នៅពេលដែលអ្នកក្លាយជាបុគ្គលិកហាត់ការងារ(Internship) អ្នកមានឱកាសជាច្រើនក្នុងការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការងាររបស់អ្នក។
ទីមួយ អ្នកអាចទទួលបាននូវបទពិសោធការងារប្រកបដោយវិជ្ជាជីវៈ និងអាចបង្កើតទំនាក់ទំនងជាមួយបុគ្គលិកហាត់ការ និងបុគ្គលិកដទៃទៀតជាច្រើនរៀងរាល់ថ្ងៃ។ អ្នកក៏អាចទទួលបាននូវទស្សនវិស័យល្អៗពីការងារដែលអ្នកកំពុងមានចំណាប់អារម្មណ៍ធ្វើនោះ។
រឿងរ៉ាវដ៏អស្ចារ្យពីការហ្វឹកហាត់ធ្វើការងាររបស់អ្នក គឺមិនមែនថាអ្នកទទួលបានប្រាក់កម្រៃឬក៏អត់នោះទេ ប៉ុន្តែបទពិសោធការងារដែលផ្ដល់ឱ្យអ្នកយល់កាន់តែច្បាស់ពីអ្វីដែលអ្នកពិតជាចង់ធ្វើក្នុងជីវិតរបស់អ្នក។ បើអ្នកកំពុងតែស្រឡាញ់ក្រុមហ៊ុនដែលអ្នកកំពុងហាត់ការងារនោះ នោះវាអាចមានតិចនិចជាច្រើនទៀត ដែលអាចជួយឱ្យអ្នកទទួលបានការងារនោះធ្វើ បន្ទាប់ពីការហ្វឹកហាត់ការងាររបស់អ្នកត្រូវបានបញ្ចប់។
បើទោះជាអ្នកមិនពេញចិត្តនឹងក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះទាំងស្រុងក៏ដោយ តែវាអាចជាគំនិតល្អក្នុងការបញ្ចូលនូវបុគ្គលិកលក្ខណៈទាំងនេះទៅក្នុងរបៀបធ្វើការងាររបស់អ្នក។ ដូច្នេះអ្នកនឹងក្លាយទៅជាបេក្ខជនដែលត្រូវបានសន្យាសម្រាប់ការរើសបុគ្គលិកចូលបម្រើ
ការងារនាពេលអនាគត។
ទី១. ការគោរពពេលវេលា
អ្នកមិនត្រឹមតែមកធ្វើការឱ្យទាន់ពេលនោះទេ តែក៏គួរមកឱ្យបានមុនម៉ោងពី ១៥ ទៅ ៣០ នាទី ផងដែរ ដែលនេះអាចនឹងផ្ដល់ឱកាសក្នុងការទទួលបាននូវការកត់សម្គាល់មួយដ៏ល្អ។ វាបង្ហាញទៅកាន់និយោជកនិងអ្នកធ្វើការជាមួយគ្នាថាអ្នកកំពុងតែធ្វើការងាររបស់អ្នកយ៉ាងម៉ត់ចត់ និងមានក្រមសីលធម៌ធ្វើការខ្ពស់។
ទី២. ភាពមោះមុត និងសុទិដ្ឋិនិយម
នៅពេលដែលអ្នកបង្ហាញដល់និយោជករបស់អ្នកថាអ្នកកំពុងតែចាប់អារម្មណ៍ពីមុខតំណែង
របស់អ្នក ហើយអ្នកតែងតែព្យាយាមទទួលយកនូវចំណេះដឹងនិងជំនាញថ្មីៗ នោះអ្នកនឹងមិននៅត្រឹមតែជាបុគ្គលិកហាត់ការដែលឆុងកាហ្វេនោះទេ។ អ្នកគួរតែមានគំនិតសុទិដ្ឋិនិយម និងមានឆន្ទៈក្នុងការទទួលយកនូវមុខងារឬក៏កិច្ចការដទៃទៀតដែលអ្នកត្រូវបានចាត់ឱ្យធ្វើ។ «ធ្វើកាន់តែច្រើន ឱកាសដែលត្រូវបានគេកត់ចំណាំល្អៗក៏កាន់តែច្រើន»។
ទី៣. វិជ្ជាជីវៈ
ជាធម្មតានៅកន្លែងធ្វើការតែងតែមានបុគ្គលិកហាត់ការឬក៏និយោជិតដទៃទៀត ដែលមានទម្លាប់និយាយដើមគេ ធ្វើខុសច្បាប់ក្រុមហ៊ុន ឬក៏ធ្វើខ្លួនមិនមានវិជ្ជាជីវៈ។ រឿងដែលល្អបំផុតមួយដែលអ្នកអាចធ្វើបាននោះ គឺចៀសឱ្យផុតពីឥរិយាបថទំាងអស់នោះ។ អ្នកត្រូវចាំថាអ្នកតែងតែគោរពខ្លួនឯងនិងអ្នកដទៃ ហើយទោះជាយ៉ាងណាអ្នកគួរធ្វើខ្លួនឱ្យល្អ ជាជាងនិយាយដើមគេ។
