en     km
en     km

៣​ស​ប្ដា​ហ៍​ដើមខែ​តុលា​ រន្ទះបាញ់​សម្លាប់​មនុស្ស​ ១១​នាក់​ និង​របួស​ ១៤​នាក់​

Share

​ភ្នំពេញ​ ៖​ ត្រឹមតែ​ ៣​ស​ប្ដា​ហ៍​ ដើមខែ​តុលា​ ឆ្នាំ​២០១៨​នេះ​ មនុស្ស​ចំនួន​ ១១​នាក់​ បាន​ស្លាប់​ករណី​រន្ទះបាញ់​។​ មន្ដ្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បញ្ជាក់​ថា​ អាកាសធាតុ​ឆ្នាំ​នេះ​ មាន​សភាព​អាក្រក់​ជាង​ឆ្នាំ​មុនៗ​ ដែល​ប្រជាពលរដ្ឋ​គួរតែ​ប្រុង​ប្រយ័ត្ន​ ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​រាល់ពេល​មេឃ​រក​ភ្លៀង​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ លោក​ កែវ​ វី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គិត​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​ រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​ចំនួន​ ១១​នាក់​ ដែល​ស្ថិត​ក្នុង​ខេត្ដតាកែវ​ ព្រៃវែង​ បាត់ដំបង​ កំពង់ធំ​ ស្ទឹង​ត្រែង​ ព្រះ​សីហ​នុ​ និង​ខេត្ដបន្ទាយមានជ័យ​។​ លោក​បន្ដ​ថា​ ក្រៅពី​អ្នក​ស្លាប់​ទាំង​ ១១​នាក់​នេះ​ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១៤​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ផង​ដែរ​ ក្នុង​នោះ​ម្នាក់​ជា​ស្ដ្រី​។​ លើស​ពី​នេះ​ មាន​គោ​ ក្របី​ ចំនួន​ ០៨​ក្បាល​ បាន​ងាប់​ និង​ខូច​ផ្ទះ​ចំនួន​ខ្នង​។​

​ករណី​រន្ទះបាញ់​នេះ​ គឺជា​គ្រោះ​ធម្មជាតិ​ដែល​ងាយ​នឹង​កើតឡើង​ វាយប្រហារ​មិន​ថា​ មនុស្ស​ សត្វ​ ដើមឈើ​ ឬ​ផ្ទះសំបែង​នោះ​ទេ​។​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ក្លាយជា​ចំណុច​គោលដៅ​របស់​រន្ទះ​ លោក​ កែវ​ វី​ មាន​ប្រសាសន៍​ថា​ កាលណា​ពលរដ្ឋ​បាន​សង្កេត​ឃើញ​ ផ្ទៃមេឃ​ពពក​ឡើង​ខ្មៅ​ រកកល​ចង់​ភ្លៀង​ គឺ​មិន​ត្រូវ​ស្ថិត​នៅ​កន្លែង​ដែល​មានទឹក​ដក់​ឡើយ​។​ បន្ថែម​ពី​នេះ​មិន​ត្រូវ​កាន់​សម្ភារ​ដែល​ធ្វើ​ពី​លោហៈ​ មាន​ដូច​ជា​ កាំ​បិទ​ ពូថៅ​ ចបជីក​ និង​ចបកាប់​ជាដើម​។​ លើស​ពី​នេះ​គឺ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ឡើយ​ ហើយ​ត្រូវ​រូតរះ​វិល​ទៅ​ផ្ទះ​វិញ​ ៖«​ចំណែក​នៅ​តាម​ផ្ទះ​អ​ញ្ចឹ​ង​ គឺ​យើង​សុំ​កុំ​ឲ្យ​គាត់​កាន់​រប​ស់មានជាតិ​ដែក​ ដូច​ជា​ចានដែក​ ឬ​របស់​ផ្សេងៗ​ដែល​មាន​ជាតិ​ដែរ​ ហើយ​កុំ​បើក​ទូរទស្សន៍​ដោយសារ​វា​ជា​ការ​ស្រូប​ទាញ​រន្ទះ​តាម​បង្គោល​អង់​តែ​ន​អី​អ​ញ្ចឹ​ង​។​ ដូច្នេះ​យើង​គិត​ថា​ ការ​គ្រោះថ្នាក់​វា​នៅ​តែ​មាន​អ​ញ្ចឹ​ង​ ប៉ុន្ដែ​វា​មានការ​ថយ​ចុះ​ច្រើន​បើ​យើង​ប្រៀបធៀប​កាលពី​ ១០​ឆ្នាំ​មុន​»​។​

