en     km
en     km

រដ្ឋសភាកម្ពុជានិងវៀតណាមពង្រឹងសហប្រតិបត្តិការលើការតាក់តែងច្បាប់(​មានសំឡេង)

Share

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានិងរដ្ឋភាកុម្មុយនីស្តវៀតណាមបន្តពង្រឹងសហប្រតិបត្តិការជាមួយគ្នាលើការតាក់តែងច្បាប់ និងលើវិស័យផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាកម្ពុជាចុះថ្ងៃទី ២៦ តុលានេះ។

លោក សោម លាភ  រាយការណ៍ជូនព័ត៌មាននេះ!

តាមការចុះផ្សាយនេះបញ្ជាក់ថា​ ការបង្ហាញនូវគោលជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ ធ្វើឡើងក្រោយពេលមានការស្នើសុំពីភាគីវៀតណាម មកប្រធានរដ្ឋសភាកម្ពុជា។

ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយរវាងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន ជាមួយនឹងប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម គឺលោកស្រី ជុង ធីម៉ាយ នៅថ្ងៃទី ២៦ តុលានេះ នៅវិមានរដ្ឋសភានៃកម្ពុជា។   

នាជំនួបនោះ លោកស្រី ជុង ធីម៉ាយ (Truong Thi Mai)  បានស្នើសុំសម្តេច ហេង សំរិន ឱ្យបន្តកិច្ចសហប្រតិបត្តិការជារវាងរដ្ឋសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាមបន្ថែមទៀត ក្នុងអាណត្តិទី៦នៃរដ្ឋសភាកម្ពុជា។

ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍នេះ ភាគីទាំងពីរបានសន្យាធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្នុងការតាក់តែងច្បាប់ជាដើម ដើម្បីបម្រើផលប្រយោជន៍ ប្រជាជន និងប្រទេសទំាងពីរ។

នាឱកាសនោះ លោកស្រី ជុង ធីម៉ាយ​ បានសាទរលើជ័យជំនះក្នុងការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ របស់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៩កក្កដាកន្លងមក។ អ្នកស្រីបន្ថែមថា រាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា បានកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនៃប្រទេសនេះយ៉ាងពិតប្រាកដ។

លោកស្រី បានសរសើរពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់កម្ពុជាដែលបានមកពីការដឹកនាំដោយស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រមទាំងព្រឹទ្ធសភាកម្ពុជា។

ជាការឆ្លើយតប សម្ដេច ហេង សំរិន បានគាំទ្រចំពោះការលើកកម្ពស់កិច្ច​សហការនេះឲ្យកាន់តែសកម្ម​ និងខ្លាំងក្លាថែមទៀត ​តាម​រយៈ​ការផ្លាស់​ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យ​បាន​​​កាន់តែច្រើន ដើម្បីជាប្រយោជន៍នៃ​ប្រទេស​ទាំងពីរ។

សម្ដេច ហេង សំរិន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ជុង ធីម៉ាយ មកកម្ពុជានេះ ជាការចូល​​រួម​ចំណែកក្នុងការបន្តបណ្ដុះចំណង​ទំនាក់​ទំនង មិត្តភាព សាមគ្គី​ភាពជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់វិស័យ ជាពិសេសរវាងបក្ស រដ្ឋា​ភិ​បាល និងប្រជាជន នៃប្រទេស​​ទំាង​ពីកាន់តែរឹង​មាំ​ថែមទៀត។

ក្នុងអត្តន័យនៃការចុះផ្សាយនេះបានបញ្ជាក់ទៀតថា លោកស្រី ជុង ធី ម៉ាយ ថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ពោលគឺ “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព​ជា​ប្រពៃ​ណី និងកិច្ចសហ​ប្រតិបត្តិការ លើគ្រប់វិស័យ និង​យូរអង្វែង” ជាការចូលរួមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានសម្រេចជិតឈានដល់គោលដៅហើយ។

ក្រោយពីការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា និងបង្កើតរដ្ឋាភិបាល និងរដ្ឋសភាកាលពីដើមខែកញ្ញារួចមក ធ្វើឱ្យប្រទេសប្រជាធិបតេយ្យ និងប្រទេសសេរីធំៗ បង្ហាញជំហរមិនទទួលស្គាល់លទ្ធផលទាំងនេះ។

ក្នុងស្ថានការណ៍នយោបាយកម្ពុជា ដែលអាចនឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាពីសហភាពអឺរ៉ុបនោះ គេសង្កេតឃើញថា កម្ពុជាមានគោលនយោបាយការបរទេសយ៉ាងជិតស្និតជាមួយប្រទេសកុម្មុយនីស្តមួយចំនួន ជាពិសេសប្រទេសចិន។

លោក ឯម សុវណ្ណរ៉ា អ្នកតាមដានបញ្ហាសង្គមនយោបាយនៅកម្ពុជា ធ្លាប់មានប្រសាសន៍ថា ថ្វីត្បិតតែចិនជាម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជាក៏ដោយ ក៏ប្រទេសនេះមិនអាចបំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុបបានទេ៕

Share

Image
Image
Image