ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា មានឆ្លងចរន្ដភ្លើងពីម៉ាស៊ីនដេរឆក់ កម្មការិនី២នាក់ បណ្ដាលឲ្យម្នាក់សន្លប់ និងម្នាក់ទៀតរងរបួសស្រាល។ តាមការបញ្ជាក់ពីប្រធានមន្ទីរការងារខេត្ដកំពង់ស្ពឺ ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់នេះ ម្នាក់កំពុងមានផ្ទៃពោះ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដកំពង់ស្ពឺ បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី២៩ តុលា នេះថា កម្មការិនីទាំងពីរនាក់ ម្នាក់វ័យ ១៩ឆ្នាំបានសន្លប់ភ្លាមៗក្រោយពីកាន់ម៉ាស៊ិនដេរដែលឆ្លងចរន្ដអគ្គិសនី ចំណែកកម្មការិនីម្នាក់ទៀត វ័យ ៣៥ឆ្នាំ ហើយមានផ្ទៃពោះផង មិនបញ្ហាធ្ងន់ធ្ងរនោះទេ គ្រាន់តែស្រាញដៃបន្ដិចតែប៉ុណ្ណោះ។ មកដល់ថ្ងៃនេះកម្មការិនីទាំង ២នាក់នោះ មានអាការធូរស្រាល និងបានចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយ។
មន្ទីរការងារខេត្ដ បានបញ្ជាឲ្យក្រុមហ៊ុនរៀបចំប្រព័ន្ធភ្លើងជាថ្មី ហើយអនុញ្ញាតឲ្យកម្មការិនីទាំងពីរនាក់ឈប់ដោយមិនកាត់ប្រាក់ខែ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា និងចូលធ្វើវិញនៅថ្ងៃទី៣០ ខែតុលា។ លោកប្រធានមន្ទីរការងារ បញ្ជាក់ថា រោងចក្រនេះ មានឈ្មោះថា អេសយ័ន ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ៕