en     km
en     km

គណបក្ស​នយោបាយ​ និង​សង្គម​ស៊ី​វិល​ជំទាស់​ការ​កំណត់​រយៈពេល​ និង​ទីតាំង​នៃការ​ឃោសនាបោះឆ្នោត​

Share

កិច្ចប្រជុំរវាងគណបក្ស នយោបាយ និងសង្គមស៊ីវិលនានា
​                    កិច្ចប្រជុំរវាងគណបក្សនយោបាយ និងសង្គមស៊ីវិលនានា

ភ្នំពេញ៖ គណបក្ស​នយោបាយ​មួយ​ចំនួន​ រួម​ទាំង​សង្គម​ស៊ី​វិល​ធ្វើការ​លើ​ការ​បោះ​ឆ្នោត​យល់​ថា​ ការ​បន្ថយ​ចំនួន​ថ្ងៃ​ឃោសនាបោះឆ្នោត​ និង​ការ​កំហិត​មិន​ឱ្យហែ​ក្បួន​ឃោសនាបោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​ ហែ​ឆ្លង​មណ្ឌល​ គឺជា​ការ​រឹតត្បិត​សេរីភាព​ និង​មិន​អាច​ទទួលយក​បាន​។​ ​ការ​លើក​ឡើង​របស់​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​រៀបចំ​កាល​ថ្ងៃ​ទី ​០៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ ។​

​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​កែ​ត​ ឃី​ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ យុទ្ធនាការ​​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ ត្រូវ​តែ​អាច​ហែ​ឃោសនា​ឆ្លង​ភូមិ​​បាន​។​ លោក​បន្ត​ថា​ ចំពោះ​ការ​កំហិត​រយៈពេល​ឃោសនាបោះឆ្នោត​មក​ត្រឹម ​១០​​ ថ្ងៃ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​ការ​ចរចា​ឲ្យ​បាន​ដល់ ​១៥ ​ថ្ងៃ​ ដូច​ច្បាប់បោះឆ្នោត​ចាស់​ដដែល​ ។​

​លោក​ កែ​ត​ ឃី​ ​៖​ «​យើ​ងនៅ​តែ​រក្សា​ជំហរ​ ១៥​ ថ្ងៃ​ ហើយ​យើង​នៅ​តែ​ទាមទារ​ការ​ហែរ​ក្បួន​ហ្នឹង​ឲ្យ​ហែ​រទូ​ទាំង​ស្រុក​ ពេញ​ទាំង​ស្រុក​ និង​ខ័​ណ្ឌ​ ទើប​ចំណុច​នេះ​មិន​ត្រូវ​គ្នា​ រហូត​ដល់​ក្រុម​ការ​ងារ​​​ទាំង​​ពីរ​បញ្ចប់​ការ​ជជែក​គ្នា​ ហើយ​ដាក់​ចំណុក​ឲ្យ​ប្រធាន​គណបក្ស​ដើម្បី​យក​ទៅ​ច​ចារ​គ្នា​ តែ​នៅ​តែ​មិន​ត្រូវ​គ្នា​»​។​

លោក​ យ៉េ​ង​ វី​រៈ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
លោក​ យ៉េ​ង​ វី​រៈ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

ចំណែក​លោក​ យ៉េ​ង​ វី​រៈ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើក​ឡើង​ថា​ ការ​កំណត់​រយៈពេល​ឃោ​ស​នា​បោះ​ឆ្នោត​ និង​ទីតាំង​ក្នុង​ការ​ដង្ហែ​ក្បួន​ គឺ​មិន​មាន​ហេតុផល​ណា​ដែល​ត្រូវ​ធ្វើការ​កែប្រែ​នោះ​ទេ​ ព្រោះថា​ការ​បោះ​ឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​ គឺ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​។​

​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ​ បញ្ជក់​ថា​ គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន​សូម​ទាមទារ​ឲ្យ​រក្សា​ចំណុច​​ការ​​ដង្ហែ​ក្បួន​ពេល​ឃោសនាបោះឆ្នោត​ និង​រយៈពេល​នៃ​ការ​ឃោសនាបោះឆ្នោត​ឲ្យ​ដូច​ច្បាប់​ដែល​កំពុង​មាន​ជា​ធរមាន​។ ​យ៉េ​ង​ វី​រៈ​៖​ «​និយាយ​ទៅ​យើង​អត់​គិត​ថា​មាន​ហេតុផល​គួរ​កែប្រែ​នោះ​ទេ​ យើង​នៅ​តែ​ទាមទារ​ឲ្យ​រក្សា​ដ​ដែល​ដូច​ច្បាប់​ដែល​កំពុង​ មាន​ជា​ធរមាន​ហ្នឹង​ ព្រោះ​អី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៣​ដង​មក​ហ្នឹង​ តាំងពី​២០០២​​ ​មក​ហ្នឹង​គឺ​មិន​មាន​ជា​បញ្ហា​អ្វី​ទេ​ក្នុង​ការ​បោះ​ឃោសនាបោះឆ្នោត​ហ្នឹង​បាទ​»​​។​

