ភ្នំពេញ៖ យុវជនកម្ពុជាបច្ចុប្បន្នកំពុងងាកមកចាប់អារម្មណ៍ទៅលើការគ្រប់គ្រងចំណូលចំណាយលើថវិការជាតិ។ ប្រធានបទនេះ ត្រូវបានយកមកជជែកដេញដោលក្នុងកម្មវិធីដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី ២៧ តុលាឆ្នាំ ២០១៨។
រាយការណ៍ដោយ លោក សោម លាភ
អង្គការតម្លាភាពកម្ពុជា បានបង្កើតកម្មវិធីជជែកដេញដោលពាក់ព័ន្ធនឹងប្រធានបទ ការគ្រប់គ្រងចំណូលចំណាយថវិកាជាតិ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧ តុលា នៅសាលាអន្តរទ្វីបអាមេរិចកាំង។ ក្នុងកម្មវិធីនេះ មានការចូលរួមពីលោក សុខ សំបូរ ប្រធានកម្មវិធីពង្រឹងអំណាចយុវជននៃអង្គការតម្លាភាញកម្ពុជា និងគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុដល់បេក្ខជនដែលមកពីអង្គការ បេក្ខជន បេក្ខនារី និងសាធារណៈជនមួយចំនួន។ សម្រាប់ជុំទីមួយនៃការបើកកម្មវិធីនេះ មានការចូលរួមប្រកួតប្រជែងពីបេក្ខជន បេក្ខនារីចំនួន ៨ ក្រុម ហើយការជជែកលើប្រធានបទនេះទៀតសោត គឺមានភាពផុសផុលយ៉ាងខ្លាំង។
លោក សុខ សំបូរ ថ្លែងមតិបើកម្មវិធីនេះថា ជាការចូលរួមចំណែកធ្វើឱ្យមានតម្លាភាពក្នុងការចាត់ចែងថវិកាជាតិ តាមរយៈការតាមដាន និងចង់ដឹងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។ នាឱកាសនោះផងដែរ លោក សុខ សំបូរ បានបង្ហាញនូវក្ដីសោមនស្សរីករាយជាខ្លាំងចំពោះការចូលរួមរបស់បេក្ខជន តាមរយៈការបង្ហាញភាពក្លាហានរបស់ខ្លួន។
យ៉ាងណា លោក សុខ សំបូរ មានប្រសាសន៍ក្នុងការថ្លែងមតិក្នុងការបើកកម្មវិធីនេះថា ចំណូលរបស់រដ្ឋមានការកើនឡើងជាខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់ខ្លួនលោកផ្ទាល់ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាចង់ដឹងថា តើថវិកាដែលរដ្ឋទទួលបាននោះ មានប្រភពមកពីណា នរណាជាអ្នកបង់ពន្ធ ហើយថវិការនោះត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេច។
លោកបន្ថែមថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ និងជម្រុញការចូលរួមរបស់យុវជនក្នុងការយកចិត្តទុកដាក់ សិក្សាស្វែងយល់ និងជជែកដេញដោលលើបញ្ហាទាំងនេះ។ លោកបន្ថែមថា យុវជន គឺជាអនាគតនៃប្រទេសជាតិ។
សម្រាប់បេក្ខជន និងបេក្ខនារី ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ នឹងទទួលបាលនូវចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធនឹងការជជែកដេញដោល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការកសាងសមត្តភាព ព្រមទាំងជំនាញសម្រាប់យុវជនក្នុងការដោះស្រាយបញ្ហាសំខាន់ៗសម្រាប់ជាតិ។ ប្រធានកម្មវិធីពង្រឹងអំណាចយុវជននៃអង្គការតម្លាភាពកម្ពុជារូបនេះបន្ថែមថា យុវជនអាចក្លាយជាបុគ្គលមានឥទ្ធិពលលើនយោបាយជាតិនាពេលអនាគត។
