ភ្នំពេញ៖ កងទ័ពគ្រោងនឹងសម្ពោធវិមានឈ្នះឈ្នះនៅចុងឆ្នាំ២០១៨នេះ ដើម្បីរំលឹកអំពីគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលនិងការបញ្ចប់សង្គ្រាមស៊ីវិលកាលពី២០ឆ្នាំមុន។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងការពារ។
យោងតាមទំព័រហ្វេសប៊ុកនៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការកងទ័ពនៃក្រសួងការពារជាតិបានបង្ហោះកាលពីថ្ងៃទី ២៤ តុលា ម្សិលមិញ បានអោយដឹងថា ក្រសួងបានបើកកិច្ចប្រជុំរៀបចំផែនការតាំងពិព័រណ៍សមិទ្ធផលកងកម្លាំងវិស្វកម្ម ដើម្បីចូលរួមអបអរសាទរក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ។
ក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទបានដឹកនាំកិច្ចប្រជុំបញ្ជាក់ថា កងទ័ពនឹងដាក់តាំងពិព័រណ៍សមិទ្ធផលនានានៃកងកម្លាំងវិស្វកម្មចាប់តាំងពីការបង្កើតឡើងរហូតដល់ពេលបច្ចុប្បន្ននេះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០១៨នេះ។ លោកនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បន្ថែមថា ការតាំងពិព័រណ៍នេះក៏ត្រៀមរៀបចំទទួលគណៈប្រតិភូវៀតណាមនៅពេលខាងមុខផងដែរ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់បន្ថែមថា វិមានឈ្នះ ឈ្នះ គ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។ ក្នុងកម្មវិធីសម្ពោធនេះនឹងមានការដាក់តាំងពិព័រណ៍សមិទ្ធផលកងទ័ពដូចជា ស្តង់ដាក់បង្ហាញ សមិទ្ធផលនានារបស់កងវិស្វកម្ម និងសមិទ្ធផលរបស់កងរាជអាវុធហត្ថដែលសម្រេចបានចាប់តាំងពីការករកើតឡើងរហូតដល់បច្ចុប្បន្ននេះ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ៖ «ចាប់ផ្តើមម៉ោង៦ព្រឹកទៅរហូតដល់យប់ថ្ងៃទី ៣១ ខែធ្នូ ផ្តាច់ព្រ័ត្រនៃឆ្លងឆ្នាំសកល។ការពិព័រណ៍គេមានស្តង់របស់គេស្តង់ខាងទាហានមានដូចពីរស្តង់វិស្វកម្ម និងកងរាជអាវុធហត្ថចូលគ្នា។វិស្វកម្មដូចជាធ្វើថ្នល់ ធ្វើផ្លូវ ដោះមីន មានអ្វីគេដាក់ឱ្យយើងឃើញទាំំងអស់ សម្ភារគេ សមទ្ធផលរបស់គេ»។
សូមរំលឹកថា ស្តូបវិមានឈ្នះ ឈ្នះ ចាប់ផ្តើមសាងសងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦។ វិមានឈ្នះឈ្នះសាងសងលើទំហំដី ៨ ហិចតា ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអំណោយរបស់លោកឧញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រទេសកម្ពុជា បានសាងសង់ រូបសំណាកជាច្រើន ដើម្បី បញ្ជាក់ការដឹកនាំប្រទេស ក្នុងនោះ វិមាន អនុស្សាវរីយ៍ នៃកងទ័ពវៀតណាមចូលមករំដោះកម្ពុជា ពីរបប កម្ពុជា ប្រជាធិនតេយ្យផងដែរ។ រូបសំណាកឬស្តូបអនុស្សាវរីយ៍នេះ ត្រូវបានសង់ឡើង នៅគ្រប់ខេត្ត ក្រុងនៃប្រទេសកម្ពុជា៕