ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងដែនដីសន្យាដោះស្រាយបញ្ហាជម្លោះដីធ្លីដល់អ្នកភូមិរស់នៅក្នុងឃុំ ២ ធ្នូ ស្រុកស្នួលខេត្តក្រចេះ ដែលមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមុតរំលោភយកដោយឈួសឆាយបំភ្លេចបំផ្លាញដំណាំ និងដុតផ្ទះជាច្រើនខ្នង។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
អ្នកភូមិរស់នៅក្នុងឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាង ៣០០នាក់ តំណាងឱ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីជាង ១៦០០ គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកៅស៊ូមេមុត ឡើងមករាជធានីភ្នំពេញជាថ្មី ដើម្បីស្នើសុំឱ្យលោករដ្ឋមន្ត្រីក្រសួងដែនជួយដោះស្រាយ។
ក្រោយជំនួបជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង លោក តូច ដុល តំណាងឱ្យអ្នកភូមិមានជម្លោះដីធ្លី មានប្រសាសន៍ថា លោករដ្ឋមន្ត្រីយល់ព្រមតាមសំណើររបស់អ្នកភូមិស្នើសុំដីផ្ទះទំហំ ២០ ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និង ដីចម្ការ ២ហិចតាកន្លះ។
លោក តូច ដុល បន្ថែមថា លោករដ្ឋមន្ត្រីសន្យាបញ្ជូនក្រុមការងាររបស់ក្រសួងដែនដីពីភ្នំពេញ ទៅវាស់វែងក្បាល់ដីជូនប្រជាពលរដ្ឋនៅស្អែក។ ប៉ុន្តែលោកមន្ត្រីស្នើឱ្យអ្នកភូមិទប់ស្កាត់ប្រជាពលរដ្ឋដទៃទៀតពីខាងក្រៅកុំឱ្យចូលទៅកាន់កាប់ដីកំពុងមានជម្លោះនោះ។
លោក តូច ដុល៖ «ពេលឯកឧត្តមជា សុផារ៉ា គាត់បានសន្យាថានឹងចុះចែកជូនពួគគាត់ ហើយគាត់នឹងចុះទៅផ្ទាល់ទៀត ទៅចែកដីនៅនឹងកន្លែង ដល់អញ្ចឹងខ្ញុំមានអារម្មណ៍ថា កក់ក្តៅអស់ចិត្តហើយ»។
លោក ដុល រំលឹកថា ក្រោយមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃទី ៨ មីនា ឆ្នាំ ២០១៨មក លោកអភិបាលខេត្តបានចុះទៅវាស់វែងក្បាលដីដោយទទួលស្គាល់ប្រជាពលរដ្ឋទាំងនោះជាម្ចាស់កម្មសិទ្ធិដីធ្លី ហើយលោកអភិបាលខេត្តសន្យាថានឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅក្នុងឃុំ ២ ធ្នូ ។ ប៉ុន្តែតំណាងពលរដ្ឋរូបនេះ អះអាងថា លោកអភិបាលខេត្តពុំបានគោរពតាមសន្យានោះទេ ជាហេតុនាំឱ្យប្រជាពលរដ្ឋឡើងមកភ្នំពេញ។
លោក ដុល បញ្ជាក់ថា ប្រជាពលរងផលប៉ះពាល់ដីចំការម្នាក់ពី ៣ ទៅ ៤ ហិចតា ក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៦២៥ គ្រួសារ មកពីស្រុកស្នួល ខេត្តក្រចេះ។
អ្នកស្រី ចាន់ ស្រីស្រស់ អ្នកមានជម្លោះដីធ្លីមួយរូបមានប្រសាសន័ថា អ្នកស្រីមានដីចំការចំនួនបីហិចតាត្រូវបានក្រុមហ៊ុនមេមុតរំលោភយក។ ប៉ុន្តែអ្នកស្រី និងអ្នកភូមិផ្សេងទៀតបានព្រមព្រៀងគ្នាថាបើអាជ្ញាធរដោះស្រាយបញ្ហាដីនោះ អ្នកភូមិទាំងអស់នឹងស្នើសុំដីភូមិសម្រាប់សងផ្ទះ២០ គុណ ៥០ ម៉ែត្រ និងដីចំការ២ហិចតាកន្លះក្នុងមួយគ្រួសារ។
អ្នកស្រី ចាន់ ស្រីស្រស់៖ «មេតាសូមឱ្យសម្តេចជួយ ជួយខ្ញុំផង លោកឳពុក ជួយកូនផង កូនអត់មានអ្វីទេ រាលថ្ងៃកូនរំពឹងតែលោកឳពុក បើលោកឳមេត្តាឱ្យកូននឹងដឹងគុណលោកឳពុករហូត ព្រោះកូនអត់មានទេ កូនក្រអត់មានទេ មានតែដីប៉ុណ្ណឹងទេ បើក្រុមហ៊ុនយកអស់ហើយខ្ញុំអត់មានអ្វីដាំដំណាំទេអូន»។
កាលពីថ្ងៃទី ៨ មីនា ឆ្នាំ ២០១៨ អ្នកភូមិរងគ្រោះដីធ្លីតវ៉ាបិទផ្លូវជាតិលេខ ៧៦ A នាំឱ្យមានការប៉ះទង្គិចដោយហិង្សា ហើយសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើង ដើម្បីការពារគ្រឿងចក្ររបស់ក្រុមហ៊ុនចុះទៅឈួសឆាយដំណាំនិងផ្ទះសម្បែងរបស់អ្នកភូមិ។ ការប៉ះទង្គិចដោយហិង្សានាំឱ្យប្រជាពលរដ្ឋរងរបួសជាច្រើននាក់។
ក្រោយលោករដ្ឋមន្ត្រីសន្យាដោះស្រាយដីធ្លី អ្នកភូមិមានជម្លោះដីធ្លីដែលមកស្នាក់នៅវត្តសាមគ្គីរង្សី សម្រេចវិលត្រឡប់ទៅស្រុកវិញភ្លាមៗ។
ជាមួយគ្នានេះ ក្រសួងដែនដីបានចេញសេចក្តីប្រកាសព័ត៌មានថា ប្រជាពលរដ្ឋទាំងនោះទទួលថាបានទន្ទ្រានកាន់កាប់ដីរដ្ឋដែលបានផ្តល់សិទ្ធដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចម្ការកៅស៊ូមេមុត ព្រោះប្រជាពលរដ្ឋខ្វះដីបង្កបង្កើនផល។ ក្រសួងដែនដីបញ្ជាក់ថា អ្នកភូមិយល់ព្រមទទួលយកដីតាមទំហំ និងទីកន្លែងតាមការកំណត់របស់អាជ្ញាធរខេត្តក្រចេះ៕