ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)បង្ហាញថា អត្រាមិនទទួលបានមធ្យោបាយពន្យារកំណើតរបស់ស្ត្រីវ័យក្មេងនៅទីជនបទមានកំណើនខ្ពស់ តែអត្រាលទ្ធភាពមានកូនមានការថយចុះ។ មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ស្ត្រីវ័យក្មេងនៅជនបទប្រឈមនឹងបញ្ហាសុខភាពបន្តជូពក្រោយមានផ្ទៃពោះ ព្រោះពួកគាត់មានចំណេះដឹងនៅមានកម្រិត។
ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) នៅព្រឹកថ្ងៃទី ២៦ ខែ តុលានេះ បង្ហាញថា ស្ត្រីកម្ពុជាកាន់តែច្រើនឡើងចាប់ផ្តើមមានទំនោរយកកូនតិច ប៉ុន្តែស្ត្រីវ័យក្មេងរស់ទីជនបទនៅតែប្រឈមមុខនឹងបញ្ហាសុខភាពបន្តពូជដោយសារ ពួកគាត់មានផ្ទៃពោះទាំងវ័យក្មេង។ ស្ត្រីវ័យក្មេងយ៉ាងតិចម្នាក់ក្នុងចំណោម ៨នាក់បានក្លាយជាម្តាយទាំងវ័យក្មេង។
របាយការណ៍(UNFPA)ក្រោមចំណងជើងថា«សិទ្ធិក្នុងការជ្រើសរើសលើបញ្ហាសុខភាពបន្តពូជ និងបម្រែបម្រួលប្រជាសាស្ត្រ» ពន្យល់ថា នៅពេលស្រី្តមានសិទ្ធិក្នុងការសម្រេចចិត្តដោយឯករាជ្យ ដើម្បីពន្យារពេលមានកូន មានន័យថា ពួកគាត់អាចថែទាំសុខភាពគាត់បានល្អ ហើយការរៀបចំផែនការការងារជាមុនបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ផ្ទុយមកវិញប្រសិនបើសិទ្ធិស្ត្រីត្រូវបានរឹតត្បឹតក្នុងការសម្រេចចិត្តមានកូន ពួកគាត់អាចនឹងប៉ះពាលដល់សុខភាពបន្តពូជ សេដ្ឋកិច្ចគ្រួសារនិងសង្គម។
លោកស្រី រីហ្សវីណា ឌឺអាល់វីល (Rizvina De Alwis) តំណាងរបស់(UNFPA)ប្រចាំនៅកម្ពុជាបានថ្លែងថា ស្របពេលអត្រាលទ្ធភាពមានកូននៅកម្ពុជាធ្លាក់ចុះ តែអត្រាពុំទទួលបានសេវាពន្យារកំណើតកើនឡើងខ្ពស់ប្រមាណ ១២ , ៥ ភាគរយ។ លោកស្រីថ្លែងបន្តថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាអាចកាត់បន្ថយអត្រាមិនទទួលបានមធ្យោបាយពន្យារកំណើត នៅពេលនោះ បញ្ហាសុខភាពបន្តពូជរបស់ស្ត្រីនឹងត្រូវបានកាត់បន្ថយ។
លោកស្រី រីហ្សវីណា បន្ថែមថា ស្ត្រីវ័យក្មេងកម្ពុជានៅតែប្រឈមនឹងបញ្ហាសុខភាពបន្តពូជ ព្រោះយ៉ាងតិចស្ត្រីវ័យក្មេងម្នាក់ក្នុងចំណោមស្ត្រី ៨ នាក់ បានក្លាយជាម្តាយទាំងវ័យក្មេង ឬពួកគាត់កំពុងពពោះ ជាពិសេសស្ត្រីរស់នៅតាមទីជនបទ។
លោកស្រី ពន្យល់ថា កាលណាស្ត្រីពុំទទួលបានមធ្យោបាយពន្យារកំណើតស្ត្រីវ័យក្មេងទាំងនោះនឹងអាច មានកូនមិនតាមបំណងប្រាថ្នាដែលនាំឱ្យប៉ះពាល់ដល់សុខភាពម្តាយនិងទារក។ ម្យ៉ាងទៀតស្ត្រីវ័យក្មេងទាំងនោះអាចនឹងប្រឈមមុខនឹងបោះបង់ការសិក្សា។ ជាពិសេសស្ត្រីទាំងនោះនឹងបាត់បងអំណាចក្នុងការសម្រេចចិត្ត ដើម្បីកំណត់ចំនួនកូន និងការៀងបចំផែនការគ្រួសារ។
