en     km
en     km

របរ​ជាងទង​ធ្លាក់​ចុះ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​អ្នក​ភូមិ​កោះ​ចិន​យ៉ាង​ខ្លាំង​

Share

ផ្ដិលទង់ដែងដែលផលិត នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល
ផ្ដិលទង់ដែងដែលផលិត នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល

កណ្តាល​៖​ ប្រជាពលរដ្ឋ​ប្រកប​របរ​ជាងទង​នៅ​ ភូមិ​កោះ​ចិន​ ស្ថិត​នៅ​ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ បាន​អះអាង​ថា​ របរ​ជាងទង​លើ​លោ​ហៈ​របស់​អ្នក​ភូមិ​ដែល​ផលិត​បាន​ តម្លៃ​ផលិតផល​ទាំងនោះ​មានការ​ធ្លាក់​ចុះ​ ហើយ​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​ ឡើងថ្លៃ​ខ្ពស់​ជា​ហេតុ​នាំ​ឱ្យ​មាន​ផល​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផលិករ​យ៉ាង​ខ្លាំង​ ហើយ​គ្រួសារ​ខ្លះ​បាន​បង្ខំចិត្ដ​បោះបង់​មុខរបរ​នេះ​ចោល​ជា​បណ្តើរៗ​ផង​ដែរ​។​

kettleផ្តិល​ ជើងពាន​ ថាស​ ថូផ្កា​តូច​ធំ​ ចម្លាក់​រូប​សត្វ​ សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ និង​វត្ថុ​អនុស្សាវរីយ​ផ្សេងៗ​ជា​ច្រើន​មុខ​​ផលិត​ពី​លោហៈ​​​មាន​​​ស្ពាន់​ សំរិទ្ធ ​ប្រាក់​​ ទង​ដែង​ ដែល​កើត​ចេញពី​ស្នាដៃ​របស់​អ្នក​ភូមិ​កោះ​ចិន​​នា​​ពេល​បច្ចុប្បន្ន​នេះ ​​កំពុង​​​ធ្លាក់​ចុះ​ដោយសារ​វត្ថុធាតុដើម​​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ ​លក់​​​​ចេញ​​​បាន​ប្រាក់​ក្នុង​តម្លៃ​ទាប​ ​​ពុំ​មាន​ទីផ្សារ​លក់​ផលិតផល​ទូលំទូលាយ​ ឈ្មួញ​កណ្តាល​​ជា​​អ្នក​​កំណត់​តម្លៃ​នាំ​ចេញ​ ព្រមទាំង​ការ​ហូរ​ចូល​​វត្ថុ​ប្រើប្រាស់​មក​ពី​បរទេស​ច្រើន​ជាង​ការ​ផលិត​ក្នុងស្រុក​ជាដើម​។​

​អ្នកស្រី​ កែវ​ សុខ​ខឿន​ ស្ត្រី​ជាងទង​នៅ​ភូមិ​កោះ​នេះ​ បាន​ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ត្រី​ថា​ បច្ចុប្បន្ន​នេះ​របរ​ជាងទង​របស់​អ្នក​ភូមិ​កោះ​ចិន​ទាំង​មូល​​មាន​ការ​​​ធ្លាក់​ចុះ​មិន​ដូច​កាលពី​ពីរ​ឬ​បី​ឆ្នាំ​មុន​នោះ​ទេ​។​ អ្នកស្រី​ថា​ ការ​ធ្លាក់​ចុះ​របរ​ជាងទង​នេះ​មាន​កត្តា​ជា​ច្រើន​ដូច​ជា​ វត្ថុធាតុដើម​និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​​ការងារ​ជាងទង​បាន​ឡើង​ខ្ពស់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​លក់​ផលិតផល​ចេញ​បាន​ប្រាក់​ចំណេញ​តិច​ពេក​រហូត​មិន​អាច​ផ្គត់​ផ្គង់​​​ដល់​ជីវភាព​គ្រួ​សារបាន​។​​​

​លើស​​ពី​នេះ​ទៅ​ទៀត​អ្នកស្រី​ កែវ​ សុខ​ខឿន​ បាន​បន្ថែម​ថា​៖​ «​របរ​ជាងទង​ធ្វើ​ដោយ​ដៃ​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​ផលិត​​ដោយ​​ម៉ាស៊ីន​​ដែល​​ប្រទេស​ជិត​ខាង​​បាន​​ធ្វើ​ និង​នាំ​យក​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ពុំ​សូវ​ឱ្យ​​តម្លៃ​​ស្នា​​ដៃ​​​ចម្លាក់​​​ឡើយ​​ ហើយ​​អ្នក​ខ្លះ​​ថែម​​ទាំង​​មិន​ស្គាល់​​ទៀត​​ផង​​»​។​

