ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកានេះ រដ្ឋមន្ដ្រីក្រសួងការងារ បានប្រាប់ ឲ្យសមាគមថៅកែកៅស៊ូវៀតណាមនៅកម្ពុជា រៀបចំឯកសារមកចុះបញ្ជីនៅក្រសួងការងារ ឲ្យស្របតាមច្បាប់។ ប្រសាសន៍រដ្ឋមន្ដ្រីដូចនេះ ធ្វើឡើងខណៈលោកជួបជាមួយ សមាគមថៅកែកៅស៊ូវៀតណាមនៅកម្ពុជា នៅទីស្ដីការក្រសួងការងារ។ តំណាងនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា អះអាងថា ពួកគេនឹងរៀបចំឯកសារដើម្បីចុះបញ្ជីនៅក្រសួងការងារឲ្យស្របតាមច្បាប់។
លោក លៀ ស៊ីណា រាយការណ៍ ៖
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ក្នុងជំនួបជាមួយលោក Truong Minh Trung អគ្គនាយករង សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ហៅកាត់ថា VRG ដោយបានបញ្ជាក់ថា គិតមកដល់ពេលនេះ ច្បាប់ការងារកម្ពុជាមានការកែប្រែខ្លះ ដែលតម្រូវជាចាំបាច់ឲ្យក្រុមម្ចាស់ ឬនាយក គ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ទាំងអស់នៅកម្ពុជា ត្រូវតែស្វែងយល់បន្ថែម។
លោករដ្ឋមន្ដ្រីបន្ដថា កន្លងមកកម្ពុជា ក៏ធ្លាប់បានចុះអនុស្សរណៈជាមួយក្រុមហ៊ុនវៀតណាមមួយចំនួនដែរ។ តាមរយៈកិច្ចសហប្រតិបត្ដិការនេះ គឺជាការសម្រួលឲ្យក្រុមកម្មករជំនាញ របស់វៀតណាម អាចចូលមកធ្វើការនៅប្រទេសកម្ពុជាបាន ក៏ប៉ុន្ដែត្រូវតែបំពេញឲ្យបានត្រឹមត្រូវនូវលក្ខខណ្ឌការងាររបស់កម្ពុជា។
ក្រោយបញ្ចប់ជំនួបនេះ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ បានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានថា មូលហេតុដែល សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម មកជូបរដ្ឋមន្ដ្រីក្រសួងការងារនេះ ពីព្រោះតែពួកគេ មានក្ដីបារម្ភពីការអនុវត្ដច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្ដនានាចំពោះកម្មករ ចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើវិស័យការងារ ហើយមានការប្រែប្រួលការអនុវត្ដមួយចំនួន។
រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ជាការឆ្លើយតបនឹងក្ដីព្រួយបារម្ភនេះ រដ្ឋមន្ដ្រីក្រសួងការងារ បានអះអាងថា ការអនុវត្ដច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ដនានា ចំពោះកម្មករក្នុងចម្ការកៅស៊ូនៅប្រទេសកម្ពុជា គឺស្របទៅនឹងការអនុវត្ដចំពោះកម្មករ និយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ ៖«បាទច្បាប់ការងារយើងតែមួយហើយអនុវត្ដកម្មករយើងទាំងអស់នៅកម្ពុជា និងវិស័យឯកជនទាំងអស់។ អ្វីដែលយើងចេញប្រកាសថ្មី ដើម្បីអនុវត្ដច្បាប់ ដែលយើងធ្វើវិសោធនកម្មថ្មីហ្នឹង គឺនៅគ្រប់វិស័យទាំងអស់ដែរ។ ឧទាហរណ៍ដូចជាបញ្ហាដែលយើងត្រូវអនុវត្ដការបើកប្រាក់ឈ្នួល១ខែពីរដងគឺត្រូវអនុវត្ដទាំងអស់»។
បន្ថែមលើនេះលោករដ្ឋមន្ដ្រីក្រសួងការងារ បញ្ជាក់ថា ដើម្បីឲ្យសមាគមថៅកែកៅស៊ូវៀតណាមនៅកម្ពុជា មានភាពងាយស្រួលក្នុងការធ្វើការងារនៅកម្ពុជាស្របតាមច្បាប់ សមាគមត្រូវតែរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ហើយមកចុះបញ្ជីស្របច្បាប់នៅក្រសួងការងារ។ លោក ហ៊ូ វុឌ្ឍី បានប្រាប់ថា កន្លងមក សមាគមថៅកែកៅស៊ូវៀតណាមនៅកម្ពុជា គឺបានបង្កើតហើយ ប៉ុន្ដែមិនទាន់បានរៀបចំឯកសារដើម្បីចុះបញ្ជីស្របច្បាប់នៅក្រសួងការងារ ៖«កន្លងមកយើងមានសមាគមមួយគឺ សមាគមថៅកែកៅស៊ូវៀតណាមនៅកម្ពុជា ហើយសមាគមគាត់ហ្នឹងមិនទាន់ដឹងផ្លូវច្បាប់ពេញលេញ ហើយដើម្បីទៅជាសមាគមពេញលេញនៅកម្ពុជាយើង សមាគម និយោជក ហ្នឹងគាត់ត្រូវរៀបចំឯកសារឲ្យបានត្រឹមត្រូវមកចុះបញ្ជីនៅក្រសួងការងារ។ ឥឡូវគាត់បានឯកភាពថារៀបចំដើម្បីមកសហការ ដើម្បីចុះបញ្ជីឲ្យទៅជាសមាគម។ ដល់មានសមាគមហើយ សមាគមគាត់នឹងការពារសមាជិក ទី១ ហើយទី២ ដើម្បីយើងងាយអនុវត្ដច្បាប់»។
យ៉ាងណាក្រោយពីទទួលបានការណែនាំពីរដ្ឋមន្ដ្រីក្រសួងការងារហើយ តំណាងនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានបញ្ជាក់ថា ពួកគេនឹងរៀបចំឲ្យសមាគមរបស់ពួកគេ ដែលកំពុងមានវត្ដមាននៅកម្ពុជា ឲ្យក្លាយទៅជាសមាគមស្របច្បាប់ ពិសេសគឺការរៀបចំបែបបទចុះបញ្ជីនៅក្រសួងការងារ ដើម្បីងាយស្រួលក្នុងការអនុវត្ដច្បាប់ជាមួយភាគីកម្ពុជា៕