ភ្នំពេញ ៖ ក្រសួងការងារ បានចេញប្រកាសស្ដីពីការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់មន្ដ្រីអធិការកិច្ច ដែលក្រសួងការងារ អះអាងថា ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ប្រព័ន្ធអធិការកិច្ចការងារមួយដែលជឿទុកចិតបាន ដោយផ្អែកលើមូលដ្ឋានឯករាជ្យភាព សុចរិតភាព តម្លាភាព គុណភាព សីលធម៌ ការទទួលខុសត្រូវវិជ្ជាជីវៈ និងការប្ដេជ្ញាចិត្ដខ្ពស់។ តែបើទោះជាបែបនេះក្ដី សម្រាប់មេដឹកនាំសហជីពតំណាងកម្មករ ហាក់មានជំនឿតិចតូចប៉ុណ្ណោះ ថាមន្ដ្រីអធិការកិច្ចប្រកាន់ខ្ជាប់តាមការប្រកាសនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ប្រកាសស្ដីពីការដាក់ឲ្យប្រើប្រាស់ក្រមសីលធ៌សម្រាប់មន្ដ្រីអធិការកិច្ចនេះ គឺមាន ០៣ជំពូក ១០ផ្នែក និង ២៧ប្រការក្នុងនោះ ជំពូក១ ប្រការ១ បានបញ្ជាក់ថា ក្រមសីលធម៌នេះ មានគោលបំណងពង្រឹងឯករាជ្យភាព គុណតម្លៃ សីលធម៌ និងសេចក្ដីថ្លៃថ្នូរ របស់មន្ដ្រីអធិការកិច្ចការងារ ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជំនាញវិជ្ជាជីវៈ សំដៅធានាបាននូវប្រិសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងបង្កើននូវជំនឿទុកចិត្ដពីសាធារណជន។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ទទួលស្គាល់ថា ជារឿងល្អសម្រាប់ការបង្កើតប្រកាសស្ដីពីក្រមសីលធម៌សម្រាប់មន្ដ្រីអធិការកិច្ច។ លោកជឿថា គឺជាការប្រសើរប្រសិនបើក្រុមមន្ដ្រីក្រសួងការងារ ពិតជាមានឆន្ទៈប្រាកដមែន។ តែយ៉ាងណាលោកមានជំនឿតិចតូចតែប៉ុណ្ណោះ ក្នុងការអនុវត្ដឲ្យបានតាមអ្វីដែលក្រសួងបានចេញប្រកាស។ ការដែលលោកយល់ឃើញដូច្នេះ គឺយោងទៅតាមការសង្កេតពីសកម្មភាពមន្ដ្រីអធិការកិច្ចកន្លងមក ៖«ខ្ញុំនៅតែមិនជឿថា វាមានលក្ខណៈល្អប្រសើរទាំងស្រុងនោះទេ ដោយសារតែអំពើពុករលួយនៅតែមាន ហើយមន្ដ្រីអធិការកិច្ចមួយចំនួនមិនដែលបានចុះឲ្យបានសព្វជ្រុងជ្រោយ នៅពេលដែលចុះទៅម្ដងគឺត្រូវបានគេធ្វើការរាយការណ៍អីផ្សេងៗអញ្ចឹងទៅ ។ ដូច្នេះទោះទៅអធិការកិច្ចយ៉ាងណាក៏មិនមានភាពឯករាជ្យចំពោះមន្ដ្រីអធិការកិច្ចដែរ»។
បន្ថែមពីនេះ ប្រធានសម្ព័ន្ធសហជីពជាតិ បន្ដថា បើទោះជាយ៉ាងណាក៏ដោយ ទោះបីក្រសួងការងារមានចេតនាបង្កើតឲ្យមានក្រុមការងារ ឬក៏អធិការកិច្ច បានល្អប្រសើរយ៉ាងណាក្ដី ប្រសិនបើសេរីភាពសហជីព ត្រូវបានកាត់បន្ថយយ៉ាងសន្ធឹកសន្ធាប់ តាមរយៈច្បាប់សហជីពបែបនេះ លោកមើលឃើញថា គឺគ្មានអ្វីដែលល្អប្រសើរក្នុងការការពារផលប្រយោជន៍ កម្មករ និយោជិតនោះទេ។ លោក ហ្វា សាលី រំពឹងថា ក្រសួងការងារ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល នឹងយកចិត្ដទុក ពិនិត្យមើលឡើងវិញ ទៅលើសេរីភាពសហជីព ក៏ដូចជាច្បាប់សហជីព