រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានព្រមានថា ប្រធានាធិបតីស៊ីរីលោក បាសាអាល់ អាសាដ នឹងត្រូវអស់អំណាចនៅថ្ងៃណាមួយដោយសារតែបាត់បង់កិត្តិយសលើឆាកអន្តរជាតិ និងប្រជាជនស៊ីរី ។
សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយនៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ថា ការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើឡើងនៅក្នុងកិច្ចពិភាក្សាជាមួយវិទ្យាស្ថានសន្តិភាពអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារម្សិលមិញនេះ។
លោក Mattis បានលើកឡើងថា៖ « ហេតុផលដែលខ្ញុំគិតថាគង់តែមានថ្ងៃណាមួយ លោក អាស្សាដ នឹងត្រូវអស់អំណាច ហើយខ្ញុំមិនគិតថា ការបោះឆ្នោតរៀបចំឡើងដោយរបបដឹកនាំស៊ីរីបច្ចុប្បន្ន នឹងទទួលបានការជឿទុកចិត្ត ក៏ដូចជាគំាទ្រពីប្រជាជនស៊ីរី និងសហគមន៍អន្តរជាតិនោះទេ»។
បើតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្តគាំទ្រដល់កងកម្លាំងឧទ្ទាមស៊ីរី និងស្វែងរកដំណោះស្រាយ និងការផ្សះផ្សាតាមរយៈកិច្ចចរចាទីក្រុងហ្សឺណែវ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេស UN ។
លោក អាល់អាសាដ ត្រូវបានតុលាឧក្រិដ្ឋកម្មអន្តរជាតិICC កសាងសំណុំរឿងប្រឆាំងនឹងលោកករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសារលោក ជាប់ពាក់ព័ន្ធសង្រ្គាមស៊ីវិល។ ប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលនៅឆ្នាំ២០១១ដោយបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់៕