ភ្នំពេញ ៖ មន្ដ្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ រំពឹងថា នឹងមានទូកចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានចំនួនកើនឡើងជាងឆ្នាំមុនៗ។ ការអះអាងបែបនេះ គឺយោងទៅតាមចំនួនទូកដែលចូលរួមបានកើនឡើងជាលំដាប់ក្នុងអំឡុងពីរឆ្នាំងចុងក្រោយនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៨នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ ដែលបានផ្សព្វផ្សាយ។ រយៈពេលបីថ្ងៃ នៃពិធីនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានបង្ហាញការរំពឹងថា ចំនួនទូកចូលរួមប្រកួតអាចនឹងកើនឡើងជាងឆ្នាំមុនៗ។ នេះបើ់លោក ប៊ូ ជុំសេរី អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិនិងអន្ដរជាតិ ដែលបានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ។
លោកប៉ូ ជុំ សេរី បានប្រាប់ទៀតថា កាលពីឆ្នាំ២០១៦ មានទូកចូលរួមប្រកួតចំនួន ជាង ២៥០គ្រឿង ហើយចំណែកឆ្នាំ២០១៧ មានទូកចូលរួមប្រកួតកើនដល់ជាង ២៧០គ្រឿង។ តាមចំនួននៃកំណើនទូកពីរឆ្នាំជាប់ៗគ្នាមកនេះ លោករំពឹងថា ឆ្នាំ២០១៨នេះ ទូកក៏នឹងមានចំនួនកើនឡើងទៀត ៖«ជារៀងរាល់ឆ្នាំយើងឃើញកើនកាលពីឆ្នាំ២០១៦ យើងឃើញមានតែ ២៥៣-២៥៤ទូកទេ ដល់ឆ្នាំ២០១៧ យើងបានទៅដល់ ២៧០-២៧១ទូកឯណោះ។ អញ្ចឹងហើយយើងសង្ឃឹមថា ឆ្នាំនេះមានការកើនឡើងពីព្រោះទី១ លក្ខណៈធម្មជាតិទឹកអីបបូរ ស្រួលទម្លាក់ទូកចុះមក តែបើទឹកតិចលំបាកវិញ។ ប៉ុន្ដែនេះទឹកធំ គឺថាទឹកដល់កន្លែងទីតាំងទូកស្រួល»។
គិតមកដល់ថ្ងៃនេះ មានទូកចុះឈ្មោះចូលរួមប្រកួតមកពីតាមបណ្ដាខេត្ដមួយចំនួនជាបណ្ដើរៗហើយ ក៏ប៉ុន្ដែគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ ពុំទាន់បូកសរុបចំនួនទូកនៅឡើយទេ ដោយត្រូវរង់ចាំដល់ថ្ងៃបិទបញ្ចប់ការចុះឈ្មោះសិន។ ការទទួលចុះឈ្មោះទូក ដើម្បីចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០១៨នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា។
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ អំពាវនាវឲ្យពលរដ្ឋចូលរួមពិធីនេះឲ្យបានច្រើន ដើម្បីចូលរួមអបអរពិធីបុណ្យប្រពៃណីជាតិ។ ជាងនេះលោកក៏ស្នើផងដែរ ដល់អ្នកចូលរួម ត្រូវធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ និងអនាម័យឲ្យបានល្អ។
កាលពីថ្ងៃទី៣១ ខែតុលា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី រោងចក្រ សម្ដេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កម្ពស់ទឹកអាចមាន ប្រហែល ៥,២០ម៉ែត្រ ឬ ៥,៣០ម៉ែត្រ ដែលអាចប្រារព្ធពិធីបាន លើកលែងតែទឹកចុះទាបជាងនេះ ៖«តាមការព្យាករណ៍ទឹកនៅថ្ងៃបុណ្យអុំទូក អាចនៅត្រឹមតែ ៥ម៉ែត្រ ២០ ទៅ ៥ម៉ែត្រ ៣០ តែប៉ុណ្ណោះ គឺទឹកទាប។ ប៉ុន្ដែវាប្រហាក់ ប្រហែលទៅនិងឆ្នាំ១៩៩៣ ដែលយើងអាចអុំបាន។ តែបើធ្លាក់លើសពីហ្នឹងមកនៅត្រឹមតែ ៤ម៉ែត្រ កន្លះអី អាហ្នឹងអុំលែងកើតហើយ អុំចេះតែបាន ក៏ប៉ុន្ដែវាដាច់ខ្យល់អ្នកអុំ វាមកមិនដល់ទី វាឆ្ងាយ»។
កាលពីឆ្នាំ២០១៧ ទូកចូលរួមប្រកួតជាង ២៧០ទូក ហើយមានទូកនារី ចំនួន ០៦ទូក គឺដូចគ្នាទៅនឹងឆ្នាំ២០១៦ដែរ។
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយប្រាប់ឲ្យ រដ្ឋបាលគ្រប់ខណ្ឌ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ-អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរ ក្នុងឱកាសនេះ។ លើសពីនេះរដ្ឋបាលរាជធានី ណែនាំឲ្យមន្ទីរប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងកម្មវិធីសិល្បៈសម្ដែងជូនពលរដ្ឋទស្សនានៅមុខវត្ដបទុមវតី រមណីយដ្ឋានវត្ដភ្នំ សួនច្បារសម្ដេច ហ៊ុន សែន ត្រើយម្ខាងជ្រោយចង្វារ ត្រង់រូបសំណាកព្រះនាងប្រាជ្ញាបារមី និងមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។
ដោយឡែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍ មុនក្នុង និងក្រោយប្រារព្ធព្រះរាជពិធី។
ព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ តាំងពីសម័យមុនអង្គរ និងក្រោយអង្គរមកម្លេះ។ កម្ពុជាតែងតែប្រារព្ធព្រះរាជពិធីនេះមិនដែលអាក់ខានឡើយពីមួយជំនាន់ទៅមួយជំនាន់។ ការធ្វើពិធីបុណ្យអុំទូកនេះគឺធ្វើឡើងដើម្បីប្រកាសរកកងពល និងកងទ័ពជើងទឹកដែលមានសមត្ថភាព និងមួយវិញទៀត ដើម្បីរំឮកដល់ជ័យជម្នះព្រះបាទជ័យវរ្ម័នទី០៧ និងស្ដេចអង្គមុនៗ ដែលមានកងទ័ពជើងទឹកខ្លាំងពូកែ។
កម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ កាលពីឆ្នាំ ២០១១ កម្ពុជាបានផ្អាកព្រះរាជពិធីបុណ្យអុំទូក ដោយសារតែទឹកធំ ជន់លិចស្ទើរគ្រប់បណ្តាខេត្ត ចំណែកឆ្នាំ២០១២ គឺជាការយាងសោយទិវង្គត របស់ព្រះបរមតនកោដ្ឋ សម្ដេច សីហនុ ព្រះមហាវីរក្សត្រ។ ដោយឡែកក្នុងឆ្នាំ២០១៣ ការផ្អាកព្រះរាជពិធីបុណ្យអុំទូក គឺព្រោះតែស្ថានភាពនយោបាយ នៅមានភាពវឹកវរ ក្រោយការបោះឆ្នោត៕