ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពីមន្ដ្រីសុខាភិបាលខេត្ដព្រះសីហនុ គិតពីខែមករា ដល់ចុងខែតុលានេះ មានពលរដ្ឋ ១១នាក់រងគ្រោះព្រោះពុលត្រីក្រពត។ ក្នុងចំណោមនេះ មានកុមារីម្នាក់ បានស្លាប់ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិត អំពាវនាវ ឲ្យពលរដ្ឋកុំបរិភោគត្រីក្រពត មិនថា ត្រីនោះតូចឬធំក៏ដោយ គឺសុទ្ធតែមានសារធាតុពលខ្លាំងដូចគ្នា។
លោក លៀ ស៊ីណា រាយការណ៍ ៖
តាមប្រសាសន៍របស់លោក អៀម សុខពីនី មន្ដ្រីមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ ទទួលបន្ទុកឆ្លើយតបបន្ទាន់ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែតុលា នេះថា គិតពីខែមករា ដល់ថ្ងៃទី២៦ ខែតុលានេះ មានប្រជាពលរដ្ឋពលរដ្ឋចំនួន ១១នាក់ រងគ្រោះព្រោះករណីពុលត្រីក្រពតសមុទ្រ។ ជនរងគ្រោះទាំង ១១នាក់នេះ មានបុរស ១០ និងម្នាក់ជាកុមារី បានស្លាប់ ខណៈកំពុងបញ្ជូនទៅមន្ទីរពេទ្យ។
លោកវេជ្ជបញ្ជាក់ថា ជនរងគ្រោះទាំងអស់ដែលពុលត្រីក្រពតសមុទ្រ គឺសុទ្ធសឹងតែជាពលរដ្ឋដែលឆ្លងពីខេត្ដផ្សេងទៅខេត្ដព្រះសីហនុ ដើម្បីការ។ ដូច្នេះហើយទើបពួកគាត់មិនបានដឹងពីគ្រោះថ្នាក់របស់ត្រីក្រពតសមុទ្រ ទើបនាំគ្នាយកវាមកបរិភោគបណ្ដាលឲ្យពុលដូច្នេះ ៖«អ្នករងគ្រោះបើនិយាយជារួមទៅអ្នកនៅក្នុងខេត្ដអត់មានទេ អ្នកមកពីក្រៅខេត្ដទាំងអស់។ បើនិយាយទៅយើងពុលហ្នឹងមួយឆ្នាំនេះ យើងមានពុលបីលើកនេះទៀត វាចូលទៅ ៤ករណីហើយ។ បួនករណីនេះវា១១នាក់ ១ករណីម្នាក់ ១ករណី៤នាក់ រករណី២នាក់ អីអញ្ចឹងទេ»។
លោក អៀម សុខពីនី បន្ដថា គិតមកដល់ពេលនេះជនរងគ្រោះទាំង ១០នាក់ បានទទួលការព្យាបាល ហើយ ០៨នាក់ មានអាការបានធូរស្រាល អ្នកខ្លះបានចេញទៅផ្ទះវិញ និងអ្នកខ្លះទៀតនៅបន្ដសម្រាកព្យាបាល។ ដោយឡែកជនរងគ្រោះ ២នាក់ទៀត នៅពេលនេះមានអាការធ្ងន់ធ្ងរនៅឡើយ ដែលក្រុមវិជ្ជបណ្ឌិតមិនទាន់អាចបញ្ជាក់ថា យ៉ាងណាបាននៅឡើយទេ។ ជនរងគ្រោះធ្ងន់ធ្ងរទាំងពីរនាក់នេះ ម្នាក់ឈ្មោះ វន ថេន ភេទប្រុស អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហង្ស សុភា ភេទប្រុស អាយុ ១៨ឆ្នាំ។ ជនរងគ្រោះទាំងពីររូបនេះ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង។
ទាក់ទិនករណីពុលត្រីក្រពតសមុទ្រនេះ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋបរិភោគពួកវាចូលទៅ អ្នកបរិភោគនោះ នឹងមានអាការទន់ដៃ ទន់ជើង ថប់ដង្ហើម ហើយបេះដូងដើរយឺតទៅៗ។ លោកវេជ្ជបណ្ឌិតបន្ដថា ក្រោយពីជាតិពុលធ្វើទុក្ខ ជនរងគ្រោះប្រឈមនឹងការស្លាប់ ក្នុងអំឡុង ២ ទៅ ៣ម៉ោងប៉ុណ្ណោះ ប្រសិនបើបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលា ៖«ជាទូទៅគឺស្លាប់ ស្លាប់ដោយសារដកដង្ហើមហ្នឹងហើយ ហើយកាលណាធ្វើទុក្ខធ្ងន់ ភ្លាមៗតែ ២-៣ម៉ោងហ្នឹង គឺគាត់ដកដង្ហើមលែងបានគឺស្លាប់ហើយ អញ្ចឹងហា! ប្រសិនបើគាត់យកមកពេទ្យទាន់យើងអាចជួយ ដូចបច្ចុប្បន្នគឺពីរនាក់ហ្នឹង យើងអាចប្រើម៉ាស៊ីនជួយដកដង្ហើមបាទ»។
