ក្រុងភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មសេរី ជាមួយប្រទេសវៀតណាម ដោយភាគីទាំងពីរបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងឲ្យបានឆាប់នាពេលខាងមុខនេះ មានសំណួរជាច្រើនបានចោទសួរថា តើនេះជាផលចំណេញសំរាប់ប្រទេសវៀតណាម ដើម្បីពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួនហើយក្លាយខ្លួនជាប្រទេសខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍?។ អ្នកវិភាគសេដ្ឋកិច្ចវៀតណាមមួយរូបបាន វិភាគថា នេះគឺជាឱកាសមាសពេជ្ររបស់វៀតណាម។
សូមស្តាប់ លោក សេរី វឌ្ឍនៈ ធ្វើសេចក្តីប្រែសម្រួល៖
យោងតាមអនុស្សារណៈនៃកិច្ចព្រមព្រៀងបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ គណៈកម្មាធិការសហភាពអឺរ៉ុបបានបង្ហាញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និង វិនិយោគរវាងអឺរ៉ុបនិងវៀតណាម សម្រាប់ការចុះហត្ថលេខា ចូលជាធរមាន ដោយកិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ពន្ធទំនិញ ៩៩ ភាគរយហើយនឹងលុបផ្នែកខ្លះតាមអត្រាពន្ធកូតា។
តាមសេចក្តីប្រកាសព័ត៌មាននេះដដែល ប្រព័ន្ធពន្ធអនុគ្រោះនេះនឹងលុបបំបាត់ពន្ធទំនិញដូចជា ស្ករសរ ផលិតផលកសិកម្ម គ្រឿងសមុទ្រ ទឹកឃ្មុំ គ្រឿងយន្ត រថយន្ត ។ល។ វិស័យផ្សេងដែលគេរំពឹងថានឹងអាចរីកចំរើន មានដូចជា វិស័យបច្ចេកវិទ្យា វិស័យវាយនភណ្ឌ វិស័យឧស្សាហកម្មធន់ធ្ងន់ វិស័យកសិកម្ម ជាដើម។
សហភាពអឺរ៉ុបបាននិយាយបន្ថែមថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី នៅក្នុងតំបន់អាស៊ាន ។ ពាណិជ្ជកម្មរវាងវៀតណាម និង សហភាពអឺរ៉ុបគឺមានតម្លៃ ៤៧.៦ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ និង មាន៣,៦ ពាន់លានអឺរ៉ូ សម្រាប់សេវាកម្ម។
លោក ង្វៀន ដេញឆុង នាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចកណ្តាលប្រទេសវៀតណាម បានពន្យល់ថា វៀតណាមនឹងចំណេញពីកិច្ចព្រមព្រៀងនេះច្រើន ឬ គេហៅបានថាជាឱកាសមាស ឱកាសពេជ្រទៅវិញ។ លោកវិភាគឃើញថា ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ នោះ វៀតណាមនឹងអាចរកចំណូល ប្រមាណ ២.៥ ភាគរយ បូកបញ្ចូលជាមួយ GDP សរុប នៅក្នុងឆ្នាំ ២០២០ ហើយ ៤.៦ ភាគរយ នៅឆ្នាំ ២០២៥។
លោកថ្លែងថា៖ «ជាធម្មតាប្រសិនបើកិច្ចព្រមព្រៀងនេះ ជោគជ័យ នោះវៀតណាមនឹងក្លាយជាប្រទេសដែលអាចអភិវឌ្ឍ វិស័យបច្ចេកវិទ្យា ហើយក៏អាចបង្កើតការងារបានរាប់ម៉ឺនកន្លែងសម្រាប់ជីវភាពប្រជាជនក្នុ្ងងស្រុក ជាពិសេស គឺតំបន់ដាច់ស្រយ៉ាលផងដែរ។»
លោកសង្កត់ធ្ងន់ថា នេះគឺជាឱកាសរបស់វៀតណាមក្នុងការនាំចេញផលិតផលវាយនភណ្ឌ វាយលុកទីផ្សារអឺរ៉ុប បង្កើនចំណូលសេដ្ឋកិច្ចរដ្ឋវៀតណាម។
មិនខុសគ្នាពីអ្នកវិភាគវៀតណាមមួយរូបនេះ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម ក៏បានលើកឡើង និង ពន្យល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា កិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែបង្កើនការផលិតផលិតផលក្នុងស្រុកតែប៉ុណ្ណោះទេ តែវាក៏ជួយដល់ការទិញទំនិញផលិតផលក្នុងស្រុក ផងដែរ ដែលនេះគឺជាកត្តាវិជ្ជមានសម្រាប់ជីវភាពប្រជាជនវៀតណាម។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ការបង្កើតនូវFree Trade Agreement នេះ គឺវាអាចធ្វើឲ្យទំនិញនាំចេញនាំចូលរួចផុតពន្ធ ហើយយើងដឹងហើយថា ពលរដ្ឋមានសំណាងក្នុងការទិញទំនិញរបស់ថោក កាលណាបើរបស់ថោក វាជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ មិនដូចស្រុកយើង ត្រង់ថាយើងខំដំឡើងពន្ធលើផលិតផលនាំចូលហើយតម្លៃហ្នឹងក៏វាថ្លៃ អញ្ជឹងវាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋទៅវិញ។»
