ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការ KHANA កំពុងរៀបចំក្រមប្រតិបត្ដិស្ដីពីការរាយការណ៍ព័ត៌មាន “ករណីអ្នកញៀនគ្រឿងញៀន”។ ការរៀបចំនេះ គឺក្នុងបំណងឲ្យធ្វើយ៉ាងណាបញ្ចៀសការធ្វើឲ្យជនរងគ្រោះដោយសារគ្រឿងញៀន ក្លាយជាជនរងគ្រោះពីរដង ព្រោះតែការប្រើពាក្យពេចន៍ ដែលក្លាយជាមាក់ងាយ និងរើសអើងចំពោះជនរងគ្រោះដោយសារគ្រឿងញៀន។ ក្រមប្រតិបត្ដិនេះ អាចនឹងចេញជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។
ក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា CCJ និងអង្គការ KHANA កំពុងរៀបចំក្រមប្រតិបត្ដិ ស្ដីពីការរាយការណ៍ព័ត៌មាន ករណីអ្នកញៀនគ្រឿងញៀន។ នេះបើតាមប្រសាសន៍នាយកប្រតិបត្ដិក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល ដែលបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាពិភាក្សាពីក្រមប្រតិបត្ដិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារធាតុញៀន នៅថ្ងៃទី២៩ ខែតុលានេះ។
លោក ឆាយ សុផល បញ្ជាក់ថា ការរៀបចំក្រមប្រតិបត្ដិនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអ្នករាយការណ៍ព័ត៌មាន បែងចែកឲ្យបានដាច់ពីគ្នា ពីអ្នកជូញដូរ និងអ្នកដែលរងផលប៉ះពាល់ដោយសារតែគ្រឿងញៀន។ លោកបន្ដថា នៅក្នុងប្រទេសកម្ពុជា អ្នកញៀនគ្រឿងញៀនមួយចំនួន គឺជាជនរងគ្រោះ ពីព្រោះតែពួកគេអាចចាញ់បោកការលួងលោម ឬក៏ភ្លាំងភ្លាត់ ដោយអចេតនា។ លោកបន្ដថា កាលណាអ្នកសារព័ត៌មានប្រើប្រាស់ពាក្យ ដែលហាក់មានការរើសអើងដល់ជនដែលរងផលប៉ះពាល់គឺគ្រឿងញៀន នោះនឹងធ្វើឲ្យជនរងគ្រោះទាំងនោះ កាន់តែគេចចេញពីសង្គម ហើយនឹងលុងខ្លួនជ្រៅថែមទៀត ៖«អញ្ចឹងហើយបានជាក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការ KHANA រៀបចំនៅសេចក្ដីព្រាងក្រមប្រតិបត្ដិ សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន ហើយមិនមែនជាលើកទីមួយទេ ក្រមប្រតិបត្ដិនេះគឺក្លឹបអ្នកកាសែតកម្ពុជា បានធ្វើរួចទៅហើយលើស្ដ្រី និងកុមារ ហើយនិងអ្នកផ្ទុកមេរោគអេដស៍»។
គោលបំណង នៃក្រមប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងជនរងគ្រោះ នៃសារជាតិញៀន គឺប្រាថ្នាឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ទាំងអស់ទាំងសារព័ត៌មានក្រៅប្រព័ន្ធអ៊ីនធឺណិត (Offline News) និងសារព័ត៌មានក្នុងប្រព័ន្ធអ៊ីនធឺណេត (Online News) ដោយរួមទាំងអ្នកអាន ឬអ្នកធ្វើអត្ថាធិប្បាយព័ត៌មាន និងអ្នកសារព័ត៌មាន ជួយជំរុញសង្គម ឲ្យកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើសារជាតិញៀន ដែលជាជនរងគ្រោះ នៃឥទ្ធិពល ឬការប៉ះពាល់នៃជាតិញៀន។ នៅបណ្ដាប្រទេសមួយចំនួន អ្នកប្រើសារជាតិញៀនត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺ ដែលទាមទារសេវាព្យាបាល និងស្ដារនីតិសម្បទា។
ហេតុដូចនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ និងភាសានៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ដើម្បីកុំឲ្យក្លាយជាការមាក់ងាយ និងការរើសអើងចំពោះពួកគេកាន់តែធ្ងន់ធ្ងរ នាំឲ្យពួកគេកាន់តែឯកោ មិនទទួលបាន ឬក៏ចេញមុខមកទទួលយកសេវាព្យាបាល និងស្ដារនីតិសម្បទា ហើយកាន់តែរងគ្រោះមិនអាចវិលមកសមាហរណកម្មក្នុងសង្គមវិញបាន។
លោក ឆាយ សុផល ប្រាប់ថា ក្រមប្រតិបត្ដិនេះ មិនមែនជាច្បាប់នោះទេ ប៉ុន្ដែវាជាក្រមសីលធម៌ សម្រាប់ឲ្យអ្នកសារព័ត៌មានពិចារណាពីការប្រើប្រាស់ពាក្យពេចន៍ និងភាសា ស្ដីពីអ្នករងផលប៉ះពាល់ករណីគ្រឿងញៀន។ ក្រមប្រតិបត្ដិនេះ អាចនឹងចេញជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ៕