ភ្នំពេញ ៖ ត្រឹមតែ ៣សប្ដាហ៍ ដើមខែតុលា ឆ្នាំ២០១៨នេះ មនុស្សចំនួន ១១នាក់ បានស្លាប់ករណីរន្ទះបាញ់។ មន្ដ្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ថា អាកាសធាតុឆ្នាំនេះ មានសភាពអាក្រក់ជាងឆ្នាំមុនៗ ដែលប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្ន ឲ្យបានខ្ជាប់ខ្ជូនរាល់ពេលមេឃរកភ្លៀង។
លោក លៀ ស៊ីណា រាយការណ៍ ៖
មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានប្រាប់វិទ្យុស្ដ្រីថា គិតពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ រន្ទះបាញ់បានសម្លាប់មនុស្សចំនួន ១១នាក់ ដែលស្ថិតក្នុងខេត្ដតាកែវ ព្រៃវែង បាត់ដំបង កំពង់ធំ ស្ទឹងត្រែង ព្រះសីហនុ និងខេត្ដបន្ទាយមានជ័យ។ លោកបន្ដថា ក្រៅពីអ្នកស្លាប់ទាំង ១១នាក់នេះ ក៏មានប្រជាពលរដ្ឋចំនួន ១៤នាក់ផ្សេងទៀត បានរងរបួសផងដែរ ក្នុងនោះម្នាក់ជាស្ដ្រី។ លើសពីនេះ មានគោ ក្របី ចំនួន ០៨ក្បាល បានងាប់ និងខូចផ្ទះចំនួនខ្នង។
ករណីរន្ទះបាញ់នេះ គឺជាគ្រោះធម្មជាតិដែលងាយនឹងកើតឡើង វាយប្រហារមិនថា មនុស្ស សត្វ ដើមឈើ ឬផ្ទះសំបែងនោះទេ។ ដើម្បីការពារខ្លួនកុំឲ្យក្លាយជាចំណុចគោលដៅរបស់រន្ទះ លោក កែវ វី មានប្រសាសន៍ថា កាលណាពលរដ្ឋបានសង្កេតឃើញ ផ្ទៃមេឃពពកឡើងខ្មៅ រកកលចង់ភ្លៀង គឺមិនត្រូវស្ថិតនៅកន្លែងដែលមានទឹកដក់ឡើយ។ បន្ថែមពីនេះមិនត្រូវកាន់សម្ភារដែលធ្វើពីលោហៈ មានដូចជា កាំបិទ ពូថៅ ចបជីក និងចបកាប់ជាដើម។ លើសពីនេះគឺមិនត្រូវប្រើទូរស័ព្ទឡើយ ហើយត្រូវរូតរះវិលទៅផ្ទះវិញ ៖«ចំណែកនៅតាមផ្ទះអញ្ចឹង គឺយើងសុំកុំឲ្យគាត់កាន់របស់មានជាតិដែក ដូចជាចានដែក ឬរបស់ផ្សេងៗដែលមានជាតិដែរ ហើយកុំបើកទូរទស្សន៍ដោយសារវាជាការស្រូបទាញរន្ទះតាមបង្គោលអង់តែនអីអញ្ចឹង។ ដូច្នេះយើងគិតថា ការគ្រោះថ្នាក់វានៅតែមានអញ្ចឹង ប៉ុន្ដែវាមានការថយចុះច្រើនបើយើងប្រៀបធៀបកាលពី ១០ឆ្នាំមុន»។
សូមជម្រាបថា បើគិតពីខែមករា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ រន្ទះបានបាញ់សម្លាប់ប្រជាពលរដ្ឋចំនួន ១០៧នាក់ និងរងរបួសចំនួន ៧៧នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ១០៧នាក់នេះ មានស្ដ្រីចំនួន ២៦នាក់។ លើសពីនេះ ក៏មានសត្វគោ ក្របី ចំនួន ១០៩ក្បាលផងដែរ ដែលត្រូវរន្ទះបាញ់ងាប់។
មន្ដ្រីនាំពាក្យ បន្ដទៀតថា បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ចំនួនប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ នៅឆ្នាំ២០១៨នេះ គឺមានការកើនឡើង។ ពីព្រោះតែបាតុភូតអាកាសធាតុនៅក្នុងឆ្នាំនេះ ហាក់មិនសូវល្អ ដោយសារតែការរងឥទ្ធិពលពីព្យុះ ដែលកើតនៅប្រទេសជិតខាងកម្ពុជា ៖«ឆ្នាំមុនតិចតូចទេ (២០១៧) ឆ្នាំមុនខ្ទង់មួយឆ្នាំហ្នឹងតែ ៧០ ទៅ៨០នាក់ទេ។ ឆ្នាំនេះគ្រោះថ្នាក់សាររន្ទះវាច្រើនជាង ដោយសារយើងមើលហើយស្ថានភាពអាកាសធាតុមានការផ្លាស់ប្ដូរច្រើន វាមានខ្យល់ព្យុះក្នុងតំបន់ច្រើន។ វាបង្កើតជាជ្រលងសម្ពាធផ្សេងៗដាក់មកលើស្រុកខ្មែរយើង មានខ្យល់ មានព្យុះមានភ្លៀង អញ្ចឹងទៅ វាក៏បង្កឲ្យមានការរងគ្រោះដោយសាររន្ទះហ្នឹងក៏ច្រើនដែរ»។
យ៉ាងណាលោកអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នឲ្យបានជាប់ជានិច្ច នៅរាល់ពេលដែលបានឃើញថា មេរកកល់ចង់ភ្លៀង គឺដាច់ខាតត្រូវតែវិលត្រឡប់ទៅរកទីលំនៅវិញឲ្យបានមុនភ្លៀងធ្លាក់ ហើយសម្រាប់អ្នកដំណើរ គួរតែរកកន្លែងជ្រកភ្លៀងដោយពុំគួរបន្ដដំណើរទាំងមេឃកំពុងធ្លាក់ភ្លៀងនោះទេ៕