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​របស់​សមាគម​អា​ដ​ហុ​ក​ លោក​ នី​ ចរិយា​ និយាយ​ថា​ ការ​ធ្វើ​ច្បាប់​ដើម្បី​កំណត់​​​រយៈ​ពេល​ឃោសនាបោះឆ្នោត​ និង​កម្រិត​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​បែប​នេះ​ គឺ​ហាក់​រឹតត្បិត​សេរីភាព​របស់​​ព​លរដ្ឋ​ ក្នុង​ទទួល​បាន​ព័ត៌មាន​ពី​គណបក្ស​នីមួយៗ​​។​​

​លោក​បន្ត​ថា​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក្នុង​រដ្ឋសភា​ គួរ​​ពិចារណា​លើ​ចំណុច​ទាំង​ពីរ​នេះ​ឡើង​វិញ​ ដើម្បី​ទុក​ឱកាស​ដល់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ មាន​ពេលវេលា​គ្រប់គ្រាន់​ ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រ​ដូច​គណបក្ស​ធំៗ​ទាំង​ពីរ​។​ លោក​នី​ ចរិយា​៖​ «​ឥឡូវ​!​ឧទាហរណ៍​ថា​ បើ​ឃុំ​ពីរ​ហ្នឹង​នៅ​ក្បែរ​គ្នា​ ហើយ​អ្នក​នៅ​ឃុំ​ ក​ មក​ចូលរួម​ឃោសនា​នៅ​ឃុំ​ ខ​ គ្រាន់តែ​ដើរមក​ហ្នឹង​វា​ឃើញ​ជា​ទ្រង់ទ្រាយ​ដូច​ឃោសនា​ដែរ​ទៅ​ហើយ​អ​ញ្ចឹ​ង​!​អាហ្នឹង​ត្រូវ​ចាប់​ដាក់គុក​ឬ​ម៉េច​?​​​ អ​ញ្ចឹ​ង​​!​ បើ​យើង​ធ្វើ​ច្បាប់​របៀប​ហ្នឹង​ មាន​ន័យ​ថា​យើង​ ប្រឆាំង​ទៅ​នឹង​ច្បាប់ធម្មជាតិ​ អ​ញ្ចឹ​ង​!​វា​អត់​អនុវត្ត​បាន​។​ ដូច្នេះ​គណបក្ស​ត្រូវ​តែ​ពិចារណា​ផង​ មិនមែន​ចេះ​តែ​នឹកឃើញ​ធ្វើ​នោះ​ទេ​»​​។​

លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​
លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​

ចំណែក​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​ខុមហ្វ្រែល​​ (COMFREL)​​ លោក​ គល់​ បញ្ញា​ លើក​ឡើង​ថា​ សម្រាប់​ចំនួន​១៥​ថ្ងៃ​នៃ​ការ​ឃោសនាបោះឆ្នោត​ គឺជា​ចំនួន​មួយ​សមរម្យ​ ដោយ​គ្មាន​មូលហេតុ​អ្វី​ដែល​គណបក្ស​ប្រជាជន​មក​បន្ថយ​ថ្ងៃ​ឃោសនាបោះឆ្នោត​នោះ​ទេ​។​

លោក​បន្ត​ថា​ ការ​បន្ថយ​ថ្ងៃ​នៃ​ការ​ឃោសនាបោះឆ្នោត​បែប​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​​គណបក្ស​​ដែល​កំពុង​ស្វែងរក​សំឡេង​ឆ្នោត​ពី​ប្រជាជន​។​ លោក​ គល់​ បញ្ញា​​ ៖​ «​អត់​មាន​មូលហេតុ​ត្រូវ​ជជែក​ពី​រឿង​​​ថ្ងៃ​ពី​ ១៥ ​​ថ្ងៃ​មក​ ១០ ​ថ្ងៃ​នោះ​ទេ​។​ ចំនួន ​១៥ ​​ថ្ងៃ​វា​ល្មម​ ដូច​ប្រទេស​ខ្លះ​គេ​មាន​តែ​ ៣០ ​​ថ្ងៃ​ តែ​ក៏​មាន​ប្រទេស​ខ្លះ​ក៏​ធ្វើ​តិច​អ​ញ្ចឹ​ង​ដែរ​ ក៏​ប៉ុន្តែ​កម្ពុជា ​១៥​ ​ថ្ងៃ​ហ្នឹង​វា​ល្មម​ហើយ​ ហើយ​ក៏​គ្មាន​នរ​ណ​មក​ទាស់​ពី​រឿង​ចំនួន​ថ្ងៃ​ហ្នឹង​ទេ​ ចុះ​ហេតុ​អ្វី​គណបក្ស​ប្រជាជន​រឿង​អី​មក​ទាស់​រឿង​ថ្ងៃ​មក​ថយ​ឲ្យ​នៅ​សល់​នៅ​ថ្ងៃ​ ១០ ​​ថ្ងៃ​។​ព្រោះ​ការ​ឃោសនាបោះឆ្នោត​ គឺជា​ការ​​ផ្តល់​សេរីភាព​ឲ្យ​គណបក្ស​គេ​មក​ប្រកួត​ប្រ​ជែក​ឲ្យ​បាន​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​មាន​ឪ​កាស​ស្តាប់​គោល​នយោ​បាយ​​របស់​គណបក្ស​»​។​

