en     km
en     km

ករណី​ពុល​ត្រី​ក្រពត​ ៖​ ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ មាន​អ្នក​ស្លាប់​ចំនួន​ ០២​នាក់​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​ក្រសួងសុខាភិបាល​ បាន​បញ្ជាក់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា​ សរុប​ករណី​ពុល​ត្រី​ក្រពត​ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ មាន​ជន​ងរ​ង​គ្រោះ​ ១១​នាក់​ ហើយ​មាន​អ្នក​ស្លាប់​ចំនួន​ ០២​នាក់​។​ ករណី​ពុល​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ មាន​ជន​រង​គ្រោះ​ ០២​នាក់​ទៀត​ កំពុង​សង្គ្រោះ​បន្ទាន់​។​ មន្ដ្រី​សុខា​ភិ​បា​ខេត្ដ​ រំពឹង​ថា​ អ្នក​ទាំង​ពីរ​ចុង​ក្រោយ​នេះ​ នឹង​បាន​ធូរស្រាល​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​មន្ដ្រី​នាំពាក្យ​ ក្រសួងសុខាភិបាល​ លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថា​ សរុប​ជន​រង​គ្រោះ​ដោយសារ​ការ​ពុល​ត្រី​ក្រពត​សមុទ្រ​ នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ ចន្លោះ​ពី​ថ្ងៃ​ទី​២៥-២៧​ ខែតុលា​ មាន​ជន​រង​គ្រោះ​ចំនួន​ ១១​នាក់​ ហើយពីរ​នាក់​ក្នុង​ចំណោម​នេះ​បាន​ស្លាប់​។​

​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ដ្រី​មន្ទីរ​សុខាភិបាល​ខេត្ដ​ព្រះ​សីហ​នុ​ ទទួល​បន្ទុក​ឆ្លើយ​តប​បន្ទាន់​ លោក​ អៀម​ សុខ​ពី​នី​បាន​បញ្ជាក់​ថា​ គិត​ថា​ពី​ថ្ងៃ​ទី​២០-២៥​ ខែតុលា​ មាន​ពលរដ្ឋ​ចំនួន​ ១០​នាក់​បាន​ពុល​ត្រី​ក្រពត​សមុទ្រ​ ហើយ​មាន​កុមារី​ម្នាក់​បាន​ស្លាប់​ ខណៈ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ម្សិលមិញ​ ជន​រង​គ្រោះ​ទាំង​ ០៩​នាក់​ ០៧​នាក់​មាន​អាការ​ធូរស្រាល​ ខ្លះ​បាន​ចេញពី​ពេទ្យ​ និង​ខ្លះ​ទៀត​នៅ​ព្យាបាល​បន្ដ​ នៅ​សល់​តែ​ ០២​នាក់​ទៀត​តែ​ប៉ុណ្ណោះ​ ដែល​អាការ​នៅ​ធ្ងន់ធ្ងរ​នៅឡើយ​។​

​មន្ដ្រី​ មន្ទីរ​សុខាភិបាល​រូប​នេះ​បន្ដ​ថា​ បើ​ទោះជា​អាការ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ នៅ​មិន​ទាន់​បាន​ធូរស្រាល​ល្អ​ក៏​ពិតមែន​ ប៉ុន្ដែ​បើ​តាម​បទ​ពិសោធ​ព្យា​ល​បាល​ អ្នក​ពុល​ត្រី​ក្រពត​សមុទ្រ​កន្លង​មក​ លោក​បញ្ជក់​ថា​ ពួក​គាត់​ទាំង​ពីរ​នាក់​នេះ​ អាច​នឹង​បាន​ធូរស្រាល​វិញ​ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​ ៖«​ខ្ញុំ​សង្ឃឹមថា​ អ្នក​ដែល​ពីរ​នាក់​ហ្នឹង​គាត់​នឹង​អាច​ធូរស្បើយ​ ព្រោះ​បើ​យើង​គិត​ទៅ​ ថ្ងៃ​ទី​២៥​ គាត់​អាច​លើស​ពី​មួ​យស​ប្ដា​ហ៍​ ទើប​គាត់​អាច​ជា​ចេញ​វិញ​បាន​»​។​

​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​នៅឡើយ​នេះ​ ម្នាក់​ឈ្មោះ​ វន​ ថេ​ន​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហង្ស​ សុភា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​។​ ជន​រង​គ្រោះ​ទាំង​ពីរ​រូប​នេះ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ឆ្នាំង​។​ ក្រុម​ជន​រង​គ្រោះ​ទាំង​ ១០​នាក់​ នេះ​គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​នៅ​ខេត្ដ​ផ្សេង​ ហើយ​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ ទើប​ពួក​គាត់​មិន​បានដឹង​ថា​ ត្រី​ក្រពត​សមុទ្រ​ពុល​។​

