en     km
en     km

ជនជាតិចិន ១៦​នាក់​បង្ក​អសន្តិសុខនៅក្រុង​ប៉ោយ​ប៉ែ​ត​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​

Share

បន្ទាយ​មាន​ជ័យ​៖​ ជនជាតិ​ចិន ១៦​នាក់​ បង្ក​អសន្តិសុខ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​ ១២​យប់​ ថ្ងៃ​ទី ​២១​ ខែតុលា​ ឆ្នាំ​ ២០១៨​ នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ​១ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមគេហទំព័រដដែលនេះ លោក​វរសេនីយ៍ទោ​ ហេង​ លី​ហួរ​ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​​ ​២១​ខែតុលា​ ឆ្នាំ​​២០១៨​ នៅ​ចំណុច​ខា​រ៉ា​អូរ​ខេ​មួយ​កន្លែង​នៅក្រុង​ប៉ោយ​ប៉ែ​ត​ មាន​ជនជាតិ​ចិន​១​ក្រុម​ មាន​គ្នា​​៤​ទៅ​​៥​នាក់​ បាន​ទៅ​ច្រៀង​ខា​រ៉ា​អូរ​ខេ​ហើយ​ទំនាស់​កើតឡើង​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម​ បាន​កាប់​ចាក់​បណ្តាល​ជនជាតិ​ចិន​២​នាក់​ម្នាក់​របួស​ដៃ​ហើយ​ក្រុម​ស្ទាវ​ជិះ​ម៉ូតូ​គេច​ខ្លួន​អស់ ហើយ​ជនជាតិ​ចិន​ដែល​របួស​បាន​លើង​រថយន្ត​ទៅ​ខេត្តសៀមរាប​។​

លោក​បាន​បន្ត​ថា​ ក្រោយ​ពេល​ដែល​ជនជាតិ​ចិន​មួយក្រុម​កាប់​ចាក់​គ្នា​ជាមួយ​ស្ទាវ​១​ក្រុម​ ហើយ​គេចខ្លួន​ស្រាប់​ជនជាតិ​ចិន​បាន​ហៅ​បក្ខពួក​របស់​ពួក​គេ​ប្រមាណ ​២០​ ទៅ​ ៣០​នាក់ ​ប្រដាប់​ដោយ​ដំបង​ដែក​​និង​ឈើ​ស្ទើរ​គ្រប់​ដៃ​បាន​ដើរ​ស្រែក​តាម​រក​អ្នក​ដែល​កាប់​បក្ខពួក​របស់​ខ្លួន​បណ្តាល​របួស​។

លោក​វរសេនីយ៍ឯក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បង្ក្រាប​ឃាត់​ជនជាតិ​ចិន​ ១៣​នាក់​ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ឃាត់​បាន​៣​នាក់​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​សរុប​ចំនួន ​១៦​នាក់​៕

 

Share

Image
Image
Image