ពាក់ព័ន្ធនឹងការលើកយកបញ្ហានៃការចាត់ចែងចំណូល និងចំណាយរបស់ថវិកាជាតិ សម្រាប់កម្មវិធីនេះ មានការបែងចែកជាប្រធានបទជាច្រើនសម្រាប់ការជជែកដេញដោល។ តួយ៉ាង ប្រធានបទទាំងនោះរួមមាន៖
ទី ១៖ គឺរាជរដ្ឋាភិបាល គួរតែបែងចែកថវិការជាតិទៅលើការអប់រំបែបវិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា (STEM)។
ទី២៖ គឺរាជរដ្ឋាភិបាល គួរតែបើកទូលាយលើព័ត៌មានអំពីក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។
ទី៣៖ រដ្ឋាភិបាល ក៏គួរតែចំណាយថវិការបន្ថែមដល់ប្រជាជនក្រីក្រ។
ទី៤៖ រាជរដ្ឋាភិបាល គួរតែរៀបចំព័ត៌មានអំពីថវិកាជាតិឱ្យកាន់តែទូលាយ ដល់សាធារណៈជន។
ទី៥៖ រាជរដ្ឋាភិបាល គួរតំឡើងប្រាក់បៀវត្សបន្ថែមសម្រាប់មន្ត្រីរាជការស៊ីវិល។
ទី៦៖ សេចក្ដីព្រាងច្បាប់ថវិការជាតិ គួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈមុននឹងអនុម័ត។
ទី៧៖ រាជរដ្ឋាភិបាលគួរតែបង្កើនរបបលើកទឹកចិត្ត ដើម្បីទាក់ទាញក្រុមហ៊ុនបរទែស មកធ្វើការវិនិយោគនៅកម្ពុជា។
និងទី៨៖ រាជរដ្ឋាភិបាលគួរតែបើកទូលាយព័ត៌មានបន្ថែមទៀតអំពីចំណូល និងចំណាយរបស់ខ្លួន។
តាមរយៈការជជែករបស់យុវជនគ្រប់ក្រុម បានបង្ហាញយ៉ាងច្បាស់ នូវចេតនាថា ថវិការជាតិពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិ ប្រជាពលរដ្ឋ ក៏ដូចជាខ្លួនពួកគេផ្ទាល់ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវតែដឹងអំពីការគ្រប់គ្រងចំណូលចំណាយរបស់ជាតិឱ្យខានតែបាន។
យ៉ាងណាមិញ បេក្ខជនដែលចូលរួមជជែកដេញដោលក្នុងកម្មវិធីនេះបញ្ជាក់ប្រាប់អ្នកសារព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ក្នុងនាមលោកជាប្រពលរដ្ឋកម្ពុជាមួយរូប លោកត្រូវតែដឹងអំពីការប្រើប្រាស់ថវិការជាតិ ដែលលោកក៏ជាអ្នកមានចំណែកក្នុងការបង់ពន្ធជូនរដ្ឋម្នាក់ដែរ។
លោកថា កម្មវិធីនៃការជជែកដេញដោលនេះ បានរៀបចំឡើងដោយមានភាពត្រឹមត្រូវ មានបរិយាកាសល្អ រួមទាំងគណៈកម្មការជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដក្នុងការវាយតម្លៃដាក់ពិន្ទុឱ្យ។ លោកបន្ថែមថា ការជជែកវែកញែកនេះ គឺដោយសីលធម៌ និងមិនលម្អៀងឡើយ។
សម្រាប់ការគ្រប់គ្រងចំណូលចំណាយថវិកាជាតិ ជាតួនាទីរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ សម្រាប់ព្រះតេជគុណ នួន រី ជាបេក្ខជនមួយអង្គដែលចូលរួមក្នុងការជជែកដេញដោលនេះ មានសង្ឃដីការ ពាក់ព័ន្ធនឹងការគ្រប់គ្រងថវិការជាតិថា រដ្ឋាភិបាល គឺមានគោលដៅ និងគម្រោងច្បាស់លាស់ការប្រើប្រាស់ចំណូល និងចំណាយផ្សេងៗ។
