ភ្នំពេញ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាលទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ឱកាសការងារមានប្រមាណ ២ ម៉ឺនកន្លែង និងតម្រូវការទីផ្សារការងារមានប្រមាណ៣ម៉ឺននាក់។
លោក ធូ វិរៈជូនសេចក្តីរាយការណ៍
ការតាំងពិព័រណ៍ការងារស្តីពី«ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៨ » ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី ២៧ និង ២៨ ខែ តុលា នៅអគារពិព័រណ៍កោះពេជ្រ។ ពិពរណ៍ការងារ មានគោលបំណង់ជំរុញឱ្យអ្នកស្វែងរកការងារធ្វើទទួលបានការងារ ហើយម្ចាស់ក្រុមហ៊ុនទទួលបានបុគ្គលិកបម្រើការងារយ៉ាងទូលំទូលាយ។
ពិព័រណ៍ការងារត្រូវបានរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហព័ន្ធយុវជនកម្ពុជា(សសយក) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។
លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃ ចន្ទ ទី ២២ តុលានេះថា ការតាំងពិព័រណ៍ការងារនៅកោះពេជ្រមានក្រុមហ៊ុន និងសគ្រាសធំប្រមាណ ១៣០ បានដាក់ស្តង់ពិព័រណ៍ការងារ។ ក្រុមហ៊ុនទាំងនោះ មកពីវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទូរគមគមន៍ និងវិស័យជាច្រើនទៀតនឹងបង្ហាញនៅតាមស្តង់ពិព័រណ៍ប្រមាណ ៣០០ ស្តង់។
លោក ហៃ ហ៊ុនឡេង៖«យ៉ាងហោចណាស់ប៉ាន់ស្មានថាមិនតិចជាង២ម៉ឺនឱកាសការងារដែរ ហើយទន្ទឹមនឹងនេះអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនសហគ្រាសក៏ដូចតំណាងនិយោជកដែលចូលរួមតាំងបង្ហាញអាចនឹងធ្វើការជ្រើសរើសបុគ្គលិកកម្លាំងពលកម្មដែលសុទ្ធសឹងជាអ្នកសក្តានុពលនៅក្នុងទីផ្សារការងារ ហើយជាអ្វីដែលកំពុងត្រូវការងារមិនតិចជាង៣ម៉ឺននាក់»។
លោក ហ៊ុន ឡេង បន្ថែមថា ដើម្បីលើកកម្ពស់ក្នុងវិស័យការងារក្រសួងការងារបានបង្កើតកម្មវិធីប្រកួតជ្រើសរើសកម្មករនិយោជិតឆ្នើម និងការប្រកួតប្រជែករោងចក្រសហគ្រាសស្អាត់តាមស្តង់ដារការងារ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចកក្រកាត់ដេរនៅកម្ពុជា(GMAC)ថ្លែងថា ក្រៅពីសមត្ថភាពជំនាញអ្នកស្វែងរកការងារត្រូវតែមានផលិតភាពការងារ ដើម្បីជាឱកាសទទួលបានការងារនៅក្នុងការតាំងពិព័រណ៍ការងារឆ្នាំនេះ។ លោកណែនាំឱ្យសិស្សនិស្សិតគួរងារមករកការងារធ្វើក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែងជើង។
លោក កាំង ម៉ូនីកា៖ «វិស័យកាត់ដេរនិងស្បែងយើងមានជាង៥២០រោងចក្រជារោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយ ៦០ រោងចក្រផលិតស្បែងជើង អញ្ចឹងឱកាសការងារក៏មានច្រើនដែរនៅក្នុងវិស័យរបស់យើង។យើងមានមុខតំណែងខ្ពស់ល្អជាច្រើនផ្សេងទៀតដូចវិស័យឯកជនទូទៅដែរពីព្រោះរោងចក្រក៏ជាក្រុមហ៊ុនដែរ ដែលត្រូវមានអ្នកគ្រប់គ្រងឧទារណ៍ រដ្ឋាបាល អ្នកគ្រប់គ្រងធនធានមនុស្ស គណនី និងហិរញ្ញវត្ថុ អ្នកគ្រប់គ្រងការងារ…»។
លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៨នេះ មានអ្នកស្វែងរកការងារធ្វើជិត១ម៉ឺននាក់ដែលបានផ្ញើប្រវត្តិរូបសង្ខេបមកកាន់គេហទំព័រជ្រើសរើសការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ។
លោក ហៃ ហ៊ុនឡេង រំពឹងថា សិស្សនិស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើនឹងចូលរួមទស្សនាពិពរណ៍ការងារប្រមាណ៣ម៉ឺននាក់។ ការណ៍នេះលោកអំពាវនាវអ្នកស្វែងរកការងារ ធ្វើដែលមកទស្សនាត្រូវភ្ជាប់ប្រវត្តិរូបសង្ខេប(CV)មកតាមខ្លួន ដើម្បីដាក់ពាក្យរកការងារផ្ទាល់ជាមួយនិយោជក៕