ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងវិស្វកម្មលេខ ៥៩៤ (ទ័ពមួកខៀវ) ចំនួន ២០៤នាក់ ដែលមាននារី ១០នាក់ ទៅចូលរួមបេសកកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ការបញ្ជូននេះ នឹងធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្ដិភាព បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៣១ ខែតុលានេះ។
លោក លៀ ស៊ីណា រាយការណ៍៖
កញ្ញា កុសល ម៉ាលីនដា មន្ដ្រីនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សា សន្ដិភាព បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេកសកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦។ បេកសកម្មនេះ គឺកម្ពុជា ត្រូវផ្លាស់ប្ដូរសមាសភាពជារៀងរាល់ឆ្នាំ ស្របទៅតាមការស្នើពីអង្គការសហប្រជាតិ។
កន្លងមក កងទ័ពមួកខៀវរបស់កម្ពុជា ធ្លាប់បានឈរជើងនៅប្រទេសចំនួន ០៥ ដែលមានដូចជា អាហ្វ្រឹកកណ្ដាល លីបង់ ម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង។ គិតពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេសកកម្ម រក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិចំនួន ៥៥៧៩នាក់ ហើយក្នុងនោះ ២៦៧នាក់ជាស្ដ្រី។
មន្ដ្រីនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សា សន្ដិភាព បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ឲ្យដឹងទៀតថា បច្ចុប្បន្ននេះកងទ័ពមួកខៀវកម្ពុជា ដែលកំពុងចូលរួមបំពេញបេសកកម្ម រក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ មានចំនួនជាង ៨០០នាក់។ កងទ័ពមួកខៀវកម្ពុជា ទាំងអស់គឺទៅមានជំនាញខុសៗគ្នា ៖«យើងទៅនេះគឺមានជំនាញខុសៗគ្នា។ យើងទៅទី១ ហ្នឹងគឺជំនាញខាងមីន បោសសំអាតមីន បន្ទាប់មកយើងទៅជំនាញខាងត្រួតពិនិត្យការធ្វើដំណើរ ហើយបន្ទាប់មកយើងទៅខាងវិស្វកម្ម ហើយយើងទៅខាងអាវុធហត្ថ។ អាវុធហត្ថហើយ យើងទៅខាងពេទ្យកម្រិត ២ ហើយយើងមានវិស្វកម្ម សំណង់ ហើយមានកម្ទេចគ្រាប់មិនទាន់ផ្ទុះ ហើយមានខាងវិស្វកម្មខាងព្រលានយន្ដហោះ ហើយយើងមានជំនាញមួយទៀតគឺ នាយទាហានសេនាធិការ និងសង្កេតការយោធា»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលានេះ បានបញ្ជាក់ដែរថា កងវិស្វកម្មលេខ ៥៩៤ គឺជាកងវិស្វកម្ម លើកទី០៥ហើយ ដែលត្រុវបញ្ជូនទៅចូលរួមបេសកកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ហើយកងនេះ នឹងត្រូវទៅប្ដូរវេនជំនួសកងវិស្វកម្មលេខ ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ អាណត្ដិ ១ឆ្នាំរបស់ខ្លួន នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
គួររំឮកថា កាលពីខែឧសភា ឆ្នាំ២០១៧ មានកងទ័ពមួកខៀវកម្ពុជាបួនរូប បានស្លាប់ ព្រោះតែការវាយឆ្មក់មួយពីក្រុមឧទ្ទាម ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ចំណែកកាលពីខែមីនា ឆ្នាំ២០១៨នេះ មូលដ្ឋានកងរក្សាសន្ដិភាពរបស់កម្ពុជា ប្រចាំនៅក្នុងប្រទេសម៉ាលី ក៏ត្រូវបានក្រុមជីវពល វាយប្រហារដែរ ក៏ប៉ុន្ដែមិនមានកងទ័ពមួកខៀវកម្ពុជារូបណាគ្រោះថ្នាក់ឡើយ។ បើទោះជាធ្លាប់មានការវាយការបែបនេះក្ដី តែសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងកាលពីខែមីនាកន្លងទៅថា កម្ពុជាមិនរាថយឡើយ បើទោះជាមានការវាយប្រហារពីកងកម្លាំងឧទ្ធាមម្ចាស់ស្រុកក៏ដោយ ហើយកម្ពុជានឹងនៅតែរក្សាការចូលរួម រក្សាសន្ដិភាពនៅទីកន្លែងនានាក្នុងពិភពលោកជាមួយអង្គការសហប្រជាជាតិបន្ដទៀត៕