ក្រុមជួយសង្រ្គោះ យន្តហោះ Boeing-737 MAX នៃក្រុម ហ៊ុនហោះហើរ Lion Air ដែលបានផ្ទុះធ្លាក់ក្នុងសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយថា អ្នកដំណើរលើយន្តហោះ ទាំងអស់១៨៩នាក់ ប្រហែលជាស្លាប់អស់ហើយ។
អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានស្រង់យកសាកសពមនុស្ស ១០នាក់។
យន្ដហោះ Boeing 737 MAX របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀតបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ប៉ាងកាល ភីណាំងកោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។
យន្ដហោះ Boeing 737 MAX ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទី ចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា។
ទោះជាយ៉ាងណា អាជ្ញាធរ ឥណ្ឌូនេស៊ី មិនទាន់ធ្វើការសន្និដ្ឋាន ជាផ្លូវការនៅឡើយថាតើការធ្លាក់យន្តហោះនេះ បណ្ដាលមកពីបញ្ហាអ្វី ខណៈកំពុងស្វែងរកប្រអប់ខ្មៅដែលជាបន្ទុកទិន្នន័យរបស់យន្តហោះ៕