បន្ថែមពីនេះលោកវេជ្ជបណ្ឌិត សេង ណុង អំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគត្រីក្រពតសមុទ្របន្ដទៀត ពីព្រោះត្រីនេះមានជាតិពុលដែលអាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ លើសពីនេះលោកសុំឲ្យប្រជាពលរដ្ឋ ដែលបានដឹងពីករណីនេះ ជួយបន្ដផ្សព្វផ្សាយបន្ដ ដើម្បីឲ្យប្រជាពលរដ្ឋដែលមិនបានដឹង ដឹងអំពីគ្រោះថ្នាក់នៃការបរិភោគត្រីក្រពតសមុទ្រនេះ។
ត្រីក្រពត គឺជាត្រីដែលមានជាតិពុលក្នុងខ្លួនខ្លាំង មិនថា ត្រីនៅតូច ឬក៏ត្រីធំនោះទេ។ វេជ្ជបណ្ឌិតបញ្ជាក់ថា បើទោះជាចម្អិនត្រីនេះយូរយ៉ាងណាក៏ដោយ ក៏ជាតិពុលក្នុងខ្លួនរបស់ពួកវា មិនអាចសាបនោះទេ។ វេជ្ជបណ្ឌិត រំឮកថា យកល្អគួរកុំបរិភោគពពួកត្រីក្រពតនេះ ទើបជាការប្រសើរ។
នៅប្រទេសកម្ពុជាគិតពីឆ្នាំ២០០០មក ពលរដ្ឋកម្ពុជាតែងតែពុលត្រីនេះជារឿយៗ។ នៅក្នុងឆ្នាំ២០១៨នេះ កាលពីខែមករា មានពលរដ្ឋនៅខេត្ដកោះកុង ម្នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺក្រោយពីបរិភោគត្រីក្រពត។ ដោយឡែកក្នុងមេសា មានពលរដ្ឋនៅខេត្ដសៀមរាប ម្នាក់ទៀតបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ត្រីក្រពតនៅក្នុងប្រទេសកម្ពុជា មានចំនួន ១០ប្រភេទ ហើយបីប្រភេទក្នុងចំណោម ១០នេះ គឺមានជាតិពុល។ ក្រសួងបញ្ជាក់ថា ត្រីក្រពតមានជាតិពុលរួមមាន Tetraodon cochinchinensis. Monotrete leiurus និងTetraodon fluviatillis។
ត្រីក្រពតទាំងបីប្រភេទ ដែលមានជាតិពុលនេះ គឺមានសក្ដានុពលខ្ពស់ និងអាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ ត្រីក្រពតទាំងបីប្រភេទនេះ មានសារធាតុពុលខ្ពស់បំផុតនៅក្នុងរដូវពួកវាបន្ដពូជ ដែលជាធម្មតានៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ បន្ថែមពីនេះ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសដែរ គឺពង និងស្ពែម របស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងករណីដែលមានអ្នកពុលត្រីក្រពតនេះ គឺភ្លាមៗក្រោយពីដឹងថា ពុល គឺត្រូវធ្វើយ៉ាងណាឲ្យអ្នកជំងឺក្អួត ប្រសិនបើអាចធ្វើទៅបាន ពីព្រោះតែបើអ្នកជំងឺក្អួត គឺអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនអ្នកជំងឺបានមួយចំណែក។ តែយ៉ាងណាត្រូវប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យឲ្យបានលឿនបំផុត៕