ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងថា អាកាសធាតុ អាចនឹងចុះត្រជាក់នៅតាមបណ្ដាខេត្ដតំបន់ខ្ពង់រាប ចន្លោះពី ១៩ ទៅ ២១អង្សាសេ។ អាកាសធាតុបែបនេះ អាចនឹងកើតឡើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា។
តាមរយៈសេចក្ដីជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលានេះ ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពុជាកំពុងទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីសមុទ្រចិនខាងត្បូង ខណៈខ្យល់មូសុងឦសានក៏ចាប់ផ្ដើមមានឥទ្ធិពលមកលើកម្ពុជា។
ក្រសួងបន្ដថា ដោយសារស្ថានភាពបែបនេះ អាកាសធាតុនៅតាមខេត្ដ នៃប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ហើយខេត្ដខ្លះក៏នឹងចុះត្រជាក់ផងដែរ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា បណ្ដាខេត្ដនៅតំបន់ខ្ពង់រាប ដែលមានដូចជាខេត្ដព្រះវិហារ ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្ដរតនគិរី សីតុណ្ហភាព អាចនឹងចុះត្រជាក់ដល់ ១៩អង្សាសេ។
ដោយឡែក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កម្រិតសីតុណ្ហភាពក្នុងក្របខ័ណ្ឌទូទាំងប្រទេស អាចមានពី ២៣អង្សាសេ ដល់ ៣២អង្សាសេ។ ក៏ប៉ុន្ដែចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា បណ្ដាលខេត្ដនៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម៕