ភ្នំពេញ ៖ អង្គការ UNICEF បានរៀបចំសន្និសីទថ្នាក់តំបន់ឆ្ពោះទៅអនុវត្ដ យុទ្ធសាស្ដ្រចំនួន ប្រាំពីរ នៃកម្មវិធី INSPIRE ដើម្បីបញ្ចប់ហិង្សាលើកុមារ។ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក រំពឹងថា យុទ្ធសាស្ដ្រទាំងប្រាំពីរនេះ នឹងត្រូវយកទៅអនុវត្ដសំដៅធ្វើឱ្យអំពើហិង្សាលើកុមារ ត្រូវកាត់បន្ថយទាំងស្រុង។ មន្ដ្រី នៃក្រសួងសង្គមកិច្ច យល់ថា យុទ្ធសាស្ដ្រ INSPIRE គឺល្អ វានឹងជួយដល់កម្ពុជាច្រើន ក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ការផ្សព្វផ្សាយយុទ្ធសាស្ត្រនេះ ទាំង៧ចំណុចនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមានគណៈប្រតិភូ នៃបណ្ដាប្រទេសចំនួន ២១ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងកំណត់រកកាលានុវត្ដភាព សំដៅចាត់វិធានការក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។ សន្និសីទនេះ រៀបចំឡើងរយៈពេល បីថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី ខារិន ហាល់ហ្សប នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា អំពើហិង្សាលើកុមារគឺជាឧត្រិដ្ឋកម្ម ដែលរាំងស្ទះដល់ការអភិវឌ្ឍរបស់កុមារ។ លោកស្រីបន្ដថា អ្វីដែល យូនីសេហ្វ ធ្វើនៅថ្ងៃនេះ គឺការនាំមកនូវក្រុមគណៈប្រតិភូដែលជំនាញៗជាច្រើនប្រទេស ដើម្បីពិភាក្សា និងផ្សព្វផ្សាយនៅយុទ្ធសាស្ដ្រ សាមញ្ញៗ ចំនួន០៧ ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ។
លោកស្រីបង្ហាញក្ដីរំពឹងថា យុទ្ធសាស្ដ្រទាំង០៧ របស់កម្មវិធី INSPIRE នេះនឹងត្រូវបានយកទៅអនុវត្ដ។ ដែលមានដូចជា ការចិញ្ចឹមកូន ឬក៏ការអប់រំកូនដោយមិនប្រើអំពើហិង្សា និងការមិនប្រើអំពើហិង្សាលើរាងកាយនៅតាមសាលារៀន រួមនិងការបង្កើតច្បាប់គត្ដិយុត្ដិជាដើម។ លោកស្រីសង្កត់ធ្ងន់ថា ការអប់រំកុមារដោយមិនប្រើអំពើហិង្សា នឹងធ្វើឲ្យគាតក្លាយជាយុវជនមិនប្រើអំពើហិង្សាដូចគ្នាដែរ ៖«ហើយទាំងអស់ហ្នឹងយើងសង្ឃឹមថា នឹងនាំឲ្យអំពើហិង្សាលើកុមារហ្នឹងឈានទៅរកសូន្យតែម្ដង គឺគ្មានតែម្ដង ហើយយើងគិតថា ការធ្វើបែបនេះគឺជាការវិនិយោគមួយដ៏សំខាន់បំផុត ពីព្រោះនៅពេលណាដែលយើងវិនិយោគទៅលើកុមារដោយមិនប្រើអំពើហិង្សា មានន័យថា គាត់នឹងមកក្លាយជាយុវជនមិនប្រើអំពើហិង្សា ហើយនេះយើងបានឃើញនៅប្រទេសដទៃទៀតរួចហើយ»។
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំក្រុមការងារអន្ដរក្រសួង ដើម្បីអនុវត្ដផែនការ ក្នុងការទប់ស្កាត់ករណីហិង្សាលើកុមារ។ លោកបន្ដថា ក្រុមការងារនេះ គឺមានក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៣ ចូលរួម។ លោកបន្ថែមទៀតថា កម្មវិធី INSPIRE យុទ្ធសាស្ដ្រចំនួន ប្រាំពីរ នេះ គឺជាយុទ្ធសាស្ដ្រដ៏ល្អមួយ ព្រោះវាស្របទៅនិងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។
អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច មើលឃើញថា ប្រជាពលរដ្ឋកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់បានយល់ច្បាស់នៅឡើយទេ ពីអំពើហិង្សានៅលើកុមារ។ លោកថា ទម្លាប់នៃការប្រើអំពើហិង្សាលើកុមារ គឺជារឿងដែលលំបាកនៅក្នុងការកែប្រែ។ តែយ៉ាងណាលោកសំណូមពរ សុំឲ្យប្រជាពលរដ្ឋបញ្ឈប់ទម្លាប់ប្រើហិង្សាលើកុមារបន្ដទៀត ៖«ក្នុងនាមខ្ញុំក្នុងនាមក្រសួង គឺអត់មានអីក្រៅពីឲ្យគាត់មានការភ្ញាក់រឮក មានការយល់ពីអ្វីដែលថា គាំទ្រដល់កុមារ គឺថា ធ្វើយ៉ាងណាទាំងអស់គ្នារួមគ្នាដើម្បីបំពេញកាតព្វកិច្ច គឺអនុវត្ដនៅការគោរពសិទ្ធបួនយ៉ាងរបស់កុមារ ហើយរួមគ្នាការពារឧត្ដប្រយោជន៍របស់កុមារ»។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ យូនីសេហ្វ បានប្រាប់ឲ្យដឹងថា នៅទូទាំងពិភលោក មានការប៉ាន់ប្រមាណថា យ៉ាងតិច ណាស់កុមារចំនួន ១ពាន់លាននាក់ ក្នុងមួយឆ្នាំៗ ទទួលរងអំពើហិង្សាជាអន្ដរបុគ្គលទម្រង់មួយចំនួន។ នៅទ្វីបអាស៊ីមានកុមារយ៉ាងហោចណាស់ ៥០% បានទទួលរងអំពើហិង្សាកាលពីឆ្នាំមុន។ ក្រៅពីផលប៉ះពាល់ភ្លាមៗ និងពេញមួយជីវិតមកលើកុមារ អំពើហិង្សាលើកុមារបង្កឲ្យមានបន្ទុកផ្នែកសុខភាព និងសេវាសង្គមក្នុងរយៈពេលយូរអង្វែង ប៉ះពាល់ដល់ការវិនិយោគ និងការអភិវឌ្ឍវិស័យផ្សេងទៀត (ដូចជាសុខភាព អភិវឌ្ឍន៍កុមារតូច អាហារូបត្ថម្ភ និងការអប់រំ) និងរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ដោយទទួលស្គាល់ថា ការដោះស្រាយបញ្ហានេះមិនអាចពន្យាពេលតទៅមុខទៀតបាន សហគមន៍អន្ដរជាតិ បានប្ដេជ្ញាចិត្ដរួមគ្នាបញ្ចប់អំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០ ដែលជាកិច្ចការអាទិភាពមួយនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SGDs)។ ជាការរួមចំណែក ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទីភ្នាក់ងារចំនួន១០ រួមទាំងអង្គការសុខភាពពិភពលោក និងយូនីសេហ្វ បានសហការគ្នាដាក់ឲ្យអនុវត្ដ យុទ្ធសាស្ដ្រ INSPIRE យុទ្ធសាស្ដ្រចំនួនប្រាំពីរ សម្រាប់បញ្ចប់អំពើហិង្សាលើកុមារ រួមមាន ពង្រឹងការអនុវត្ដន៍ច្បាប់ដែលពាក់ព័ន្ធ នឹងកុមារ លើកកម្ពស់ទំនាក់ទំនងរវាងកុមារ និងឪពុក ម្ដាយ ប្រកបដោយវិជ្ជាមាន និងផ្ដល់ជំនួយសេដ្ឋកិច្ចសង្គម។ យុទ្ធសាស្ដ្រ INSPIRE បានរៀចំឡើងដោយផ្អែកលើភស្ដុតាងល្អៗដែលមានស្រាប់ និងបានបង្ហាញថា ជាអភិក្រមដែលមានប្រសិទ្ធភាពក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។ សន្និសីទថ្នាក់តំបន់នេះផ្ដោតទៅការកែប្រែយុទ្ធសាស្ដ្រ INSPIRE ទៅជាបរិបទជាតិ និងក្នុងតំបន់។
អំពើហិង្សាលើកុមារ ជាបញ្ហាដែលបង្កផលប៉ៈពាល់ដល់បុគ្គល ទំនាក់ទំនងជិតស្និទ សហគមន៍ និងសង្គមទាំងមូល។ មិនមានវិស័យណាមួយដែលអាចបញ្ចប់អំពើហិង្សាលើកុមារដោយឯកឯងបានទេ។ ការចូលរូម និងការសហការជាពហុវិស័យ ដូចជាសុខាភិបាល អប់រំ សុខុមាលភាពសង្គម ហិរញ្ញវត្ថុ និងយុត្តិធ៌ម មានសារៈសំខាន់សម្រាប់ការទប់ស្កាត់ និងឆ្លើយតបដោយប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត ហ្ស៊ីន យ៉ាំង ស៊ូ (Shin Young-soo) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហិ្វកខាងលិច បានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យសុខាភិបាល និងប្តេជ្ញាផ្តល់ការគាំទ្រដល់បណ្តាប្រទេសនានា សម្រាប់ការពារកុមារពីអំពើហិង្សា និងផលប៉ះពាល់ផ្នែកសុខភាពរយៈពេលយូរអង្វែង។
កុមារគ្រប់រូបមានសិទ្ធិទទួលបានកុមារភាពដែលគ្មានអំពើហិង្សា។ សន្និសីទថ្នាក់តំបន់នេះ គឺជាចលករសម្រាប់បន្តការប្តេជ្ញាចិត្ត និងពន្លឿនវិធានការក្នុងតំបន់ឆ្ពោះទៅលុបបំបាត់អំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០៕