​ដោយឡែក​ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​ នៅ​ខេត្ដ​ខេត្ដកោះកុង​ឯណោះ​វិញ​ គឺ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ស្ថិត​ក្នុងភូមិ​១​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ដែល​បណ្ដាល​ឲ្យ​បុរស​វ័យ​ ៥៨​ឆ្នាំ​ម្នាក់​បាន​ស្លាប់​។​ លោក​ សំ​ឃិ​ត​ វៀន​ ស្នងការ​នគរបាល​ខេត្ដកោះកុង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ បុរស​ដែល​ស្លាប់​នោះ​មានឈ្មោះ​ ខៀវ​ ទិ​ត​ មុខរបរ​ជា​កម្មករ​សំណង់​ ស្រុក​កំណើត​នៅ​ខេត្ដកំពង់ធំ​។​ លោកស្នងការ​បន្ដ​ថា​ ក្រោយ​ពី​ការ​ពិនិត្យ​ រួម​និង​ចម្លើយ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ បុរស​ខាងលើ​នេះ​ពិតជា​ស្លាប់​ដោយសារ​ករណី​ពុល​ត្រី​ក្រពត​សមុទ្រ​ពិតមែន​។​

​តែ​យ៉ាងណា​លោកស្នងការ​បញ្ជាក់​ថា​ បុរស​រង​គ្រោះ​ ក៏​បានដឹង​ថា​ ត្រី​ក្រពត​សមុទ្រ​នេះ​ពុល​ដែរ​ ព្រោះ​មុន​ថ្ងៃ​ដែល​បុរស​រង​គ្រោះ​ស្លាប់​ មួយ​ថ្ងៃ​ មិត្រ​របស់​គាត់​ម្នាក់​ គឺ​បាន​ពុល​ត្រី​ក្រពត​នេះ​ ប៉ុន្ដែ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ​ ៖«​តាម​ពិត​ត្រី​ហ្នឹង​គឺ​មិនមែន​គាត់​ជា​អ្នកនេសាទ​បាន​ទេ​ មិត្ដ​របស់​គាត់​គឺជា​អ្នកនេសាទ​បាន​ ហើយ​មុន​និង​មួយ​ថ្ងៃ​មិត្រ​របស់​គាត់​ក៏​ហូប​ដែរ​។​ គាត់​យក​មក​អាំង​ហូប​ ប៉ុន្ដែ​ពុល​អត់​ដល់​ថ្នាក់​ស្លាប់​ទេ​ព្រោះ​គាត់​ហូប​តិច​ ហើយ​ក្រោយមក​រំលង​បាន​មួយ​ថ្ងៃ​គេ​នេសាទ​បាន​ គេ​យក​ទៅ​បោះចោល​ តែ​គាត់​ទៅ​រើស​យក​មក​ដើម្បី​អាំង​ពិសារ​ ហើយ​គេ​ប្រាប់​គាត់​ដែរ​ថា​ កុំ​យក​មក​ហូប​ខ្លាច​វា​ពុល​ ប៉ុន្ដែ​ដោយ​អត់​ជឿ​អី​យ៉ាងម៉េច​ក៏​មិនដឹង​»​។​

​យ៉ាងណា​នៅ​ខេត្ដកោះកុង​ ករណី​ពលរដ្ឋ​ពុល​ត្រី​ក្រពត​នេះ​ ក៏​តែងតែ​កើត​មាន​ជា​រឿយៗ​ដែរ​ បើ​ទោះជា​មានការ​ផ្សព្វផ្សាយ​ ហាមប្រាម​ការ​បរិភោគ​ត្រី​នេះ​ក៏​ដោយ​។​ លោក​ សំ​ឃិ​ត​ វៀន​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ពិសេស​អ្នក​ចំណាកស្រុក​ពី​ខេត្ដ​ចូល​ទៅ​ក្នុង​ខេត្ដកោះកុង​ សូមកុំ​បរិភោគ​ត្រី​ក្រពត​សមុទ្រ​ ព្រោះ​ត្រី​នេះ​មាន​ជាតិពុល​ខ្លាំង​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ស្លាប់​ភ្លាមៗ​ ប្រសិនបើ​បរិភោគ​ត្រី​នេះ​ក្នុង​ចំនួន​ច្រើន​។​

