en     km
en     km

តំណាងស្ថានទូតអាមេរិក និងក្រសួងព័ត៌មានថា អនាគតជាតិពឹងលើអ្នកសារព័ត៌មាន(មានសំឡេង)

Share

ភ្នំពេញ៖ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងតំណាងក្រសួងព័ត៌មាន មានប្រសាសន៍ថា ប្រទេសកម្ពុជាផ្ញើអនាគតលើអ្នកសារព័តមានដែលផ្សព្វផ្សាយព័ត៌មានពិត និងមានវិជ្ជាជិវៈ។ តែយ៉ាងណាក៏ដោយ តំណាងស្ថាប័នទាំងពីរនេះមើលឃើញខុសគ្នាចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោក សោម លាភ រាយការណ៍លំអិត៖

ការមានប្រសាសន៍បែបនេះ រវាងតំណាងក្រសួងព័ត៌មាន និងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជាដូចនេះ ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន ក្នុងសិក្ខាសាលាមួយដែលរៀបចំដោយសារព័ត៌មានថ្មីៗ ស្ដីពីការប្រឆាំងព័ត៌មានក្លែងបន្លំដល់អ្នកសារព័តមានកម្ពុជា នៅថ្ងៃទី ២៥ តុលានេះ នៅមជ្ឍមណ្ឌលលីឡារាជធានីភ្នំពេញ។

នាឱកាសនោះ លោក Michael NEWBIL អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា ប្រទេសជាតិដែលមិនមានការអភិវឌ្ឃ គឺដោយសារប្រទេសនោះមិនមានតម្លាភាព ហើយក៏ដោយសារប្រជាជនមិនទទួលបានព័ត៌មានពិត ពោលគឺមានព័ត៌មានក្លែងក្លាយ ឬក្លែងបន្លំ។ លោក Michael NEWBIL បន្ថែមថា អ្នកសារព័ត៌មាន មានតួនាទីក្នុងការបង្ហាញនូវអ្វីៗដែលកើតឡើងក្នុងសង្គមពិតប្រាកដ។ ជាងនេះទៅទៀតលោកថា កម្ពុជាបច្ចុប្បន្នមិនមានភាពឯករាជ្យលើវិស័យពត៌មាននោះទេ។ យ៉ាងណាមិញ ស្ថានភាពព័ត៌មាននៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលប្រមាណជា ៨០%។

អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជារូបនេះបន្ថែមថា ខណៈដែលអ្នកសារព័ត៌មាន បានព្យាយាមផ្សព្វផ្សាយព្រឹត្តិការណ៍សង្គមដែលបានកើតឡើងពិតប្រាកដជាសាធារណៈនោះ ក៏មានការផ្សព្វផ្សាយជាច្រើនពាក់ព័ន្ធនឹងព័ត៌មានក្លែងបន្លំផងដែរ។ យ៉ាងណាក្ដី ព័ត៌មានក្លែងបន្លំ ជាក្ដីបារម្ភដ៏ធំមួយ ដែលនាំមកនូវផលវិបាកដល់សង្គមជាខ្លាំង។

លោក Michael NEWBIL ឱ្យតម្លៃអ្នកសារព័ត៌មានថា ជាអ្នកចូលរួមក្នុងការបង្កើននូវគណនេយ្យភាពសង្គម។ តំណាងស្ថានទូតអាមេរិក សង្កត់ធ្ងន់ថា អ្នកសារព័ត៌មាននៅកម្ពុជា មានការរងសម្ពាធខ្លាំងនាពេលបច្ចប្បន្នពីរាជរដ្ឋាភិបាល។

