ខេត្តកណ្ដាល៖ មនុស្ស ២នាក់ ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា និង ៣នាក់ទៀតបានបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក នៅភូមិលេខ ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨នេះ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ២ និង៣០នាទី រសៀល មានមនុស្ស ៥នាក់ បាននាំគ្នាជិះនៅលើទូកនៅកណ្ដាលទន្លេបាសាក់ ហើយនៅពេលដែលពួកគេបានជិះចេញពីច្រាំងទន្លេចម្ងាយប្រហែល ៤០ម៉ែត្រ គឺមានខ្យល់បក់បោកខ្លាំងបណ្ដាលអោយទូកលិច និងមនុស្ស ៣នាក់បានបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។
បញ្ជាក់ផងដែរថា អ្នកបាត់ខ្លួន ទី១.មានឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ រិន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ និង៣.ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ ១២ឆ្នាំ ។ ជនរងគ្រោះទាំង ៣នាក់ ជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅភូមិលេខ ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ៕