ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Liu Gaodao អនុប្រធានអង្គការ CATAS (Chinese Academy of Tropical Agricultural Sciense ) នៃប្រទេសចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នាក្រោមកិច្ចសហប្រតិបត្តិការរយៈពេល ០៥ឆ្នាំ ផ្តោតលើការបណ្តុះបណ្តាលលើវិស័យកសិកម្ម។
លោក លៀ ស៊ីណា រាយការណ៍ ៖
យោងតាមទំព័រហ្វេសប៊ុកក្រសួងការងារបានបញ្ជាក់ថា រដ្ឋមន្ដ្រី ក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បាន ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្ដិការនេះ ព្រោះតែបានឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ វាក៏ជាការចែករំលែកមួយរបស់សាធារណរដ្ឋ ប្រជាមានិតចិន ដែលលោកថា ចិនពិតជាមានការអភិវឌ្ឍខ្ពស់ចំពោះវិស័យកសិកម្មនេះ។
នៅក្រោយចប់ពិធីចុះហត្ថលេខា លោក ឡៅ ហ៊ីម អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានឲ្យដឹងថា មូលហេតុភាគីចិនចុះហត្ថលេខាជាមួយក្រសួងការងារ ដោយសារក្រសួងមានសាលាជាច្រើនលើការបណ្តុះបណ្តាលធនធានមនុស្ស គ្របដណ្តប់នៅទូទាំងប្រទេស។
លើសពីនេះលោកថា នេះគឺជាគោលដៅនៃពិធីនាពេលនេះ គឺចង់បង្កើនសមត្ថភាពក្នុងការកែច្នែផលិតផលកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសចិន និងកម្ពុជា ពិសេសទៅលើប្រជាកសិករខ្មែរ ឲ្យគាត់ចេះខាងច្នៃ ផ្នែកដាំដុះ ក៏ដូចជាផ្នែកប្រមូលធ្វើយ៉ាងណាឲ្យការប្រមូលផលឲ្យត្រូវនឹងនិន្នាការពេលបច្ចុប្បន្ននិងអនាគត ដូចជាការប្រើប្រាស់ជី និងការប្រើប្រាស់ពូជជាដើម។
ជាងនេះលោក ឡៅ ហ៊ីម បញ្ជាក់ថា ប្រទេសចិនក៏បង្រៀនពីការវេចខ្ចប់ ឲ្យត្រូវតាមស្ដង់ដារ ពីព្រោះតែពេលខាងមុខប្រទេសចិន នឹងទទួលនូវផលិតផលកម្មពីកម្ពុជាដ៏ធំជាងគេ ៖«យើងនឹងមានការនាំចេញ ផលិតផលកសិកម្មទៅប្រទេសចិនរង្វង់ប្រហែល ៣០ម៉ឺនតោនក្នុងមួយឆ្នាំ អញ្ចឹងពីមួយឆ្នាំទៅមួយយើងអាចបង្កើន ការនាំចេញតាមរយៈគឺយើងបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ហើយផលិតនូវអ្វីដែលជាស្ដង់ដាររបស់ប្រទេសចិន គេនឹងប្រមូលទទួលទិញទៅប្រទេសគេ»។
ជាមួយគ្នានេះ លោក លីវ គ័រតាវ អនុប្រធានអង្គការ CATAS បានរៀបរាប់ថា CATAS គឺជាវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិចនៃប្រទេសចិន ឈរលើលំដាប់ថ្នាក់ធំជាងគេនៅចិន ដែលទទួលការសិក្សាស្រាវជ្រាវលើ វិស័យកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗ ដែលទាក់ទងផ្នែកកសិកម្មដោយមានវិទ្យាស្ថាន ក្រោមអង្គការ CATAS ចំនួន១៣វិទ្យាស្ថានលើជំនាញខុសៗគ្នា។ នៅក្នុងនោះមានជំនាញសំខាន់បំផុត គឺកៅស៊ូ បន្លែ ផ្លែឈើគ្រប់យ៉ាង ការវេចខ្ចប់ និងដំណាំដូង។
លោកបញ្ជាក់ មូលហេតុដែល អង្គការ របស់លោកមកសហការជាមួយកម្ពុជានាពេលនេះ ពីព្រោះតែអង្គការរបស់លោកមានគ្រប់ផ្នែក ដែលអាចសហការជាមួយកម្ពុជា បានច្រើនក្រសួងស្ថាប័ន។ ជាងនេះលោករំពឹងថា កាតាក់ អាចនឹងនាំយកចំណេះដឹង មកផ្ដល់ជូនប្រជាពលរដ្ឋខ្មែរបានច្រើន ៖«CATAS របស់យើងមានផ្នែកគ្រប់ ដែលអាចសហការជាមួយកម្ពុជាចំនួនច្រើនក្រសួង ហើយចំពោះការបណ្ដុះបណ្ដាលនេះ CATAS គិតថា វាអត់ទាក់ទងជំនាញបច្ចេកទេសផ្ដោតលើវិស័យកសិកម្មទេ។ ព្រោះ CATAS ចង់ឲ្យបណ្ដុះបណ្ដាលទៅដល់បងប្អូនប្រជាកសិករនៅកម្ពុជាកាន់តែច្រើន»។
សូមបញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខានេះ ភាគីទាំងពីរ កម្ពុជា-ចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន រួមមាន ការផ្លាស់ប្តូរសម្ភារ សិក្សាស្រាវជ្រាវ ឯកសារ និងព័ត៌មានពាក់ព័ន្ធ កម្មវិធីផ្លាស់ប្តូរគ្រូ និងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រ វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់អ្នកគ្រប់គ្រង់ជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលពីចម្ងាយ (Web distance training) ដែលគាំទ្រដោយអង្គការCATAS៕