ការណ៍នេះធ្វើឱ្យមានភាពពិបាកក្នុងការផ្សព្វផ្សាយព័ត៌មានឯករាជ្យ ពោលគឺអ្នកសារព័ត៌មាន មានលំហូតូចណាស់សម្រាប់ផ្សព្វផ្សាយព័ត៌មានឯករាជ្យ។ លោក Michael NEWBIL បន្ថែមថា អ្នកសារព័ត៌មានកម្ពុជាត្រូវបានធ្វើតាមការចង្អុលបង្ហាញរបស់រដ្ឋាភិបាលដើម្បីរក្សាអាជីពរបស់ខ្លួន។

លោក Michael NEWBIL បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ព្រមទាំងពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលរារាំងដល់ការផ្សព្វផ្សាយនូវព័ត៌មានពិត។ លោកថា វត្តមានព័ត៌មានក្លែងបន្លំបានបំផ្លាញតួនាទីអ្នកសារព័ត៌មានមានវិជ្ជាជីវៈជាខ្លាំង។ ស្របគ្នានេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បង្ហាញនូវការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំដូចសព្វថ្ងៃនេះយ៉ាងខ្លាំងលើសង្គមកម្ពុជា។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ដោយមិនទទួលស្គាល់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមិនត្រូវហាមឃាត់នោះទេ។ លោកបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា សិទ្ធិបញ្ចេញមតិ ក៏ដូចជាសិទ្ធិនៃការទទួលបានព័ត៌មានរបស់ពលរដ្ឋ ត្រូវបានលើកកម្ពស់នឹងធ្វើឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទាំងតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទាំងតំណាងក្រសួងព័ត៌មានសុទ្ធតែលើកទឹកចិត្ត ឱ្យអ្នកសារព័ត៌មានទាំងអស់ បន្ថែមការបន្តផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋឱ្យបានទូលំទូលាយ ព្រោះអនាគតប្រទេសនីមួយៗ ត្រូវការអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈយ៉ាងចាំបាច់។

តាមរយៈនេះវ លោក មាស សុភ័ណ្ឌ ក្នុងនាមជាក្រសួងព័ត៌មានបានស្នើក៏ដូចជាលើកទឹកចិត្ត ទៅអ្នកសារព័ត៌មានទាំងអស់ឱ្យចូលរួមទប់ស្កាត់ផលវិបាកដែលបានមកពីព័ត៌មានក្លែងបន្លំ ដោយអនុវត្តន៍ឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសារព័ត៌មាន ធ្វើនិងផ្សព្វផ្សាយព័ត៌មានណាដែលពិតទៅពលរដ្ឋ។

ដោយសារតែព័ត៌មានក្លែងបន្លំនាំមកនូវផលវិបាកខ្លាំងសម្រាប់សង្គមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ បញ្ជ្រាបនូវផលវិបាករបស់ព័ត៌មានក្លែងបន្លំទៅពលរដ្ឋតាមការដែលអាចធ្វើទៅបាន ដើម្បីលុបបំបាត់បញ្ហាផ្សេងៗពីកម្ពុជាដែលបានមកពីព័ត៌មានប្រភេទនេះ។

លោកបន្ថែមថា ប្រទេសជាតិពឹងផ្អែកទៅលើអ្នកសារព័ត៌មានដែលមានលក្ខណៈពិត ត្រឹមត្រូវ និងមិនលម្អៀង។ ជាដំណោះស្រាយ ខណៈដែលព័ត៌ មានក្លែងបន្លំកំពុងវាយលុកលើបណ្ដាញសង្គមខ្លាំង អ្នកប្រើប្រាស់ត្រូវតែបន្ថែមការប្រុងប្រយ័ត្ន មុននឹងជឿ ឬ ចែករំលែកបន្ត។ យ៉ាងណាមិញ ពលរដ្ឋទាំងអស់ ត្រូវពិនិត្យ និងស្វែងរកប្រភពឲ្យបានច្បាស់លាស់សិនមុននឹងប្រតិកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ បានចេញប្រកាសរួមមួយ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬតាមទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា៕
អត្ថបទ ៖លោក សោម លាភ 

Share

ព័ត៌មានទាក់ទង

Image