លោកស្រី រីហ្សវីណា ឌឺអាល់វីល៖ «ចាស ប្រទេសកម្ពុជាយើងមានកំពុងប្រឈមមុខនឹងបញ្ហាការមានផ្ទៃពោះនៅវ័យក្មេង ឬក៏ស្ត្រីវ័យក្មេងមានកូនជាលើកដំបូងរួចទៅហើយ ពីព្រោះពួកគាត់ ពុំទាន់ទទួលបានព័ត៌មានជុំវិញអំពីបញ្ហាសុខភាពបន្តពូជ ឬពុំទាន់ទទួលបានមធ្យោបាយពន្យារកំណើត»។
របាយការណ៍របស់(UNFPA)បញ្ជាក់ថា ស្ត្រីកម្ពុជាកាន់ច្រើនឡើងមានទំនោរយកូនតិច។ មន្ត្រីរដ្ឋាភិបាលយល់ថា ស្ត្រីមានកូនតិចជាការល្អ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
លោក ប៉ូច ប៊ុនណាក់ អនុរដ្ឋលេខាធិការនៃក្រសួងផែនការថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះថា លោកទទួលស្គាល់ស្ត្រីរស់នៅទីជនបទភាគច្រើនបានរៀបការទាំងនៅវ័យក្មេងដោយសារចំណេះដឹងរបស់ពួកគាត់នៅមានកំរិត។ ទោះបីយ៉ាងណា លោក ប៉ូច ប៊ុនណាក់ ពន្យល់ថា តាមតូរលេខរបស់ក្រសួផែនការរកឃើញថា ស្ត្រីជាមធ្យមមានកូនយ៉ាងតិចបីនាក់។
លោក ប៉ូច ប៊ុនណាក់៖«និន្នាការរបស់យើងជាពិសេសស្ត្រីដែលនៅវ័យក្មេងនៅជនបទ បន្ទាប់ពីរៀបការហើយ ភាគច្រើនគាត់មានកូនភ្លាមតែម្តង់ កន្លែងនេះជាកន្លែងដែលយើងគួរពិនិត្យមើលដែរធ្វើយ៉ាងណាបន្ទាប់ពីអាពាហ៍ពិពាហ៍ហើយកក្នុងចំណោមគ្រួសារទើបរៀបការហើយ វ័យក្មេងថាតើគួរតែផ្តល់ជម្រើសសម្រាប់ពួកគាត់ជ្រើសរើសក្នុងការពន្យាមានកូនបន្តិចសិនឬយ៉ាងម្ត៉េច នោះជាជម្រើសរបស់គាត់តែយើងគ្រាន់តែពិនិត្យមើលលទ្ធភាពផ្តល់ជូនធ្វើសេចក្តីសម្រេច»។
លោក ប៉ូច ប៊ុនណាក់ អនុរដ្ឋលេខាធិការនៃក្រសួងផែនការមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិគ្រប់គ្រាន់ដល់គូស្វាមីភរិយាក្នុងការសម្រេចចិត្តក្នុងយកកូនតាមការចង់បានរបស់ពួកគេ ប៉ុន្តែពួកគាត់ត្រូវធានាថា លទ្ធភាពក្នុងការចិញ្ចឹមបីបាច់កូនបានល្អ និងសមរម្យ។លោកប៉ុនណាក់ បន្តថា ចំពោះច្បាប់កម្ពុជាពុំអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍នៅអាយុក្រោម ១៨ ឆ្នាំទេ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅឆមាសទី១ ដើមឆ្នាំ ២០១៨ បង្ហាញថា អត្រាពន្យាកំណើតរបស់ស្ត្រីមានកើនឡើងខ្ពស់ជាងឆ្នាំមុន។ ក្នុងរបាយការណ៍នេះ បញ្ជាក់ថា ស្ត្រីសម្រាលកូនក្នុងឆមាសទី១ ឆ្នាំ មានការថយចុះជាង ២ម៉ឺននាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅពាក់កណ្តាលឆ្នាំនេះ ស្ត្រីសម្រាលកូនមានចំនួនជាង ១៣ ម៉ឺននាក់ ខណៈដែលស្ត្រីសម្រាលកូនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានចំនួន ១៥ ម៉ឺននាក់៕