​នៅ​ប្រទេស​កម្ពុជា​គិត​ពី​ឆ្នាំ​២០០០​មក​ ពលរដ្ឋ​កម្ពុជា​ តែងតែ​ពុល​ត្រី​នេះ​ជា​រឿយៗ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ កាលពី​ខែមករា​ មាន​ពលរដ្ឋ​នៅ​ខេត្ដកោះកុង​ ម្នាក់​បាន​ស្លាប់​ និង​ ៩​នាក់​ផ្សេង​ទៀត​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ពី​បរិភោគ​ត្រី​ក្រពត​សមុទ្រ​។​ ដោយឡែក​ក្នុង​មេ​សា​ មាន​ពលរដ្ឋ​នៅ​ខេត្ដសៀមរាប​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​។​

​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ា​ន់​ បញ្ជាក់​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ត្រី​ក្រពត​ ចំនួន​ ១០​ប្រភេទ​ ក្នុង​នោះ​មាន​ ០៥​ប្រភេទ​ មាន​ជាតិពុល​។​ លោក​អំពាវនាវ​សុំ​កុំ​ឲ្យ​បរិភោគ​ត្រី​ក្រពត​ណា​ដែល​មិន​ស្គាល់​ ព្រោះ​វា​អាច​ចំ​ត្រី​ក្រពត​មាន​ជាតិពុល​ក្នុង​ខ្លួន​។​ ជាតិពុល​ក្នុង​ខ្លួន​ត្រី​ក្រពត​នេះ​ មិន​អាច​កំចាត់​ចោល​បាន​ទេ​ បើ​ទោះជា​បាន​ច​ម្អិ​ត​ដោយ​ប្រើ​កម្ដៅ​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។​ ត្រី​ក្រពត​ ទាំង​ប្រាំ​ប្រភេទ​ ដែល​មាន​ជាតិពុល​នេះ​ គឺ​មាន​សក្កា​នុ​ពល​ខ្ពស់​ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ស្លាប់​បាន​ ដោយសារ​តែ​ជាតិពុល​របស់​វា​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល​។​

​លោក​ វេជ្ជបណ្ឌិត​ បញ្ជាក់​ទៀត​ថា​ ចំពោះ​ជាតិពុល​នៅ​ក្នុង​ខ្លួន​ត្រី​ក្រពត​ ក៏​មាន​កម្រិត​ខុស​គ្នា​ដែរ​ គឺ​ពង​ និង​ស្ពែ​ម​ របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ​ បន្ទាប់​មក​គឺ​ថ្លើម​ ពោះវៀន​ ស្បែក​ និង​សាច់​។​ រោគ​សញ្ញា​នៃ​អ្នក​ដែល​ពុល​ត្រី​ក្រពត​ គឺ​នឹង​ចាប់ផ្ដើម​ក្នុង​រយៈពេល​ពី​ ២០​នាទី​ ទៅ​ ២​ម៉ោង​ បន្ទាប់​ពី​បរិភោគ​ត្រី​នេះ​ចូល​ទៅ​។​ រោគ​សញ្ញា​ នៃ​ការ​ពុល​រួម​មាន​ រមាស់​ចាក់ៗ​ នៅ​បបូរមាត់​ និង​មាត់​ បន្ទាប់​មក​មាន​អាការ​ ឈឺក្បាល​ វិលមុខ​ រមាស់​ចាក់ៗ​នៅ​អវៈយវៈ​ ពិបាក​និយាយ​ បាត់​លំនឹង​ខ្លួន​ ខ្សោយ​សាច់ដុំ​ ខ្វិន​ ស្ពឹក​ចុងដៃ​ ចុងជើង​ ក្អួត​ រាក​ ល្ហិតល្ហៃ​ រឹង​ថ្ពា​ម​ ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។​

​ជាមួយ​គ្នា​នេះ​លោក​វេជ្ជបណ្ឌិត​ ប្រាប់​ថា​ នៅ​ក្នុង​ករណី​ដែល​ពុល​ខ្លាំង​ ការ​ស្លាប់​អាច​បណ្ដាល​មក​ពី​ការ​ស្ទះ​ (​ខ្វិន​)​ ផ្លូវដង្ហើម​។​ តែ​យ៉ាងណា​ ក្រោយ​ពី​ដឹង​ថា​ពុល​គឺ​ភ្លាមៗ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នកជំងឺ​ក្អូ​ត​ (​ប្រសិនបើ​អាច​ធ្វើ​បាន​)​ ព្រោះ​វា​អាច​ជួយ​បញ្ចេញ​ជាតិ​ពី​ក្នុង​ខ្លួន​អ្នកជំងឺ​បាន​មួយ​ចំណែក​។​ តែ​យ៉ាងណា​ជា​ចាំបាច់​គឺ​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត​ ហើយ​បញ្ជាក់​ប្រាប់​គ្រូពេទ្យ​ ថា​ អ្នកជំងឺ​បាន​បរិភោគ​ត្រី​ក្រពត​៕

Share

ព័ត៌មានទាក់ទង

Image