នៅពេលដែលអ្នកសារព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាសួរថា តើការជជែកដេញដោលក្នុងកម្មវិធីនេះមានការបិទបាំងនូវសេរីភាពក្នុងបញ្ចេញមតិខ្លះទេ ព្រះតេជគុណ នួន រី មានសង្ឃដីការថា វាអាចជាការបិទខ្លះដែរ។ តែព្រះតេជគុណមានសង្ឃដីការថា ប្រទេសជាតិមួយមិនត្រូវបញ្ចេញនូវបញ្ហាជាតិទាំងអស់នោះ ព្រោះវាអាចជាហេតុធ្វើឱ្យមានការយាយីពីបរទេស។
ពីមុនមក ប្រជាជនកម្ពុជា រួមទាំងយុវជននៃប្រទេសនេះ មិនសូវមានការចាប់អារម្មណ៍ និងចង់ដឹងអំពីបញ្ហានៃការគ្រប់គ្រង ព្រមទាំងចំណូល ក៏ដូចជាការចំណាយថវិការជាតិរបស់រាជរដ្ឋាភិបាលននោះទេ បើទោះបីជាដឹងថាថវិការទាំងអស់នោះ ជាក៏ជាចំណែករបស់ខ្លួនដែលជាពលរដ្ឋមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋក៏ដោយ។
សម្រាប់លោក អ៊ឹម នរិន្ទ មកពីអង្គការតម្លាភាពកម្ពុជា ដែលជាគណៈកម្មការក្នុងការវាយតម្លៃ និងដាក់ពិន្ទុជូនបេក្ខជនក្នុងកម្មវិធីនេះ បានបង្ហាញនូវការអង្កេត ក៏ដូចជាការមើលឃើញពីភាពរីកចម្រើនរបស់បេក្ខជនគ្រប់ក្រុមថា មានការចេះដឹងបន្ថែមពាក់ព័ន្ធនឹងប្រធានបទនេះជាខ្លាំងបន្ទាប់ពីមានការបង្កើតកម្មវិធីនេះឡើង។
លោក អ៊ឹម នរិន្ទ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន គួរតែចូលរួមជជែកពិភាក្សាគ្នាលើប្រធានបទពាក់ព័ន្ធនឹងថវិកាជាតិឱ្យបានច្រើន ព្រោះវាពាក់ព័ន្ធនឹងជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផ្ទាល់។
លោក គណៈកម្មការរូបនេះបញ្ជាក់ថា ការលើកយកប្រធានបទនេះមកជជែកដេញដោលក្នុងកម្មវិធី នឹងចូលរួមមួយចំនែក ក៏ដូចជាសារប្រាប់ទៅរដ្ឋាភិបាលថា យុវជនកំពុងតែចាប់អារម្មណ៍ទៅនឹងបញ្ហាថវិការជាតិនេះជាខ្លាំង។
ពាក់ព័ន្ធនឹងការជជែកដេញដោល លើប្រធានបទនៃការគ្រប់គ្រងចំណូលចំណាយថវិការជាតិនេះ ផ្តោតសំខាន់ទៅលើ ការអប់រំ ការវិនិយោគ និងជាពិសេសគឺការបង្ហាញសារព័ត៌មានជាសាធារណៈដល់ប្រជាពលរដ្ឋ បើទោះបីជាព័ត៌មានវិជ្ជមាន ឬអវិជ្ជមានក្ដី។ ជាក់ស្ដែង បេក្ខជនម្នាក់បានបង្ហាញពីក្ដីព្រួយបារម្ភរបស់ខ្លួនចំពោះការបាត់បង់ព័ត៌មាន ដែលវាជាផលមិនល្អសម្រាប់ប្រជាជនខ្មែរនៅជនបទនោះទេ។
បេក្ខជនម្នាក់នេះបង្ហាញមតិជាសាធារណៈក្នុងការជជែកដេញដោលនោះថា ប្រជាជនជនបទបាត់បង់ដំណឹងនៃការវិនិយោគរបស់ប្រទេសជាតិ ទើបធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងជាដើម។
កាលពីថ្ងៃទី២៧ ខែតុលា គណៈរដ្ឋមន្ត្រីបានសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ក្នុងនោះរដ្ឋាភិបាលបានកំណត់ចំណាយថវិកាជាតិប្រមាណជាង ៦ពាន់លានដុល្លារ ខណៈការចំណាយថវិកាជាតិកាលពីឆ្នាំ ២០១៧ មានប្រមាណ ៥ពាន់លានដុល្លារ។ យ៉ាងណា សេចក្ដីព្រាងច្បាប់ថវិកានេះ នឹងបញ្ជូនទៅរដ្ឋសភា នៅសប្ដាហ៍ទី១នៃខែវិច្ឆិកាខាងមុខ។
សម្រាប់ចំណូលថវិកាជាតិនៅឆ្នាំនេះផងដែរ មានប្រមាណជាង ៥ ពាន់លានដុលា្លរអាមេរិក កើនជាង១០ភាគរយ បើធៀបនឹងឆ្នាំ ២០១៧៕
អត្ថបទដោយ លោក សោម លាភ