ភ្នំពេញ៖ រដ្ឋសភាកម្ពុជានិងរដ្ឋភាកុម្មុយនីស្តវៀតណាមបន្តពង្រឹងសហប្រតិបត្តិការជាមួយគ្នាលើការតាក់តែងច្បាប់ និងលើវិស័យផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាកម្ពុជាចុះថ្ងៃទី ២៦ តុលានេះ។
លោក សោម លាភ រាយការណ៍ជូនព័ត៌មាននេះ!
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញនូវគោលជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ ធ្វើឡើងក្រោយពេលមានការស្នើសុំពីភាគីវៀតណាម មកប្រធានរដ្ឋសភាកម្ពុជា។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយរវាងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន ជាមួយនឹងប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម គឺលោកស្រី ជុង ធីម៉ាយ នៅថ្ងៃទី ២៦ តុលានេះ នៅវិមានរដ្ឋសភានៃកម្ពុជា។
នាជំនួបនោះ លោកស្រី ជុង ធីម៉ាយ (Truong Thi Mai) បានស្នើសុំសម្តេច ហេង សំរិន ឱ្យបន្តកិច្ចសហប្រតិបត្តិការជារវាងរដ្ឋសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាមបន្ថែមទៀត ក្នុងអាណត្តិទី៦នៃរដ្ឋសភាកម្ពុជា។
ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍នេះ ភាគីទាំងពីរបានសន្យាធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្នុងការតាក់តែងច្បាប់ជាដើម ដើម្បីបម្រើផលប្រយោជន៍ ប្រជាជន និងប្រទេសទំាងពីរ។
នាឱកាសនោះ លោកស្រី ជុង ធីម៉ាយ បានសាទរលើជ័យជំនះក្នុងការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៩កក្កដាកន្លងមក។ អ្នកស្រីបន្ថែមថា រាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា បានកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនៃប្រទេសនេះយ៉ាងពិតប្រាកដ។
លោកស្រី បានសរសើរពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជាដែលបានមកពីការដឹកនាំដោយស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រមទាំងព្រឹទ្ធសភាកម្ពុជា។
ជាការឆ្លើយតប សម្ដេច ហេង សំរិន បានគាំទ្រចំពោះការលើកកម្ពស់កិច្ចសហការនេះឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។
សម្ដេច ហេង សំរិន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ជុង ធីម៉ាយ មកកម្ពុជានេះ ជាការចូលរួមចំណែកក្នុងការបន្តបណ្ដុះចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាងបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទំាងពីកាន់តែរឹងមាំថែមទៀត។
ក្នុងអត្តន័យនៃការចុះផ្សាយនេះបានបញ្ជាក់ទៀតថា លោកស្រី ជុង ធី ម៉ាយ ថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ពោលគឺ “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងយូរអង្វែង” ជាការចូលរួមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានសម្រេចជិតឈានដល់គោលដៅហើយ។
ក្រោយពីការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា និងបង្កើតរដ្ឋាភិបាល និងរដ្ឋសភាកាលពីដើមខែកញ្ញារួចមក ធ្វើឱ្យប្រទេសប្រជាធិបតេយ្យ និងប្រទេសសេរីធំៗ បង្ហាញជំហរមិនទទួលស្គាល់លទ្ធផលទាំងនេះ។
ក្នុងស្ថានការណ៍នយោបាយកម្ពុជា ដែលអាចនឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាពីសហភាពអឺរ៉ុបនោះ គេសង្កេតឃើញថា កម្ពុជាមានគោលនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសកុម្មុយនីស្តមួយចំនួន ជាពិសេសប្រទេសចិន។
លោក ឯម សុវណ្ណរ៉ា អ្នកតាមដានបញ្ហាសង្គមនយោបាយនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា ថ្វីត្បិតតែចិនជាម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជាក៏ដោយ ក៏ប្រទេសនេះមិនអាចបំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុបបានទេ៕