en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ការងារ​ អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កូរ៉េ​ ត្រឡប់​មក​វិញ​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ ដែល​កំពុងធ្វើការ​ងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កូរ៉េ​ ត្រឡប់​មក​វិញ​ ដើម្បី​បំពេញ​ឯកសារ​។​ ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​ ខណៈ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​ទុក​ពេល​ឲ្យ​ ៦​ខែ​ សម្រាប់​ពលករ​បរទេស​ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​នេះ​ដោយ​ខុសច្បាប់​ចាកចេញ​។​ កូរ៉េ​ព្រមាន​ថា​ បើ​មិន​ព្រម​ចាកចេញ​ ហើយ​ត្រូវ​ចាប់​បាន​ នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ ហាម​វិល​ទៅ​កាន់​ប្រទេស​នេះ​រយៈពេល​ ១០​ឆ្នាំ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កូរ៉េ​ត្បូង​ ដែល​ជា​ប្រទេស​មួយ​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​យ៉ាងច្រើន​នោះ​ កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ ប្រទេស​នេះ​បាន​ប្រកាស​ឲ្យ​ពលករ​បរទេស​ ដែល​កំពុងធ្វើការ​ដោយ​ខុសច្បាប់​ទាំងអស់​ ចាកចេញ​ឲ្យ​អស់ពី​ប្រទេស​របស់​ខ្លួន​ ក្នុង​រយៈពេល​ ៦​ខែ​ ចាប់ពី​ផ្ដើម​ពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​។​

​ទាក់ទិន​រឿង​នេះ​ លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ទទួលស្គាល់​ថា​ ពលករ​កម្ពុជា​ប្រទេស​កូរ៉េ​ខាងត្បូង​ ថ្វី​ត្បិត​តែ​ស្ទើរតែ​១០០​ភាគរយ​ ដែល​ជា​ពលករ​ស្របច្បាប់​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​ក៏​អាច​នឹង​មាន​ពលករ​កម្ពុជា​ មួយ​ចំនួន​ បាន​នឹង​កំពុង​ស្នាក់​នៅ​ ហើយ​ធ្វើការ​ដោយ​ខុសច្បាប់​ដែរ​។​ ក៏​ប៉ុន្ដែ​លោក​ប៉ាន់​ប្រមាណ​ថា​ ពលករ​កម្ពុជា​ខុសច្បាប់​ អាច​នឹង​មាន​ចំនួន​តិច​តូច​តែ​ប៉ុណ្ណោះ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ ទាំងអស់​ ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​ ឲ្យ​វិល​មក​កម្ពុជា​វិញ​ មុន​ពេល​ប្រទេស​កូរ៉េ​ចាត់វិធានការ​លើ​ពលករ​បរទេស​ខុសច្បាប់​។​ លោក​បញ្ជាក់​ថា​ ក្រោយ​ពី​មក​កម្ពុជា​ ពលករ​ខុសច្បាប់​ទាំងអស់​អាច​រៀបចំ​ឯកសារ​ជា​ថ្មី​ ត្រឡប់​ទៅ​វិញ​ដោយ​ស្របច្បាប់​ ៖«​យើង​គឺ​ភាគច្រើន​គឺ​នៅ​ទីនោះ​ ស្ទើរតែ​១០០%​គឺ​ស្របច្បាប់​ ហើយ​ខ្ញុំ​គិត​ថា​ អ្នក​ដែល​មិន​ស្របច្បាប់​ប្រហែលជា​មាន​ ប៉ុន្ដែ​តិច​តូច​ណាស់​ ហើយ​យើង​ក៏​អំពាវនាវ​ពី​នេះ​ទៅ​ដែរ​ បើ​បងប្អូន​ណា​រស់នៅ​ដោយ​មិន​ស្របច្បាប់​ហ្នឹង​ គឺ​សុំ​ឲ្យ​រៀបចំ​ខ្លួន​ធ្វើ​ឲ្យ​វា​ស្រប់ច្បាប់​ តាម​រយៈ​ការ​ចាក់ចេញ​មក​សិន​ ហើយ​ចាំ​យើង​ប្រឡង​ត្រឡប់​ទៅ​វិញ​»​។​

