en     km
en     km

កម្ពុជា​-​តួ​ក​គី​ ចុះ​អនុស្សរណៈ​ស្ដី​ពី​កិច្ច​សហប្រតិបត្ដិការ​ កម្ចាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ អាជ្ញាធរ​មីន​កម្ពុជា​ CMAA​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​តួ​ក​គី​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ ស្ដី​ពី​កិច្ច​សហប្រតិបត្ដិការ​រវាង​អាជ្ញាធរ​មីន​កម្ពុជា​ ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ និង​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​មីន​តួ​ក​គី​។​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ របស់​អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២២​ ខែតុលា​។​

​សេចក្ដីថ្លែងការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា​ អនុស្សរណៈ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សម្ដេច​ ហ៊ុន​ សែន​ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​តួ​ក​គី​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​។​ អាជ្ញាធរ​មីន​កម្ពុជា​ បញ្ជាក់​ថា​ ការ​ចុះ​អនុស្សរណៈ​នេះ​ គឺជា​ការ​ផ្ដល់​ទំនុក​បន្ថែម​ទៀត​ដល់​កម្ពុជា​ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​យុទ្ធសាស្ដ្រ​ “​ឆ្ពោះទៅ​រក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ ឆ្នាំ​២០២៥”​។​ អាជ្ញាធរ​មីន​កម្ពុជា​ សង្កត់ធ្ងន់​ថា​ បើ​ទោះបីជា​កម្ពុជា​ បាន​ខិតខំ​ប្រឹងប្រែង​បោ​សម្អាត​មីន​ ចាប់តាំងពី​ឆ្នាំ​១៩៩២​ មក​ក្ដី​ ក៏​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ នៅ​តែ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅឡើយ​។​

​អាជ្ញាធរ​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAA​ បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រឹត្យ​លេខ​ ១៧៧​ នៅ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០០០​ និង​បាន​ប្រគល់​សិទ្ធិ​ដើម្បី​គ្រប់គ្រង​ តាមដាន​និង​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​ អាជ្ញាធរ​មីន​ គឺជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​បេសកកម្ម​ដឹកនាំ​ និង​គ្រប់គ្រង​វិស័យ​កិច្ច​ប្រតិបត្ដិការ​សកម្មភាព​មីន​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោលដៅ​ជំរុញ​ ចលនា​បោសសម្អាត​មីន​ ការ​ប្រើប្រាស់​ជំនួយ​ និង​ការ​បែងចែក​ដីធ្លី​ ដែល​បាន​បោសសម្អាត​មីន​រួច​ហើយ​ ឲ្យ​មាន​សុវត្ថិភាព​ ប្រិ​សិទ្ធ​ភាព​ និង​តម្លាភាព​ ព្រមទាំង​សម្រួល​កិច្ច​ប្រតិបត្ដិការ​រវាង​បណ្ដាល​ប្រតិបត្ដិ​ករ​ទាំងអស់​៕

Share

Image
Image
Image