ភ្នំពេញ៖ គិតត្រឹម ១០ឆ្នាំ ២០១៨នេះ មានរោងចក្របើកថ្មីចំនួន១៤០ ខណៈរោងចក្រចំនួន ៤០ត្រូវបានបិទទ្វារក្នុងនោះរោងចក្រកាត់ដេរមានចំនួន ៣២រោងចក្រ។ នេះបើតាមតួលេខដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យ៉ាងហោចណាស់មានរោងចក្របង្កើតថ្មីចំនួន១៤០ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នៅរយៈពេល១០ខែនៅក្នុងឆ្នាំ២០១៨នេះ។ ដោយឡែកមានរោងចក្រចំនួន ៤ បានបើកក្នុងខែតុលា ដែលមានទុនវិនិយោគ២៨,៥៩លានដុល្លារ។
ចំណែករបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបង្ហាញថា រយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះមានរោងចក្រដែលត្រូវបានបិទទ្វារមានចំនួន ៤០ ក្នុងនោះ៣២ រោងចក្រជារោងចក្រកាតដេរ ហើយការបិទទ្វារនេះធ្វើឲ្យកម្មករគ្មានការងារធ្វើសរុប ១៨ ម៉ឺននាក់។
របាយការណ៍ដដែរឲ្យដឹងថា វិស័យកាត់ដេររកប្រាក់ចំណូលបាន ៥,៣២ ពាន់លានដុល្លារ នៅរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះ បានកើនឡើង ១២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីចុងខែតុលាឆ្នាំ២០១៨នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានអំពាវនាវដល់សហភាពអឺរ៉ុបកុំឲ្យដកពន្ធអនុគ្រោះ EBA ។ សម្រាប់ GMAC ការដកពន្ធអនុគ្រោះនេះនឹងបណ្តាលឱ្យស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់និងគ្រួសាររបស់ពួកគេត្រូវបានទាញទៅរកភាពក្រីក្រវិញពុំខាន។
យោងតាមលិខិតរបស់ GMAC ការប្រកាសរបស់សហភាពអឺរ៉ុបដែលបង្ហាញលទ្ធភាពក្នុងការព្យួរបណ្តោះអាសន្ននូវ(EBA) សម្រាប់កម្ពុជា គឺជាការភ្ញាក់ផ្អើលសម្រាប់វិស័យឯកជនរួមទាំងវិនិយោគិន កម្មករ ព្រមទាំងអ្នកបញ្ជាទិញដែលទិញពីកម្ពុជាផងដែរ។ សម្រាប់ GMAC ការដកពន្ធអនុគ្រោះនេះនឹងបណ្តាលឱ្យ ស្រ្តីកម្ពុជាក្រីក្ររាប់លាននាក់និងគ្រួសាររបស់ពួកគេត្រូវបានទាញចេញពីភាពក្រីក្រវិញមិនខាន។
សមាគមរោងចក្រកាត់ដេរបន្តថា ការព្យួរបណ្តោះអាសន្នពន្ធអនុគ្រោះ ឬទណ្ឌកម្មជាឯកតោភាគីរយៈពេលខ្លីណាមួយ នឹងអាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដល់ជីវិតរបស់កម្មករ និងគ្រួសាររបស់ពួកគេ។ ភាពរីកចម្រើនទាំងអស់ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុបជាដើម។ សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មសំខាន់មួយសម្រាប់កម្ពុជា ជាពិសេសចំពោះវិស័យសម្លៀកបំពាក់និងស្បែកជើង។ ជាង៤៦%នៃការនាំចេញសរុបនៃសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាគឺទៅសហភាពអឺរ៉ុប។
បើតាម GMAC វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ពឹងផ្អែកលើ វិស័យនេះ។ ជារៀងរាល់ខែ ប្រាក់ខែជាង១៥០លានដុល្លារអាមេរិកត្រូវបានចំណាយទៅលើកម្មករទាំងនេះ។
ទោះយ៉ាងណាក្តី GMAC នៅតែមានសុទិដ្ឋិនិយមថា វិស័យកាត់ដេរនឹងមិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មណាមួយ និងមិនស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្មឡើយ៕