en     km
en     km

សម្ដេច ហ៊ុន សែនអះអាងថា ជនជាតិចិនមកកម្ពុជាគឺមកព្រោះតែការងារ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ កុំឲ្យបារម្ភពីកំណើននៃជនជាតិចិននៅកម្ពុជា ដែលមានវត្តមាននៅកម្ពុជា ដោយសារកម្ពុជាខ្វះកម្មករជំនាញទៅលើតម្រូវការការសាងសង់សំណងដែលចិនវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថាប្រជនកម្ពុជាព្រួយបារម្ភតែវត្តមានជនជាតិចិនដែលបង្ករចលាចលតែប៉ុណ្ណោះ ហើយកម្ពុជាត្រូវតែអនុវត្តន៍ បង្កើតច្បាប់គ្រប់ជនបរទេស។

លោក  សោម លាភ ជូនព័ត៌មាននេះ៖

សម្ដេច ហ៊ុន​ សែន បញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ ពលរដ្ឋខ្មែររស់នៅ ប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញ។

នាឱកាសនោះ សម្ដេចហ៊ុនសែនបញ្ជាក់ទៀតថា  កម្ពុជាមិនមានច្បាប់អនុញ្ញាតឲ្យជនជាតិចិនមករស់នៅកម្ពុជាទេ។ សម្ដេចថា ជនជាតិចិនទាំងនោះ នឹងត្រឡប់ទៅប្រទេសខ្លួនវិញ នៅពេលដែលបញ្ចប់ការងាររបស់ពួកគេ។

នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ទៀតថា ពលរដ្ឋខ្មែរមិនគួរព្រួយបារម្ភពីវត្តមានជនជាតិចិននោះទេ។ សម្ដេចថា ចិនមិនដែលនាំកងទ័ពរបស់ខ្លួនមកឈ្លានខ្មែរឡើយ តែកងទ័ពប្រទេសដទៃធ្លាប់មកឈានពានកម្ពុជា។

សម្ដេចបន្ថែមថា ជនជាតិចិនគ្រាន់តែមកវិនិយោគនៅកម្ពុជា ដើម្បីរីកចម្រើនៅប្រទេសនេះតែប៉ុណ្ណោះ ខណៈដែលប្រជាជនកម្ពុជាមិនទាន់មានជំនាញ និងបច្ចេកទេសក្នុងការងានេះ។

បច្ចុប្បន្ននេះ ប្រជាជនខ្មែរជាច្រើន បានបង្ហាញនូវក្ដីព្រួយបារម្ភចំពោះវត្តមានចិនដែលបង្កចលាចលដល់សង្គមកម្ពុជាជារឿយៗ។

លោក សន ជ័យ នាយកប្រត្ដិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់វិទ្យុស្រ្តីថា ពលរដ្ឋខ្មែរ មិនបានបង្ហាញការព្រួយបារម្ភចំពោះជនជាតិចិនដែលមកវិនិយោគនៅកម្ពជានោះទេ។

លោកបានបែងចែកថា ជនជាតិចិនមានវត្តមាននៅកម្ពុជា មានពីរប្រភេទ គឺជនជាតិចិនមកវិនិយោគ​និងមួយប្រភេទទៀត គឺ ជនជាតិចិនដែលតែងតែបង្កចលាចលអនាធិបតេយ្យក្នុងសង្គមកម្ពុជា។ លោកថា កម្ពុជា ត្រូវអនុវត្តតាមផ្លូវច្បាប់ ក៏ដូចជាបង្កើនការគ្រប់គ្រងរដ្ឋបាលជនបរទេស ជាពិសេសគឺជនជាតិចិននេះ។

គួររំលឹកថា កន្លងមក អាជ្ញាកម្ពុជាបានបង្ក្រាបជនជាតិចិននឹងបញ្ជូនទៅប្រទេសខ្លួនវិញជាច្រើននាក់ ដែលតែងតែបង្កផលប៉ះពាល់ដល់សង្គមកម្ពុជា។ ជាក់ស្ដែង ជនជាតិដែលតែងតែង្កភាពចលាចលនោះ ភាគច្រើនដូចជាបទល្មើសតាមបច្ចេកវិទ្យា ចរាចរសេវាកម្មផ្លូវភេទ បទល្មើសចរាចរណ៍ ការកាប់ និងបាញ់សម្លាប់គ្នា បទល្មើសគ្រឿងញៀន និងចោរកម្មជាដើម៕

(អត្ថបទ៖ លោក សោម លាភ)

Share

Image
Image
Image