en     km
en     km

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ប្រទេសទើបងើបពីសង្រ្គាមទ្វីបអាហ្រ្វិកចង់នាំចូលអង្ករពីកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេស Sierra Leone ចង់ឱ្យមានការនាំចូលអង្ករពីកម្ពុជា ព្រោះប្រទេសនេះកំពុងជួបបញ្ហាអសន្តិសុខស្បៀង។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងកសិកម្មនៅថ្ងៃទី ៣០ តុលានេះ។

តាមរយៈការចុះផ្សាយនេះ បញ្ជាក់ថា ការបង្ហាញជំហរបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេស Sierra Leone គឺលោក Joseph J. Ndanema។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង ពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារ Sierra Leone នាពេលខ្លីខាងមុខ។

នាឱកាសនេះលោក Joseph J. Ndanema វាយតម្លៃថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ មដែលវិស័យនេះបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក Joseph J. Ndanema បានបង្ហាញពីគំនិតចង់បានកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជា លើវិស័យជាច្រើនជាពិសេសវិស័យកសិកម្ម។

រដ្ឋមន្ត្រីកសិកម្មនៃប្រទេសនេះ បានប្រៀបធៀបពីស្ថានភាពដំណើរការនៃការកសាង និងអភិវឌ្ឍប្រទេសរបស់ខ្លួនថា ប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ ពោល គឺទើបងើបចេញពីសង្គ្រាមរាំរ៉ៃ ដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានបំផ្លាញស្ទើរទាំងស្រុង បញ្ហាសន្តិសុខស្បៀងត្រូវបានប្រឈមជាដើម។លោកបញ្ជាក់ថា ប្រទេសរបស់លោកកំពុងតែជួបបញ្ហាស្រូវអង្ករ។យ៉ាងណាលោកមកកម្ពុជានេះ គឺដើម្បីធ្វើការសិក្សាលើការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេសរបស់លោកនាពេលអនាគត។

លោក វេង សាខុន បញ្ជាក់បន្ថែមទៅភាគីនៃប្រទេស Sierra Leone ថា កម្ពុជាបច្ចុប្បន្នជាប្រទេសមានសុខសន្តិភាព និងសល់ស្បៀងចំនួន៥,៥ លានតោន សម្រាប់ធ្វើការនាំចេញទៀតផង។

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបន្ថែមថា កម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែលផលិតកម្មទាំងនោះកំពុងតែមានសក្តានុពលធ្វើការវិនិយោគ កែច្នៃ និងនាំចេញ។

កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨ លេខាធិការដ្ឋានច្រកចេញចូលតែមួយបានបង្ហាញរបាយការណ៍ផ្លូវការថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជាបានធ្លាក់ចុះជាង ៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជិត ៣សែនតោន ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានចំនួន ជាង៣ សែនតោន។

ការធ្លាក់ចុះលើការនាំចេញអង្ករពីកម្ពុជានេះ មន្រ្តីក្រសួងកសិកម្មសន្និដ្ឋានថា ដោយសារតែវិស័យឯកជនខ្វះស្រូវកិនជាអង្ករសម្រាប់ការនាំចេញ។

សម្រាប់ទីផ្សារនាំចេញអង្កររបស់កម្ពុជាធំជាងគេ គឺប្រទេសចិន បន្ទាប់មកគឺប្រទេសបារាំង ព្រមទាំងម៉ាឡេស៊ី៕

 

Share

Image
Image
Image