​យោង​តាម​សេចក្ដី​ប្រកាស​របស់​ប្រទេស​កូរ៉េ​កាល​ថ្ងៃ​ទី​០១​ ខែតុលា​ ប្រាប់​ថា​ ក្រសួងយុត្ដិធម៌​ នៃ​សាធារណៈរដ្ឋ​កូរ៉េ​ខាងត្បូង​ បាន​ចាប់ផ្ដើម​ពង្រឹង​វិធានការ​ប្រឆាំង​ នឹង​ពលករ​បរទេស​ទាំងអស់​ ដែល​កំពុងធ្វើការ​ងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​នានា​ ដូច​ជា​ការងារ​សំណង់​ ឬ​កន្លែង​កម្សាន្ដ​សម្រាប់​មនុស្ស​ពេញវ័យ​ ក៏​ដូច​ជា​កន្លែង​ម៉ាស្សា​ ដែល​ជា​ការ​ជ្រៀតចូល​ក​នៅ​ក្នុង​ទីផ្សារ​ការងារ​ក្នុងស្រុក​ និង​ជា​ក្ដី​ព្រួយបារម្ភ​ចំពោះ​វប្បធម៌​កូរ៉េ​ផង​ដែរ​។​

​ប្រទេស​កូរ៉េ​ បាន​បញ្ជាក់​ថា​ ខ្លួន​ទុក​រយៈពេល​ ៦​ខែ​ សម្រាប់​ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ដ​ គ្រប់​ជនបរទេស​ទាំងអស់​ មិន​ថា​ កំពុង​ស្នាក់​នៅ​ ឬ​កំពុងធ្វើការ​ឡើយ​ ឲ្យ​តែ​ខុសច្បាប់​ ។​ រយៈពេល​កំណត់​នេះ​ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​។​ ប្រទេស​កូរ៉េ​ សង្កត់ធ្ងន់​ថា​ ក្រោយ​ពី​ផុត​រយៈពេល​នេះ​ ខ្លួន​នឹង​ចាត់វិធានការ​តឹងរ៉ឹង​បំផុត​ ដោយ​ចុះ​ត្រួតពិនិត្យ​គ្រប់កន្លែង​ ហើយ​បើ​ចាប់​បាន​ថា​ ជា​ពលករ​បរទេស​ខុសច្បាប់​ បុគ្គល​នោះ​ នឹង​ត្រូវ​បញ្ជូន​ចេញពី​ប្រទេស​កូរ៉េ​ភ្លាមៗ​ ហើយ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ នឹង​ហាម​ការ​ចូល​ជាន់​ដី​កូរ៉េ​ខាងត្បូង​រយៈពេល​ ១០​ឆ្នាំ​ ដោយ​មិន​គិត​ ពី​រយៈពេល​ដែល​បាន​ធ្វើការ​នៅ​ប្រទេស​នេះ​ឡើយ​។​

​បន្ថែម​ពី​នេះ​ សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ទៀត​ថា​ យុទ្ធនា​ការណ៍​បោសសម្អាត​ជនបរទេស​ខុសច្បាប់​នេះ​ គឺជា​ “​គោលនយោបាយ​មួយ​ជំហាន​ឈ្នះ​”​ ។​ គោលនយោបាយ​មួយ​ជំហាន​ឈ្នះ​នេះ​ នឹង​ត្រូវ​អនុវត្ដ​ដូច​គ្នា​ចំពោះ​ជនបរទេស​ទាំ​អស់​ រួម​ទាំង​និស្សិត​បរទេស​ ក៏​ដូច​ជា​ សមាជិកគ្រួសារ​ នៃ​ជនអន្ដោប្រវេសន៍​ ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​ជនបរទេស​ដែល​ធ្វើការ​ដោយ​ខុសច្បាប់​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​បាន​រៀបរាប់​ខាងលើ​។​

​សូម​ជម្រាប​ថា​ បើ​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចាក​ចេញពី​ប្រទេស​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​អាច​មាន​ចំនួន​ជិត​ ៦​ម៉ឺន​នាក់​ ដែល​កំពុង​បំពេញការងារ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ មាន​ដូច​ជា​ វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ និង​វិស័យ​សំណង់​៕

Share

Image
Image
Image