លោកបណ្ឌិតសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ និងឈានទៅរកការផ្តល់ពន្ធអនុគ្រោះ EBA ឬ Everything but arms ខណៈដែលសហភាពអឺរ៉ុបកំពុងពិចារណាដកពន្ធអនុគ្រោះនេះចេញពីកម្ពុជា។
លោកបណ្ឌិតថា គ្រឹះសេដ្ឋកិច្ចវៀតណាមគឺមានភាពរឹងមាំ បូកបញ្ចូលទាំងធនធានមនុស្ស កម្លាំងពលកម្មពលរដ្ឋវៀតណាម និង ការអនុគ្រោះពន្ធពានិជ្ជកម្មទៀតសេដ្ឋកិច្ចវៀតណាមនឹងរត់ទាន់សេដ្ឋកិច្ចថៃ ហើយអាចក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនទៀតផង។
លោកបណ្ឌិត មាស នី៖ «គ្រឹះមូលដ្ឋានសេដ្ឋកិច្ចរបស់វៀតណាម មិនដូចយើងទេ យើងអត់ទាន់អាចរស់បានដោយខ្លួនឯងទេ ហើយយើងគឺជាប្រទេសដែលក្រីក្របំផុតនៅក្នុងតំបន់អាស៊ាន ហើយបើនិយាយពីធនធានមនុស្សវិញ ក៏វៀតណាមមានធនធានមនុស្សច្រើនជាយើង ជំនាញច្រើនជាងយើងផងដែរ ដូចេ្នះបូករួមទាំង កម្លាំងសេដ្ឋកិច្ច និង ការអនុគ្រោះពន្ធ ដូចដែលខ្ញុំលើកឡើងនេះ សេដ្ឋកិច្ចវៀតណាមនឹងរីកចម្រើនដូចដែលអ្វីដែលគេរំពឹងទុក។ »
យ៉ាងណាក៏ដោយ ក្រុមអ្នកសេដ្ឋកិច្ចបានពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA គឺខុសគ្នាពីប្រព័ន្ធពន្ធអនុគ្រោះ EBA ដោយសារតែវាមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងសងខាង ហើយក្រោយមកពីការទទួលបានផលពីពន្ធអនុគ្រោះ EBA។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមានលក្ខណៈភ្ជាប់គ្នាគឺដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង អ្នកទទួលបានពន្ធអនុគ្រោះ EBA ត្រូវតែគោរពលក្ខ័ណ្ឌសិទ្ធមនុស្ស។
លោក Phil Roberson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការ Human Right Watch ប្រចាំតំបន់អាស៊ីបានលើកឡើងថា វៀតណាមមានករណីសិទ្ធិមនុស្សជាច្រើនត្រូវដោះស្រាយ មុនពេលដែលខ្លួនត្រូវចុះហត្ថលេខាជាធរមាន។ លោកមិនគាំទ្រឲ្យសហភាពអឺរ៉ុបពិចារណាផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទៅឲ្យវៀតណាមទេប្រសិនបើទីក្រុងហាណូយ គ្មានចំណាត់ការណាមួយហ្មត់ចត់លើបញ្ហាសិទ្ធិមនុស្ស។
លោកបានលើកឡើងថា៖ «ច្បាស់លាស់ណាស់ថា វៀតណាម គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលរំលោភ សិទ្ធមនុស្សខ្លាំងក្លាបំផុត។ រដ្ឋាភិបាលបានចាប់យកអ្នកនយោបាយប្រមាណជាង ១២០ នាក់ដាក់ក្នុងពន្ធនាគារ ហើយចំណួននេះគឺកើនឡើងជារៀងរាល់ថ្ងៃ។»
លោកជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងមិនងាយដំណើរការស្រួលៗនោះ ទេ ប្រសិនបើគេពិចារណាល្អិតល្អន់លើបញ្ហាសិទ្ធិមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានឥរិយាបថមួយទន់ភ្លន់ជាមួយលោកខាងលិច នៅពេលដែលគេលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សជាដើម។ បញ្ហាសិទ្ធិមនុស្ស ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា មិនគោរពសិទ្ធិមនុស្ស ដែលអាចជាឧបសគ្គដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ប៉ុន្តែត្រូវបានមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប អះអាងថា វៀតណាមអាចនឹងទទួលបានការអនុគ្រោះពន្ធនេះ ព្រោះវៀតណាមជាប្រទេសដែលមានសក្តានុពល។
ថ្មីៗនេះ គេសង្កេតឃើញថា វៀតណាមហាក់ដូចជាឆក់យកឱកាស ប្រឹងប្រែងក្នុងការពង្រឹងពាណិជ្ជកម្មជាមួយលោកសេរី។ កាលពីដើមខែតុលា ឆ្នាំ ២០១៨ នេះ នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ចុះបញ្ចូលទាក់ទាញអ្នកវិនិយោគ ជប៉ុន និង អាមេរិកជាដើម៕