ដែលបាននឹងកំពុងរៀបចំនិងអនុវត្ដ លោកសង្កត់ធ្ងន់ថា នេះគឺជាក្ដីកង្វល់ដ៏ធំរបស់ក្រុមសហជីពតំណាងកម្មករ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារល្អប្រសើរពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បង្កើត និងបង្កើនឱកាសការងារ ធានាការគាំពារសង្គមផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ។ ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើនេះ និងយុទ្ធសាស្ដ្រអាទិភាពចំនួន ០៥ របស់ក្រសួងនោះ ក្រសួងការងារប្រាប់ឲ្យ អធិការកិច្ចការងារចាំបាច់ត្រូវពង្រឹងសមត្ថភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពការងារ ដែលអាចធានាបាននូវទំនុកចិត្ដពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ។
ក្រសួងការងារបានបង្កើតយន្ដការអធិការកិច្ចការងារ ដែលមាននាយកដ្ឋាន និងអង្គភាពជំនាញចំនួន០៨ ដែលរួមមាន នាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានពេទ្យការងារ នាយកដ្ឋានវិវាទការងារ នាយករដ្ឋានមុខរបរ និងហត្ថពលកម្ម នាយកដ្ឋានការងារកុមារ នាយកដ្ឋានបណ្ដុះបណ្ដាល បេឡាជាតិរបបសន្ដិសុខសង្គម និងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មករនៅតាមមុខសញ្ញា ក្នុងការបំពេញការងារនៅពេលតែមួយ និងប្រើប្រាស់បទដ្ឋានវាយតម្លៃតែមួយ។ ជាងនេះក្រសួងថា ក្រមសីលធម៌នេះត្រូវបានរៀបចំឡើងសំដៅពង្រឹង និងធានាបាននូវការអនុវត្ដច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារ និងបទប្បញ្ញត្ដិ ដែលពាក់ព័ន្ធនឹងវិស័យការងារ។
ក្រមសីលធម៌នេះបានចែងអំពី ឥរិយាបថមួយដែលអាចទទួលយកបានក្នុងពេលបំពេញការងារ ជំរុញឲ្យមានស្ដង់ដារអនុវត្ដកម្រិតខ្ពស់ ផ្ដល់នូវខ្នាតមួយសម្រាប់មន្ដ្រីវាសវែងសមត្ថភាព និងឥរិយាបថដោយខ្លួនឯង និងផ្ដល់នូវមធ្យោបាយក្នុងការកំណត់អត្ដសញ្ញាណវិជ្ជាជីវៈ សម្រាប់មន្ដ្រីអធិការកិច្ចការងារ។ លើសពីនេះ ក្រមសីលធម៌នេះ ជាមូលដ្ឋានមួយដ៏រឹងមាំសម្រាប់ប្រព័ន្ធអធិការកិច្ចការងារមួយដែលជឿទុកចិត្ដបាន ដោយផ្អែកលើមូលដ្ឋានឯករាជ្យភាព សុចរិតភាព តម្លាភាព គុណភាព សីលធម៌ ការទទួលខុសត្រូវវិជ្ជាជីវៈ និងការប្ដេជ្ញាចិត្ដខ្ពស់។
យ៉ាងណាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនឿថា ក្រមសីលធម៌នេះ ពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈការលើកកម្ពស់នូវលក្ខខណ្ឌការងារ ពង្រឹងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើត និងបង្កើនឱកាសការងារ ធានាការគាំពារសង្គម និងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈស្រមតាមតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