងពីម្សិលមិញ ។បញ្ជុន(សំណាកមកមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ)ប៉ុន្តែវាមិនទាន់បានលទ្ធផលភ្លាមទេ»។
កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋចំនួន ៧៥ នាក់ ពុលនាំបុ័ងសាច់ ស្រុកចិត្របុរី ខេត្តក្រចេះ និងប្រជាពលរដ្ឋចំនួន ១៣ នាក់ ពុលនំបុ័ងសម្លការី ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។ ប៉ុន្តែគ្មាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតទេ៕