​ពាក់​ព័ន្ធ​​ក្នុង​រឿង​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជក់​ថា​ មូល​ដែល​គណ​បក្ស​​ប្រជាជន​យក​គោលការណ៍​ក្នុង​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​រយៈពេល​១០​ថ្ងៃ​បែប​នេះ​ ក៏​ព្រោះ​ ថា​ការ​ចុះ​ពី​១៥ ​​ថ្ងៃ​មក​ត្រឹម ​​១០​ គឺ​ស្រម​តាម​សមាមាត្រ​នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដែល​បាន​ចុះ​ពី​ ​៣០​​ថ្ងៃ​មក​ ២១​ ​ថ្ងៃ​​។​ ចំណែកឯ​ការ​កំណត់​ ក្បួន​ដង្ហែ​ឃោសនា​បោះឆ្នោត​វិញ​នោះ​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​រូប​នេះ​បង្ហាញ​​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ គឺ​ស្ថិត​ក្នុង​មណ្ឌល​បោះឆ្នោត​ ដូច្នេះ​គ្មាន​ មូលហេតុ​អ្វី​ដែល​គណបក្ស​នយោ​បាយ​ត្រូវ​ហែ​ក្បួន​ឆ្លង​មណ្ឌល​ដើម្បី​ឃោសនាបោះឆ្នោត​នោះ​ទេ​។​

លោក​ សុខ​ ឥ​សានបាន​និយាយ​ថា ​៖​ «​ខ្ញុំ​យល់​ថា​ការ​លើក​ឡើង​របស់​គណបក្ស​ប្រជាជន​វា​សម​ស្រប​ទៅ​ហ្នឹង​សភាពការណ៍​ជាក់ស្តែង​។​ អ​ញ្ចឹ​ង​ ​​! ​​យោបល់​យ៉ាងម៉េច​ជា​រឿង​របស់​​គេ​ ខ្ញុំ​មិន​​អាច​ថា​ខុស​ថា​ត្រូវ​បាន​ទេ​​។​ ដូច្នេះ​នៅ​ពេល​យក​បញ្ហា​នេះ​ពិចារណា​ ហើយ​សភា​ពេញអង្គ​នឹង​ពិភាក្សា​នា​ពេល​ខាង​មុខ​នេះ​ បើ​សភា​អនុម័ត​យ៉ាងណា​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ ហើយ​ទទួល​យល់​ព្រមទៅ​តាម​ការ​អនុញ្ញាត​របស់​រដ្ឋសភា​​»​​។​​

​សូម​​រំឭក​ថា​ ក្នុង​ជំនួប​រវាង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​ និង​ភាគតិច​កាលពី​ល្ងាច​ថ្ងៃ​ទី​ ០១​ ​ខែតុលា​នៅ​វិមាន​រដ្ឋ​សភាជាតិ​ដែល​ជជែក​គ្នា​អំពី​រឿង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ-​សង្កាត់​​នៅ​​មិន​ទាន់​មាន​លទ្ធផល​អ្វី​នៅឡើយ​នោះ​ទេ​។​  គណបក្ស​ទាំង​ពីរ​នឹង​បន្ត​កិច្ច​ពិភាក្សា​គ្នា​ពី​បញ្ហា​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ​-​សង្កាត់​លើ ​៥​ ចំណុច​ក្នុង​នោះ​មាន​៖​ ទី​ ១​ ការ​ដង្ហែ​ក្បួន​​ពេ​ល​ឃោសនាបោះឆ្នោត​  ទី ​២​ ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ទី​សាធារណៈ​  ទី ​៣​ រយៈពេល​នៃ​ការ​ឃោសនា​  ទី ​៤​ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ​  និង​ទី ​៥ ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​ ទី ០​៩​ ខែតុលា​ខាង​មុខ​ទៀត​៕​

Share

ព័ត៌មានទាក់ទង

Image