ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី បានសន្យារួមគ្នាបន្តបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿង ញៀនឲ្យកាន់តែល្អប្រសើបន្ថែមទៀត ខណៈប្រតិបត្តិការរួមគ្នាប៉ុន្មានឆ្នាំកន្លងទៅនេះបានល្អប្រសើរ និងចាប់បានឧក្រិដ្ឋជនជាច្រើននាក់ផងដែរនោះ ។នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមប្រភពដដែលនេះ ពិធីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជាមួយអ្នកស្រី Naomi Binstead មន្រ្តីសម្របសម្រួលជាន់ខ្ពស់នគរបាលប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៨។
បញ្ជាក់ផងដែរថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីររំពឹងថា កិច្ចសហប្រតិបត្តិការរួមគ្នានាពេលខាងមុខ រវាងកងកម្លាំងនគរបាលកម្ពុជា និងកងកម្លាំងនគរបាលសហ័ពន្ធអូស្រ្តាលីនាពេលខាងមុខនេះ នឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសទាំងនោះ ៕