en     km
en     km

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដព្រះវិហារ​ សុំ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ទទួលទាន​ចំ​ផ្សិត​ពុល បន្ទាប់​ពី​ស្លាប់​ម្នាក់​ដោយសារ​ករណី​នេះ​

Share

​ភ្នំពេញ​ ៖​ មាន​ករណី​ពុលផ្សិត​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ និង​កូនប្រុស​ម្នាក់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ តែ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​។​ ករណី​នេះ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដព្រះវិហារ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ កុំ​បរិភោគ​ពពួក​ផ្សិត​ណា​ ដែល​ខ្លួន​ស្គាល់​មិន​ច្បាស់​ និង​ត្រូវ​ប្រញាប់​នាំ​អ្នក​រង​គ្រោះ​ទៅ​ពេទ្យ​ប្រសិនបើ​ឃើញ​សភាព​ខុស​ប្រក្រតី​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​បុរស​វ័យ​ ៦៧​ឆ្នាំ្ន​ម្នាក់​បាន​ស្លាប់​ និង​សមាជិកគ្រួសារ​ផ្សេងៗ​មាន​អាការ​ពុល​ធ្ងន់ធ្ងរ​ខ្លះ​ ស្រាល​ខ្លះ​ ក្រោយ​ពេល​ដែល​បរិភោគ​សម្លកកូរ​ផ្សិត​ កាលពី​ថ្ងៃ​ទី​២៣​ ខែតុលា​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រិ​ទ្ធិ​ បង្ហោះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែតុលា​។​ ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​រំចេក​ ឃុំ​ស្រង់​ ស្រុក​គូលែន​ ខេត្ដព្រះវិហារ​។​

​គ្រួសារ​រង​គ្រោះ​ព្រោះ​ករណី​ពុល​នេះ​ មាន​សមាជិក​ចំនួន​ ០៦​នាក់​ ហើយ​ពុល​តិច​ចំនួន​ ៣​នាក់​ និង​ពុល​ខ្លាំង​ចំនួន​ ២​នាក់​។​ អ្នក​ពុល​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​ថា​ ស្រី​ លួ​ន​ អាយុ​ ៦៧​ឆ្នាំ​ត្រូវជា​ឪពុក​ បាន​ស្លាប់​ និង​ម្នាក់​ទៀត​ឈ្មោះ​ ស្រី​ យ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ត្រូវជា​កូន​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល​។​

​យ៉ាងណា​យោង​តាម​សម្ដី​របស់​ភរិយា​ជន​រង​គ្រោះ​អ្នកស្រី​ ចាន់​ តា​វ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ កូនប្រុស​របស់​អ្នកស្រី​ លោក​ ស្រី​ យ៉ា​ បាន​ដក​ផ្សិត​មួយ​ប្រភេទ​ ដែល​អ្នកស្រី​អះអាង​ថា​ ជា​ផ្សិត​ កញ្ជោ​។​ អ្នកស្រី​បន្ដ​ថា​ ក្រោយ​ពេល​យក​ផ្សិត​នោះ​ទៅ​ស្ល​ ហើយ​បរិភោគ​បាន​ប្រហែល​ ១​ម៉ោង​ ស្រាប់តែ​អ្នកស្រី​ ស្វាមី​ និង​កូន​ ដែល​បរិភោគ​សម្ល​នោះ​ មាន​អាការ​ហៀរ​ទឹកមាត់​គ្រប់ៗ​គ្នា​។​ ចំណែក​ស្វាមី​ដែល​ស្លាប់​ និង​កូនប្រុស​ ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ​ ក្រៅពី​មាន​អាការ​ ហៀរ​ទឹកមាត់​ហើយ​ ក៏​មាន​មាន​អាការ​ រាគ​ និង​ក្អូ​ត​ថែម​ទៀត​។​

​គិតដល់​ថ្ងៃ​ទី​២៥​ ខែតុលា​នេះ​ លោក​ ស្រី​ យ៉ា​ ស្ថានភាព​បាន​ធូរស្រាល​វិញ​ហើយ​ នេះ​បើ​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ សុក​ វាសនា​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដព្រះវិហារ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​។​ លោក​បាន​បញ្ជាក់​ថា​ តាម​ការ​សន្និដ្ឋាន​ យុវជន​រូប​នេះ​ ពិតជា​ពុលផ្សិត​ពិតមែន​ តែ​យ៉ាងណា​លោក​វេជ្ជបណ្ឌិត​មិន​ស្គាល់​ថា​ តើ​ផ្សិត​ដែល​ពួក​គាត់​បរិភោគ​នោះ​ជា​ប្រភេទ​អ្វី​នោះ​ទេ​ ៖«​បាទ​ ហ្នឹង​គឺ​ទាក់ទង​និង​ការ​ពុលផ្សិត​ហើយ​ ព្រោះ​ពី​ល្ងាច​គឺ​ក្រុម​គ្រួសារ​ទាំងអស់​ហ្នឹង​ គាត់​ហូប​សម្ល​ផ្សិត​។​ ផ្សិត​ហ្នឹង​ក៏​យើង​អត់​ស្គាល់ឈ្មោះ​ដែរ​ បន្ទាប់​មក​គាត់​ក៏​មាន​រោគ​សញ្ញា​រាគ​ក្អួត​ខ្លាំង​ ហើយ​គាត់​បាន​ទៅ​មណ្ឌល​សុខភាព​ គឺ​ពេល​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ហើយ​ ហើយ​ឥឡូវនេះ​គឺ​គាត់​ស្រួលបួល​ហើយ​ គាត់​អាច​ចេញពី​ពេទ្យ​ពីរ​ បី​ថ្ងៃ​ទៅ​មុខ​ទៀត​បាន​»​។​

​ជាមួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ សុក​ វាសនា​ បញ្ជាក់​ថា​ បើសិន​ផ្សិត​ដែល​ពលរដ្ឋ​បរិភោគ​នោះ​គឺជា​ផ្សិត​ កញ្ជោ​ ពិតមែន​ គឺ​មិន​ពុល​បែប​នេះ​ទេ​។​ បន្ថែម​លើ​នេះ​ចំពោះ​ការ​បរិភោគ​ពពួក​ផ្សិត​ ឬ​ក៏​បន្លែ​ព្រៃ​នេះ​ លោក​វិ​ជ្ជ​បណ្ឌិត​ រំ​ឮ​កថា​ ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ក្នុង​ករណី​ដែល​មិន​ស្គាល់​ច្បាស់​ថា​ តើ​នោះ​ជា​ប្រភេទ​ផ្សិត​ ឬ​ពពួក​បន្លែ​អ្វី​ សូមកុំ​បរិភោគ​ ពីព្រោះ​វា​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់​បាន​។​ លោក​បញ្ជាក់​ថា​ ពពួក​ផ្សិត​ ឬ​បន្លែ​ពុល​ ក្រោយ​ពី​បរិភោគ​ចូល​ទៅ​ វា​នឹង​ធ្វើទុក្ខ​បង្ក​ជា​អាការ​ វិលមុខ​ ចុកពោះ​ ក្អូ​ត​ចង្អោរ​ រាគ​រូស​ ហើយ​រឹតតែ​គ្រោះថ្នាក់​ប្រសិនបើ​បរិភោគ​ពួក​វា​ចូល​ទៅ​ក្នុង​បរិមាណ​ច្រើន​ ហើយ​យឺតយូរ​នាំ​អ្នក​រង​គ្រោះ​មក​មន្ទីរពេទ្យ​ ៖«​ទាក់ទង​និង​ជាតិពុល​អ​ញ្ចឹ​ង​ ទី​១​ឧទាហរណ៍​ថា​ គាត់​ចូល​ព្រៃ​អ​ញ្ចឹ​ង​បើសិនជា​គាត់​មិន​ស្គាល់​ផ្សិត​អី​ច្បាស់លាស់​ ខ្លាច​មានការ​ភាន់ច្រឡំ​ អ​ញ្ចឹ​ង​ទី​១​ យើង​កុំ​ហូប​ផ្សិត​ដែល​យើង​មិន​ស្គាល់ឈ្មោះ​ មិន​ស្គាល់​ប្រភព​វា​យើង​គួរ​កុំ​ហូប​។​ ទី​២​ បើ​យើង​មាន​រោគ​សញ្ញា​ទាក់ទង​និង​ការ​ពុល​ដូច​ខ្ញុំ​បាន​និយាយ​អ​ញ្ចឹ​ង​ គឺ​យើង​ធ្វើ​ម៉េច​ស្រូត​មក​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា​ ហើយ​ការ​រត់​មក​កាន់​មន្ទីរពេទ្យ​នេះ​ យើង​ទៅ​កន្លែង​ណា​ដែល​មាន​ពេទ្យ​នៅ​ជិត​ គឺ​យើង​សង្គ្រោះ​បឋម​សិន​»​។​

​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ទី​ជនបទ​ តែងតែ​ដក​ផ្សិត​មក​ធ្វើ​ជា​បន្លែ​សម្រាប់​អាហារ​របស់​ពួក​គាត់​។​ តែ​យ៉ាងណា​ផ្សិត​មួយ​ចំនួន​ធំ​មាន​រូប​ទម្រង់​ និង​ស្ថាន​ប្រហាក់ប្រហែល​គ្នា​ដែល​ជូន​ពលរដ្ឋ​អាច​ច្រឡំ​គ្នា​បាន​។​ វេជ្ជបណ្ឌិត​សុំ​ឲ្យ​ពិនិត្យ​ ឲ្យ​ជាក់លាក់​ មុន​យក​មក​បរិភោគ​ មិន​ថា​ តែ​ផ្សិត​នោះ​ទេ​ សូ​ម្បី​តែ​ផ្លែ​ឈើ​ និង​រុក្ខជាតិ​ផ្សេងៗ​ក៏​ដោយ​៕​

Share

Image
Image
Image