elephantលោក អឿ​ ស៊ន​ មាន​អាយុ​ ៨៥​ ឆ្នាំ​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ចំណូល​ដែល​បាន​មក​ពី​ចម្លាក់​ ឬ​របរ​ជាងទង​របស់​អ្នក​ភូមិ​ដែល​លក់​នៅ​​ក្នុង​​ពេល​​បច្ចុប្បន្ន​នេះ​ ​ពេល​ខ្លះ​ស្ទើរតែ​មិន​អាច​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួ​សារបាន​ ព្រោះ​បន្ទាប់​ពី​លក់​បាន​ ត្រូវ​ចំណាយ​ថ្លៃ​វត្ថុធាតុដើម​វិញ​សល់​តិច​បំផុត​។

«​កាលពីមុន​របរ​នេះ​ស្រួល​រក​ណាស់​ រកបាន​ប្រាក់​ចំណេញ​ច្រើន​ ប៉ុន្តែ​ឥឡូវ​អត់​ទេ​ ស្រួល​មិន​ស្រួល​ស្ទើរ​ខាត​ក៏​មាន​ដែរ​…​ ព្រោះ​ឥឡូវ​ ​ស្ពាន់​ ទង់​ដែង​​​​អី​​ជាដើម​ឡើងថ្លៃ​ ហើយ​ទំនិញ​គ្រប់មុខ​សម័យ​ឥឡូវនេះ​ក៏​ឡើងថ្លៃ​ ពិបាក​រក​ណាស់​។​ ឥឡូវ​ ១​គីឡូ​ទង់ដែង​យើង​ទិញ​ចូល​តម្លៃ​ ១០​ដុល្លារ​ ឆ្លាក់​រួច​ធ្វើ​​រួច​​ចប់​សព្វគ្រប់​លក់​ចេញ​វិញ​បាន​ ១​គីឡូ​ ៣០​ ទៅ​ ៣៥​ ដុល្លារ​ ហើយ​កាត់កង​កម្លាំង​រួច​មានអី​សល់​ ព្រោះ​ផ្តិល​មួយៗ​ចំណាយពេល​ពី​ ២​ ទៅ​ ៣​ ថ្ងៃ​​នោះ​ ចុង​ក្រោយ​ផ្តិល​ទង់ដែង​មួយ​គីឡូ​បាន​ចំណេញ​ពី​ ៤-​ ៥​ ​​ដុល្លារ​ហ្នឹង​ខ្ពស់​ហើយ​ ពេល​ខ្លះ​មិន​បាន​ប៉ុណ្ណឹង​ផង​»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​តា​ អឿ​ ស៊ន​ ​។​

អ្នកស្រី ចាន់បូណា កំពុងឆ្លាក់ក្បាច់លើថូផ្កាទង់ដែងក្រហម
អ្នកស្រី ចាន់បូណា កំពុងឆ្លាក់ក្បាច់លើថូផ្កាទង់ដែងក្រហម

និយាយ​បណ្ដើរ​ដៃ​ឆ្លាក់​ក្បាច់​លើ​ថូផ្កាទង់​ដែង​ក្រហម​បណ្តើរ​ អ្នកស្រី​ ចាន់​បូ​ណា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រាល់​ថ្ងៃនេះ​ អ្នកស្រី​និង​គ្រួសារ​មិន​មានចំណេះ​ជំនាញ​អ្វី​ក្រៅពីរ​បរច​ម្កាក់​នេះនោះ​ទេ​ ហើយ​របរ​ចម្លាក់​នេះ​បាន​ជួយ​ដល់​ជីវភាព​តាំងពី​ដើម​មក​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ របរ​មួយ​តម្លៃ​ផលិតផល​ជាងទង​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​គ្រួសារ​របស់​អ្នកស្រី​ពិបាក​រក​ចំណូល​យ៉ាង​ខ្លាំង​។​

​ស្ត្រី​វ័យ​ ៣៥​ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​យើង​អត់​មាន​ធ្វើស្រែ​ចម្ការ​អី​ទេ​ ពឹង​តែ​លើ​របរ​នេះ​មួយ​មុខ​គត់​…​ ពីរ​បី​ថ្ងៃ​ចំណេញ​បាន​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​ហ្នឹង​វា​​តិច​​ណាស់​​…​ ​មិនដឹង​យ៉ាងម៉េច​ទេ​ គេ​ទិញ​យើង​តម្លៃ​ប៉ុណ្ណឹង​ គេ​ថា​យក​ទៅ​លក់​មិនសូវ​ចំណេញ​ដែរ​ ប៉ុន្តែ​បើ​គេ​មាន​ដើមទុន​ច្រើន​ទៅ​គេ​ធ្វើ​ច្រើន​អាច​​ចំណេញ​ច្រើន​ជាង​នេះ​ តែ​ក៏​មិន​លើស​គ្នា​ប៉ុន្មាន​ដែរ​ហ្នឹង​»​។

