ភ្នំពេញ ៖ ការប្រកាសជ័យលាភី ប្រកួតប្រជែងផលិតភាពយន្ដខ្នាតខ្លីស្ដីពី មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល កាលពីថ្ងៃទី២៧ ខែតុលាម្សិលមិញ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានប្រគល់ជ័យលាភីលេខ ១ លើខ្សែភាពយន្ដខ្នាតខ្លី ដែលមានចំណងជើងថា “បន្ទប់ជួល”។ គណៈកម្មការវាយតម្លៃបញ្ជាក់ថា ការផ្ដល់ពិន្ទុគឺផ្អែកលើអត្ថន័យ បច្ចេកទេសថត ភាពស៊ីសង្វាក់គ្នា ដែលស្ដែងចេញពីទិដ្ឋភាពពិត នៃខ្លឹមសាររឿង។ យ៉ាងណាគណៈកម្មការលើកទឹកចិត្ដ អ្នកមិនបានជាប់កុំបាក់ទឹកចិត្ដ ហើយត្រៀមចូលរួមប្រកួតភាពយន្ដខ្នាតខ្លីនេះ នៅឆ្នាំបន្ដបន្ទាប់ទៀត។
លោក លៀ ស៊ីណា រាយការណ៍ ៖
កម្មវិធីប្រកួតភាពយន្ដខ្នាតខ្លី ដែលរៀបចំឡើងដោយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហៅកាត់ថា ACF នេះ គឺជាលើកទី២ហើយនៅឆ្នាំ២០១៨ ដែលលើកទី១ គឺធ្វើឡើងកាលពីចុងឆ្នាំ២០១៧។ នៅរដូវកាលទី២នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល វាយតម្លៃថា ការថតរបស់យុវជនគឺកាន់តែល្អប្រសើរជាងមុន ទាំងបច្ចេកទេសថត រូបភាព ទីតាំង ពន្លឺ និងការសម្ដែង និងមួយវិញទៀតស្របទៅប្រធានបទដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដាក់ឲ្យ។
ភាពយន្ដខ្នាតខ្លីដែល មូលនិធិក្រមប្រឹក្សាអាជ្ញាកណ្ដាល ជ្រើសយកមកវគ្គចុងក្រោយនេះ មានចំនួន ០៦ ដើម្បីធ្វើការដាក់បញ្ចាំងឲ្យអ្នកចូលរួមបានទស្សនា។ ក៏ប៉ុន្ដែគឺមានតែ ៥ភាពយន្ដតែប៉ុណ្ណោះ ដែលទទួលបានរង្វាន់ពីកម្មវិធី នៅក្នុងនោះមានពីលេខ ១ ដល់លេខ ៣ និងពីរភាពយន្ដទៀត ទទួលបានរង្វាន់លើកទឹកចិត្ដ។
ឆ្លងកាត់តាមការវាយតម្លៃ លោកស្រី អ៊ួង ចាន់ថុល នាយកបច្ចេកទេស នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាគណៈកម្មការមួយរូប នៅក្នុងចំណោមគណៈកម្មការផ្សេងៗទៀត មានប្រសាសន៍ថា ភាពយន្ដខ្នាតខ្លីដែលមានចំណងជើងថា “បន្ទប់ជួល” ត្រូវបានគណៈកម្មការឯកភាពថា គឺស្របទៅតាមលក្ខខណ្ឌដែលបានកំណត់។ ក្រៅតែពីបំពេញលក្ខខណ្ឌដែលបានកំណត់ហើយ ភាពយន្ដនេះ បានធ្វើឲ្យមានការទាក់អារម្មណ៍ និងមានជំនឿលើការដោះស្រាយវិវាទការងារ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ៖«សម្រាប់ខ្ញុំពេលដែលខ្ញុំ (ពិនិត្យមើល) គិតថា បើសិនណាខ្ញុំជាអ្នកមើលវិញ ពេលមើលចប់ខ្ញុំជឿជាក់លើយន្ដការអាជ្ញាកណ្ដាលហ្នឹងអត់? ប្រើអត់? ហ្នឹងជាសំណួរដែលខ្ញុំចង់ដឹងជាងគេ ហើយតាំងពីសម្លៀកបំពាក់អ្វីអស់ហ្នឹង គឺយើងមើលទាំងអស់សព្វគ្រប់ទាំងអស់។ យើងឃើញភាពយន្ដទី១ហ្នឹងល្អ មានន័យខ្លឹមសារល្អ វាមិនល្អឥតខ្ចោះទេ វានៅមានបន្ដិចបន្ដូចដែរ ព្រោះគ្នាក្មេងៗ ហើយអត់ទាន់មានបទពិសោធច្រើនឆ្នាំ។ ប៉ុន្ដែយ៉ាងណាខ្ញុំសប្បាយចិត្ដ ហើយឃើញល្អខ្លាំងមែនទែន»។
