en     km
en     km

អាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថាន KICT ចុះអនុស្សរណៈរៀបចំចរាចរក្នុងរមណីយដ្ឋានអង្គរ

Share

សៀមរាប៖ក្នុងការចូលរួមចំណែកការពារនូវតម្លៃលេចធ្លោរបស់រមណីយដ្ឋានអង្គរ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈជាមួយវិទ្យាស្ថាន KICTដើម្បីសិក្សាលើការរៀបចំលំហូរចរាចរក្នុងរមណីយដ្ឋានអង្គរ។នេះបើតាមឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែលនេះ បានឱ្យដឹងបន្ដថា ការចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានកូរ៉េសម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា KICT ធ្វើឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងបណ្ឌិត Junhwa Jung អនុប្រធាននៃវិទ្យាស្ថានKICT។

អនុប្រធាននៃវិទ្យាស្ថានKICT លោក Junhwa Jung បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរា លើការងាររៀបចំចរាចរក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ លោកបញ្ជក់ថា KICT ធ្លាប់បានរៀបចំដោយជោគជ័យនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចរាចរក្នុងប្រទេសកូរ៉េក៏ដូចជាបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកសង្ឃឹមថា កិច្ចសហការនេះនឹងចូលរួមលើកស្ទួយតម្លៃបេតិកភណ្ឌពិភពលោក ក៏ដូចជា រួមចំណែកជាមួយពលរដ្ឋខ្មែរក្នុងកិច្ចការពាររមណីយដ្ឋានអង្គរ។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាលើកឡើងថា អនុស្សរណៈនៃការព្រមព្រៀងនេះគឺជាលទ្ធផលមួយយ៉ាងល្អ ក្រោយពីក្រុមទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមក។

លោកសង្ឃឹមផងដែរថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែរឹងមាំថែមទៀត និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេស គឺការរៀបចំលំហូរចរាចរក្នុងតំបន់អង្គរបានល្អប្រសើរ ដែលអាចកាត់បន្ថយនូវផលប៉ះពាល់ទាំងផ្នែកបរិស្ថាន និងបេតិក ភណ្ឌក្នុងតំបន់អង្គរ។

បញ្ជាក់ផងដែរថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ។ គោលបំណងចម្បងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សារួមគ្នាអំពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរក្នុងរមណីយដ្ឋានអង្គរឲ្យបានល្អប្រសើរ ក្នុងន័យត្រៀមខ្លួនសម្រាប់កំណើនទេសចរជារៀងរាល់ឆ្នាំ៕

Share

Image
Image
Image