ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ បានអំពាវនាវឲ្យពលករកម្ពុជា ដែលកំពុងធ្វើការងារដោយខុសច្បាប់នៅប្រទេសកូរ៉េ ត្រឡប់មកវិញ ដើម្បីបំពេញឯកសារ។ ការអំពាវនាវនេះ ធ្វើឡើង ខណៈប្រទេសកូរ៉េខាងត្បូង បានប្រកាសទុកពេលឲ្យ ៦ខែ សម្រាប់ពលករបរទេស ដែលកំពុងធ្វើនៅប្រទេសនេះដោយខុសច្បាប់ចាកចេញ។ កូរ៉េព្រមានថា បើមិនព្រមចាកចេញ ហើយត្រូវចាប់បាន នឹងត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ហាមវិលទៅកាន់ប្រទេសនេះរយៈពេល ១០ឆ្នាំ។
លោក លៀ ស៊ីណា រាយការណ៍ ៖
កូរ៉េត្បូង ដែលជាប្រទេសមួយមានពលករខ្មែរទៅធ្វើការយ៉ាងច្រើននោះ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ប្រទេសនេះបានប្រកាសឲ្យពលករបរទេស ដែលកំពុងធ្វើការដោយខុសច្បាប់ទាំងអស់ ចាកចេញឲ្យអស់ពីប្រទេសរបស់ខ្លួន ក្នុងរយៈពេល ៦ខែ ចាប់ពីផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
ទាក់ទិនរឿងនេះ លោករដ្ឋមន្ដ្រីក្រសួងការងារ ទទួលស្គាល់ថា ពលករកម្ពុជាប្រទេសកូរ៉េខាងត្បូង ថ្វីត្បិតតែស្ទើរតែ១០០ភាគរយ ដែលជាពលករស្របច្បាប់ក៏ពិតមែន ក៏ប៉ុន្ដែក៏អាចនឹងមានពលករកម្ពុជា មួយចំនួន បាននឹងកំពុងស្នាក់នៅ ហើយធ្វើការដោយខុសច្បាប់ដែរ។ ក៏ប៉ុន្ដែលោកប៉ាន់ប្រមាណថា ពលករកម្ពុជាខុសច្បាប់ អាចនឹងមានចំនួនតិចតូចតែប៉ុណ្ណោះ។
លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករកម្ពុជា ទាំងអស់ ដែលកំពុងស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ឲ្យវិលមកកម្ពុជាវិញ មុនពេលប្រទេសកូរ៉េចាត់វិធានការលើពលករបរទេសខុសច្បាប់។ លោកបញ្ជាក់ថា ក្រោយពីមកកម្ពុជា ពលករខុសច្បាប់ទាំងអស់អាចរៀបចំឯកសារជាថ្មី ត្រឡប់ទៅវិញដោយស្របច្បាប់ ៖«យើងគឺភាគច្រើនគឺនៅទីនោះ ស្ទើរតែ១០០%គឺស្របច្បាប់ ហើយខ្ញុំគិតថា អ្នកដែលមិនស្របច្បាប់ប្រហែលជាមាន ប៉ុន្ដែតិចតូចណាស់ ហើយយើងក៏អំពាវនាវពីនេះទៅដែរ បើបងប្អូនណារស់នៅដោយមិនស្របច្បាប់ហ្នឹង គឺសុំឲ្យរៀបចំខ្លួនធ្វើឲ្យវាស្រប់ច្បាប់ តាមរយៈការចាក់ចេញមកសិន ហើយចាំយើងប្រឡងត្រឡប់ទៅវិញ»។
យោងតាមសេចក្ដីប្រកាសរបស់ប្រទេសកូរ៉េកាលថ្ងៃទី០១ ខែតុលា ប្រាប់ថា ក្រសួងយុត្ដិធម៌ នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង បានចាប់ផ្ដើមពង្រឹងវិធានការប្រឆាំង នឹងពលករបរទេសទាំងអស់ ដែលកំពុងធ្វើការងារដោយខុសច្បាប់នៅក្នុងវិស័យឧស្សាហកម្មនានា ដូចជាការងារសំណង់ ឬកន្លែងកម្សាន្ដសម្រាប់មនុស្សពេញវ័យ ក៏ដូចជាកន្លែងម៉ាស្សា ដែលជាការជ្រៀតចូលកនៅក្នុងទីផ្សារការងារក្នុងស្រុក និងជាក្ដីព្រួយបារម្ភចំពោះវប្បធម៌កូរ៉េផងដែរ។
ប្រទេសកូរ៉េ បានបញ្ជាក់ថា ខ្លួនទុករយៈពេល ៦ខែ សម្រាប់ការចាកចេញដោយស្ម័គ្រចិត្ដ គ្រប់ជនបរទេសទាំងអស់ មិនថា កំពុងស្នាក់នៅ ឬកំពុងធ្វើការឡើយ ឲ្យតែខុសច្បាប់ ។ រយៈពេលកំណត់នេះ គឺចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ ប្រទេសកូរ៉េ សង្កត់ធ្ងន់ថា ក្រោយពីផុតរយៈពេលនេះ ខ្លួននឹងចាត់វិធានការតឹងរ៉ឹងបំផុត ដោយចុះត្រួតពិនិត្យគ្រប់កន្លែង ហើយបើចាប់បានថា ជាពលករបរទេសខុសច្បាប់ បុគ្គលនោះ នឹងត្រូវបញ្ជូនចេញពីប្រទេសកូរ៉េភ្លាមៗ ហើយជាប់ឈ្មោះក្នុងបញ្ជីខ្មៅ នឹងហាមការចូលជាន់ដីកូរ៉េខាងត្បូងរយៈពេល ១០ឆ្នាំ ដោយមិនគិត ពីរយៈពេលដែលបានធ្វើការនៅប្រទេសនេះឡើយ។
បន្ថែមពីនេះ សេចក្ដីប្រកាសបានបញ្ជាក់ទៀតថា យុទ្ធនាការណ៍បោសសម្អាតជនបរទេសខុសច្បាប់នេះ គឺជា “គោលនយោបាយមួយជំហានឈ្នះ” ។ គោលនយោបាយមួយជំហានឈ្នះនេះ នឹងត្រូវអនុវត្ដដូចគ្នាចំពោះជនបរទេសទាំអស់ រួមទាំងនិស្សិតបរទេស ក៏ដូចជា សមាជិកគ្រួសារ នៃជនអន្ដោប្រវេសន៍ ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេសដែលធ្វើការដោយខុសច្បាប់ នៅក្នុងវិស័យឧស្សាហកម្មដែលបានរៀបរាប់ខាងលើ។
សូមជម្រាបថា បើគិតមកដល់ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋកម្ពុជា ដែលបានចាកចេញពីប្រទេសទៅធ្វើជាពលករនៅប្រទេសកូរ៉េខាងត្បូងអាចមានចំនួនជិត ៦ម៉ឺននាក់ ដែលកំពុងបំពេញការងារក្នុងវិស័យសំខាន់ៗមួយចំនួន មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់៕