ម្ចាស់ជ័យលាភីលេខ ១នេះ គឺលោក អុន ភានិត បានប្រាប់ឲ្យដឹងថា លោកធ្លាប់បានចូលប្រកួតកម្មវិធីនេះកាលពីឆ្នាំមុនម្ដង ក៏ប៉ុន្ដែមិនបានជាប់នោះទេ។ តែយ៉ាងណាលោកមិនបានបោះបង់ការខិតរបស់ខ្លួនចោលឡើយ បើទោះជាមានការលំបាកខ្លាំង ក្នុងស្វែងរកប្រភពថវិកា ដើម្បីយកមកប្រើប្រាស់ ក្នុងការផលិតភាពយន្ដនេះក៏ដោយ។ ជោគជ័យលោកថ្ងៃនេះ គឺបានមកពីការខិតខំ ផ្សំនិងក្ដីស្រឡាញ់ផ្នែកខាងផលិតខ្សែភាពយន្ដនេះ។
ទាក់ទិននិងការដាក់ចំណងជើងភាពយន្ដនេះថា “បន្ទប់ជួល” លោក ភានិត បញ្ជាក់ថា គឺជាការឆ្លុះបញ្ចាំងតថភាពពិតនៅក្នុងសង្គម ដែលម្ចាស់ផ្ទះមួយចំនួន តែងតែប្រើសម្ដីអាក្រក់ដាក់កម្មករ និងមិនដែលខ្វល់ខ្វាយពីទុក្ខលំបាករបស់កម្មករឡើយ ហើយគិតតែផលប្រយោជន៍ខ្លួន តែមួយមុខប៉ុណ្ណោះ។ ខ្សែភាពយន្ដខ្នាតខ្លីនេះ លោករំពឹងថា ម្ចាស់ផ្ទះជួលដែលធ្លាប់តែមានកិរិយាបែបនេះ នឹងផ្លាស់ប្ដូរ ហើយកម្មករ បានដឹងពីកន្លែងផ្ដល់សេវាដោះស្រាយវិវាទការងារ ដែលអាចជឿជាក់បាន និងមិនចំណាយប្រាក់ ៖«បាទសម្រាប់ខ្ញុំ ខ្ញុំចង់សំណូមពរទៅដល់កម្មករទាំងអស់ នៅពេលដែលមានបញ្ហា ដូចដែលរឿងខ្ញុំបានផលិតហ្នឹង គឺចង់ឲ្យគាត់កុំ មានដូចថា មានកូនចិត្ដមួយថា នឹងធ្វើបាតុកម្មដើម្បីបានដំណោះស្រាយ គឺធ្វើអញ្ចឹងគឺអត់ល្អទេ។ យើងគួរតែទៅរកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាឱកាសមួយដ៏ល្អដែលគាត់នឹងជួយដោះស្រាយឲ្យយើងបានដោយសន្ដិវិធី»។
លោក ភានិត លើកទឹកចិត្ដដល់អ្នកដែលមិនបានជាប់ ឲ្យខិតខំបន្ដទៀត ដើម្បីឲ្យវិស័យភាពយន្ដខ្មែរកាន់តែរីកចម្រើនទៅមុខ។ បន្ថែមពីនេះលោកចែករំលែកបទពិសោធថា ដើម្បីផលិតខ្សែភាពយន្ដមួយឲ្យបានល្អ គឺសំខាន់បំផុតត្រូវស្វែងយល់អំពីប្រធានបទឲ្យបានច្បាស់ រកតួសម្ដែងឲ្យសមនិងសាច់រឿង។
សូមជម្រាបថា ការរៀបចំឲ្យមានកម្មវិធីប្រកួតផលិតភាពយន្ដខ្នាតខ្លីនេះឡើង ពីព្រោះតែក្រុមប្រឹក្សាអាជ្ញាកណ្ដាលជឿជាក់ថា វាមានអត្ថប្រយោជន៍ច្រើនក្នុងការផ្ដល់ព័ត៌មានទៅគ្រប់ទីកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករ កម្មការិនី និយោជិត និងថៅកែនិយោជក បានដឹងកាន់តែច្បាស់ពីកន្លែងផ្ដល់សេវា ដោះស្រាវិវាទការងាររួម ជូនពួកគេដោយឥតបង់ថ្លៃ ឯករាជ្យ និងតម្លាភាព។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯរាជ្យត្រីភាគី ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ដោយមានការឧបត្ថម្ភពីអង្គការអន្ដរជាតិខាងការងារ និងដោយមានកិច្ចសហការជាមួយក្រសួងការងារ និយោជក និងសហជីព នៅក្នុងគោលបំណងដោះស្រាយវិវាទការងាររួមជូនកម្មករ និយោជិត និងថៅកែនិយោជក។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដោយមានអំណាចយ៉ាងទូលំទូលាយក្រោមច្បាប់ស្ដីពីការងារ និងប្រកាសពាក់ព័ន្ធ ដែលក្រសួងការងារបានចេញ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នតែមួយដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលផ្ដល់សេវាដោះស្រាយវិវាទការងាររួមដោយមិនគិតថ្លៃ៕