បន្ទាយមានជ័យ៖ ជនជាតិចិន ១៦នាក់ បង្កអសន្តិសុខត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ១២យប់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចភូមិប៉ាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមគេហទំព័រដដែលនេះ លោកវរសេនីយ៍ទោ ហេង លីហួរ អធិការរងនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២១ខែតុលា ឆ្នាំ២០១៨ នៅចំណុចខារ៉ាអូរខេមួយកន្លែងនៅក្រុងប៉ោយប៉ែត មានជនជាតិចិន១ក្រុម មានគ្នា៤ទៅ៥នាក់ បានទៅច្រៀងខារ៉ាអូរខេហើយទំនាស់កើតឡើងជាមួយក្រុមក្មេងស្ទាវ១ក្រុម បានកាប់ចាក់បណ្តាលជនជាតិចិន២នាក់ម្នាក់របួសដៃហើយក្រុមស្ទាវជិះម៉ូតូគេចខ្លួនអស់ ហើយជនជាតិចិនដែលរបួសបានលើងរថយន្តទៅខេត្តសៀមរាប។
លោកបានបន្តថា ក្រោយពេលដែលជនជាតិចិនមួយក្រុមកាប់ចាក់គ្នាជាមួយស្ទាវ១ក្រុម ហើយគេចខ្លួនស្រាប់ជនជាតិចិនបានហៅបក្ខពួករបស់ពួកគេប្រមាណ ២០ ទៅ ៣០នាក់ ប្រដាប់ដោយដំបងដែកនិងឈើស្ទើរគ្រប់ដៃបានដើរស្រែកតាមរកអ្នកដែលកាប់បក្ខពួករបស់ខ្លួនបណ្តាលរបួស។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាក្រោយពេលកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបឃាត់ជនជាតិចិន ១៣នាក់ ហើយកម្លាំងកងរាជអាវុធហត្ថក្រុងបានឃាត់បាន៣នាក់ប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសរុបចំនួន ១៦នាក់៕