ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt ដែលផុតអាណត្តិបេសកកម្មនៅកម្ពុជា សន្យាថា នឹងពង្រឹង សុវត្តិភាពចំណីអាហារនៅកម្ពុជា តាមរយៈការស្វែងរកប្រតិបត្តិការពីរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ នៃទីភ្នាក់ងារសហព័ន្ធចំណុះឱ្យក្រសួងសុខាភិបាលអាមេរិក។
តាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ការបង្ហាញការប្ដេជ្ញាចិត្តរបស់លោក William A. Heidt បែបនេះ ធ្វើឡើងក្រោយពេលមានការស្នើពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ក្នុងជំនួបពិភាក្សាការងាររវាងអ្នកទាំងពីរ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
យ៉ាងណាមិញ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានស្នើអាមេរិកឱ្យជួយពង្រឹង និងបណ្តុះបណ្តាលសមត្តភាពមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល លើការងារត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា។ ការធ្វើបែបនេះដើម្បីចូលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងធានាការលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
លោក ប៉ាន សូរស័ក្ដិ ក៏បានបញ្ជ្រាបពីតម្រូវការកម្ពុជាទៅលោក William A. Heidt ថា ថ្វីបើនៅអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា មានមន្ទីរពិសោធន៍ និងឧបករណ៍មួយចំនួនហើយក្ដី ប៉ុន្តែទន្ទឹមនឹងនេះ ក៏ត្រូវការជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលត្រឹមត្រូវពីសហរដ្ឋអាមេរិកដែលមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ខ្ពស់ ដើម្បីកសាងសមត្ថភាពមន្ត្រី ក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។
លោក William A. Heidt បានសន្យាថា នឹងធ្វើការបន្តជាមួយរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ ដែលជាទីភ្នាក់ងារសហព័ន្ធចំណុះឱ្យក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីឱ្យមានការអនុវត្តល្អបំផុត សម្រាប់ពង្រឹងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ លោក សោម លាភ