ទី៤. ត្រូវដឹងពីព័ត៌មាននិងដំណឹងផ្សេងៗ
មុនពេលដែលអ្នកទៅសម្ភាសការងារ អ្នកគួរធ្វើស្រាវជ្រាវពីប្រវត្តិក្រុមហ៊ុន ការផ្សាយព័ត៌មានថ្មីៗទាក់ទងនឹងក្រុមហ៊ុន និងរបាយការណ៍ក្រុមហ៊ុន មិនអញ្ចឹង? វាដូចគ្នាទេទៅនឹងពេលដែលអ្នកធ្វើជាបុគ្គលិកហាត់ការងារនោះ។
អ្នកមិនចង់ឈប់ដឹងពីព័ត៌មានថ្មីបំផុតរបស់ក្រុមហ៊ុន ព្រោះអ្នកគ្រាន់តែជាបុគ្គលិកហាត់ការនោះទេ តែអ្នកត្រូវតែដឹងជានិច្ចនូវការប្រែប្រួលនិងការរីកចម្រើនផ្សេងៗរបស់ក្រុមហ៊ុនអ្នក។
នេះវាបានជួយជាពិសេសនៅពេលដែលអ្នកកំពុងនិយាយជាមួយអ្នកធ្វើការជាមួយគ្នា និងអ្នកគ្រប់គ្រងរបស់អ្នកទាំងក្នុងនិងក្រៅការងារ។ វាដើរតួដូចអ្នកដែលចាប់ផ្ដើមសន្ទនា និងវាក៏បង្ហាញពីកិច្ចការដែលអ្នកបានធ្វើ។
ទី៥. ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងរបស់អ្នក
ទម្លាប់ជួបប្រជុំជាមួយអ្នកគ្រប់គ្រងរបស់អ្នក គឺជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើននូវទំនាក់ទនងជាមួយគាត់។ ប្រសិនបើអ្នកមិនច្បាស់ពីកិច្ចការដែលអ្នកកំពុងធ្វើឬក៏បញ្ហាទាក់ទងនិងការរំពឹងទុករបស់ក្រុមហ៊ុន អ្នកគួរផ្ញើអ៊ីមែល និងណាត់ពេលជួបពិភាក្សាពីដំណើរការការងារអ្នកជាមួយនឹងមេរបស់អ្នក។
ក្រោយពីនិយាយជាមួយមេរបស់អ្នកហើយ អ្នកគួរបង្កើតនូវគោលដៅផ្ទាល់ខ្លួននិងមានវិជ្ជាជីវៈ សម្រាប់ខ្លួនអ្នកដើម្បីទទួលបានភាពជោគជ័យមុនពេលបញ្ចប់ពេលវេលារបស់អ្នកនៅ
ទីនោះ។ បង្ហាញចៅហ្វាយរបស់អ្នកថាអ្នកអាចទទួលយកបាននូវការរិះគន់បែបស្ថាបនា និងអាចសម្របខ្លួនបានទៅនឹងគំនិតថ្មីៗ។ បង្ហាញសមត្ថភាពអ្នកក្នុងការដើរតួដូចជាអ្នកដឹកនាំ ប៉ុន្តែក៏ដើរតួសំខាន់សម្រាប់ក្រុមផងដែរ។
ទី៦. ការចងចាំ
ក្រុមហ៊ុន គឺតែងតែស្ថិតក្នុងដំណើរការនៃការវិវត្ត និងការសម្របខ្លួនតាម។ ប្រសិនបើអ្នករកឃើញអ្វីមួយដែលមានប្រយោជន៍ដល់ក្រុមហ៊ុន ដូចជាបំបាត់ឬបន្ថែមនូវគោលនយោបាយជាក់លាក់មួយសម្រាប់ក្រុមហ៊ុន ឬក៏ការបង្កើតនូវវិធីសាស្ត្រថ្មីៗដើម្បីបង្កើនប្រាក់កម្រៃឬផលិតកម្មការងារ អ្នកគួរតែធ្វើវា ហើយយកផែនការនោះទៅនិយាយជាមួយអ្នកគ្រប់គ្រងរបស់អ្នក។
វាបង្ហាញនូវការតាំងចិត្ត និងបំណង ពេលដែលអ្នកបន្ថែមនូវទំនួលខុសត្រូវដែលរំពឹងពីអ្នក ហើយអ្នកនឹងអាចបង្កើតនូវស្នាដៃ ដែលមិនត្រឹមតែជាបុគ្គលិកហាត់ការនោះទេ តែក៏ជាបុគ្គលិកបម្រើការងារនៅទីនោះផ្ទាល់ក្នុងពេលឆាប់ៗខាងមុខផងដែរ។
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Elitedaily