ភ្នំពេញ៖ ធនាគារអភិវឌ្ឍអាស៊ី ADB បន្ថែមផ្ដល់ហិរញ្ញប្បទានចំនួន ២៥០លានដុល្លារដល់កម្ពុជា សម្រាប់កម្មវិធីអភិវឌ្ឍចំនួន ៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមសេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ការចុះហត្ថលេខាព្រមព្រៀងនេះធ្វើឡើងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារអភិវឌ្ឍអាស៊ី នៅថ្ងៃទី ២៤ តុលានេះ។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច ក្រោមវត្តមានរបស់លោក អួន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាមួយនឹងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគាអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា។
សម្រាប់កម្មវិធីទាំងបួនដែលមានកិច្ចព្រមព្រៀងគ្នានេះ មានដូចជា៖ កម្មវិធីអភិវឌ្ឍវិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី ២ គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជំវិញបឹងទន្លេសាបជំហានទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី២ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅមហាអនុតំបន់ទន្លេមេគង្គជំហានទី២។
ពាក់ព័ន្ធនឹងគម្រោង ក៏ដូចជាកម្មវិធីនេះ ធ្វើឡើងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជនខ្មែរ។
សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍអាស៊ីបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាសរុបប្រមាណជាង ៣ ពាន់លានដុលា្លរអាមេរិក ឥណទានមានប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក ព្រមទាំងហិរញ្ញប្បទានគ្មានសំណងមានប្រមាណជិត ៥ រយលានដុល្លារអាមេរិក៕
អត្ថបទ៖ លោក សោម លាភ