​ទាក់ទង​នឹង​ការ​កំណត់​តម្លៃ​លើ​ផលិតផល​ស្នាដៃ​ចម្លាក់​ជាងទង​របស់​អ្នក​ភូមិ​កោះ​ចិន​នេះ​ អ្នកស្រី​ សុខ​ ហេង​ អាជីវករ​លក់​ផលិតផល​ចម្លាក់​ជាងទង​នៅ​​ទី​ក្រុង​ភ្នំពេញ​ បាន​លើកយក​ផលិតផល​មក​ពី​ភូមិ​កោះ​ចិន​​មក​លក់បន្ត​​បានឱ្យ​ដឹង​ថា​ តម្លៃ​ថោក​ឬ​ថ្លៃ​មិនមែន​អាស្រ័យ​លើ​ការ​កំណត់​របស់​អ្នក​ស្រីtray​​ជា​ឈ្មួញ​កណ្តាល​​នោះ​ទេ​ ប៉ុន្តែ​តម្លៃ​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។​ ចំពោះ​បញ្ហា​ទីផ្សារ​នេះ​ អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ ផលិតផល​ដែល​​អ្នក​​ភូមិ​​ផលិត​​បាន​ មិន​មាន​ទីផ្សារ​សម្រាប់​លក់​ទេ​នា​ពេល​បច្ចុប្បន្ន​។​ ទីផ្សារ​របស់​អ្នក​ប្រកប​របរ​មួយ​នេះ​ គឺ​ត្រូវ​រំពឹង​លើ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ​មួយ​​ចំនួន​​នៅ​ទីក្រុង​ភ្នំពេញ​លក់​សម្រាប់​ជនបរទេស​។​ ដោយឡែក​ សម្រាប់​ប្រជាជន​កម្ពុជា​មិន​បាន​ចាប់អារម្មណ៍​ផលិតផល​ទាំង​អស់នេះ​ឡើយ​។

អាជីវករ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ តម្លៃ​នៃ​ការ​ទិញ​ផលិតផល​ពី​អ្នក​ភូមិ​មក​លក់​បន្ត​ គឺ​ត្រូវ​មើលទៅ​លើ​ស្នាដៃ​របស់​ជាងទង​និង​ក្បាច់​​ដែល​​ឆ្លាក់​​លើ​វត្ថុ​ទាំងនោះ​ ប្រសិនបើ​ស្នាដៃ​ល្អ​ ស្នាដៃ​មាន​កម្រិត​ខ្ពស់​ នោះ​តម្លៃ​ក៏​ខ្ពស់​ទៅ​តាម​នោះ​ដែរ​ ប៉ុន្តែ​មិន​លើស​គ្នា​ប៉ុន្មាន​នោះ​ទេ​។​​

​សូម​បញ្ជាក់​ថា​ ភូមិ​កោះ​ចិន​ ជា​ភូមិ​ជាងទង​មួយ​ដែល​អ្នក​ភូមិ​ទាំងអស់​ប្រកប​របរ​ជាងទង​ជា​លក្ខណៈ​គ្រួសារ​បន្ត​ជំនាន់​។​ តាម​ការ​សម្គាល់​ឃើញ​មាន​ស្ត្រី​ភាគ​ច្រើន​នៅ​ក្នុងភូមិ​នេះ​ ចេះ​ដាប់​ ឆ្លាក់​ចម្លាក់​ជាងទង​ស្ទើ​គ្រប់​ផ្ទះ​ទាំងអស់​ ចំណែក​បុរស​មិន​ជំនាញ​ដូច​ដាប់​ឆ្លាក់​ដូច​ស្ត្រី​នោះ​ទេ​ ដោយ​បុរស​ភាគ​ច្រើន​បាន​​ត្រឹម​តែ​​​ធ្វើ​ការងារ​ប្រើ​កម្លាំង​ធ្ងន់ៗ​ ដូច​ជា​តម្លើង​ ដំ​ ស្មិត​ លើ​លោហៈ​ជាដើម​។​ ចំណែក​ជីវភាព​ប្រជាពលរដ្ឋ​​រស់​នៅ​ក្នុង​តំបន់​នេះ​ ភាព​ច្រើន​គឺ​ពឹងផ្អែក​លើ​​មុខរបរ​ជាងទង​ទាំងស្រុង​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​៕

Share

ព័ត៌មានទាក់ទង

Image