​សូម​ជម្រាប​ថា​ បើ​គិត​ពី​ខែមករា​ ដល់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​នេះ​ រន្ទះ​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​ ១០៧​នាក់​ និង​រង​របួស​ចំនួន​ ៧៧​នាក់​។​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ ១០៧​នាក់​នេះ​ មាន​ស្ដ្រី​ចំនួន​ ២៦​នាក់​។​ លើស​ពី​នេះ​ ក៏​មាន​សត្វ​គោ​ ក្របី​ ចំនួន​ ១០៩​ក្បាល​ផង​ដែរ​ ដែល​ត្រូវ​រន្ទះបាញ់​ងាប់​។​

​មន្ដ្រី​នាំពាក្យ​ បន្ដ​ទៀត​ថា​ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​ ចំនួន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​ នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​មានការ​កើនឡើង​។​ ពីព្រោះ​តែ​បាតុភូត​អាកាសធាតុ​នៅ​ក្នុងឆ្នាំនេះ​ ហាក់​មិនសូវ​ល្អ​ ដោយសារ​តែ​ការ​រង​ឥទ្ធិពល​ពី​ព្យុះ​ ដែល​កើត​នៅ​ប្រទេស​ជិតខាង​កម្ពុជា​ ៖«​ឆ្នាំ​មុន​តិច​តូច​ទេ​ (២០១៧)​ ឆ្នាំ​មុន​ខ្ទង់​មួយ​ឆ្នាំ​ហ្នឹង​តែ​ ៧០​ ទៅ​៨០​នាក់​ទេ​។​ ឆ្នាំ​នេះ​គ្រោះថ្នាក់​សារ​រន្ទះ​វា​ច្រើន​ជាង​ ដោយសារ​យើង​មើល​ហើយ​ស្ថានភាព​អាកាសធាតុ​មានការ​ផ្លាស់​ប្ដូរ​ច្រើន​ វា​មាន​ខ្យល់ព្យុះ​ក្នុង​តំបន់​ច្រើន​។​ វា​បង្កើត​ជា​ជ្រលង​សម្ពាធ​ផ្សេងៗ​ដាក់​មក​លើ​ស្រុក​ខ្មែរ​យើង​ មាន​ខ្យល់​ មាន​ព្យុះ​មាន​ភ្លៀង​ អ​ញ្ចឹ​ង​ទៅ​ វា​ក៏​បង្ក​ឲ្យ​មានការ​រង​គ្រោះ​ដោយសារ​រន្ទះ​ហ្នឹង​ក៏​ច្រើន​ដែរ​»​។​

​យ៉ាងណា​លោក​អំពាវ​នា​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ជាប់​ជា​និច្ច​ នៅ​រាល់ពេល​ដែល​បានឃើញ​ថា​ មេ​រកកល់​ចង់​ភ្លៀង​ គឺ​ដាច់ខាត​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ទីលំនៅ​វិញ​ឲ្យ​បាន​មុន​ភ្លៀង​ធ្លាក់​ ហើយ​សម្រាប់​អ្នកដំណើរ​ គួរតែ​រក​កន្លែង​ជ្រក​ភ្លៀង​ដោយ​ពុំគួរ​បន្ដដំណើ​រទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​នោះ​ទេ​៕

Share

Image
Image
Image