ភ្នំពេញ ៖ ប្រធានមន្ទីរសុខាភិបាលខេត្ដក្រចេះ បញ្ជាក់ថា ជនរងគ្រោះករណីពុលស្រា “ស” បានកើនដល់ ៨៩នាក់ ហើយបណ្ដាលឲ្យពលរដ្ឋ ៥នាក់បានស្លាប់ក្នុងនោះ ម្នាក់ជាស្ដ្រី។ តែយ៉ាងណាគិតមកដល់ថ្ងៃទី២២ ខែតុលា នេះពលរដ្ឋដែលរងគ្រោះបានធូរស្រាល និងត្រឡប់ទៅផ្ទះវិញអស់ហើយ។ លោកប្រធានមន្ទីរអំពាវនាវ ឲ្យប្រជាពលរដ្ឋបញ្ឈប់ការផឹកស្រា គ្រប់ប្រភេទ។
លោក លៀ ស៊ីណា រាយការណ៍៖
រដ្ឋបាលខេត្ដក្រចេះ បានចេញលិខិតមួយនៅថ្ងៃទី២២ ខែតុលានេះ ចំពោះករណីពលរដ្ឋពុលស្រា “ស” កាលពីថ្ងៃទី១៩ ខែតុលា គឺកើតឡើងនៅភូមិដំរ៉ែ ភូមិកោះដំបង ឃុំបឹងចារ ភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពោត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ។
គិតមកដល់ថ្ងៃទី២២ ខែតុលា នេះ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ដក្រចេះ បានប្រាប់វិទ្យុស្ដ្រីថា ករណីពុលស្រា គិតពីថ្ងៃទី១៩ ខែតុលា មក មានប្រជាពលរដ្ឋរងគ្រោះរហូតដល់ ៨៩នាក់ មានស្ដ្រី២២នាក់ ហើយមានពលរដ្ឋចំនួន ០៥នាក់បានស្លាប់ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នេះ មានម្នាក់ជាស្ដ្រី។ តែយ៉ាងណាលោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា មកដល់ថ្ងៃនេះពលរដ្ឋរងគ្រោះទាំងអស់ បានចេញពីមន្ទីរពេទ្យ វិលទៅផ្ទះរបស់ពួកគាត់រៀងៗខ្លួនអស់ហើយ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្ដក្រចេះ បានបញ្ជាក់ថា ករណីពុលស្រាសនេះ បើផ្អែកតាមការអង្កេតរបស់អាជ្ញាធរខេត្ដ អាជ្ញាធរស្រុក ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា មន្ទីរសុខាភិបាលខេត្ដ និងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដ បានរកឃើញថា ស្រា “ស” ដែលពលរដ្ឋផឹកនោះ គឺមានជាតិមេតាណុល។ នៅពេលនេះរដ្ឋបាលខេត្ដក្រចេះ បានចាត់វិធានការតាមនីតិវិធីច្បាប់ បញ្ឈប់ការផលិត និងចែកចាយស្រា “ស” ខុសលក្ខណៈបច្ចេកទេសទាំងនេះ។
ទាក់ទិនករណីពុលស្រាសនេះ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ មានពលរដ្ឋចំនួន ១៤នាក់បានស្លាប់ និងជិត ៣០០នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ ព្រោះករណីពុលស្រា “ស” ដោយសារតែស្រាស នោះ ផលិតខុសបច្ចេកទេស និងមានលាយសារធាតុមេតាណុលកម្រិតខ្ពស់។
លោក ឈ្នាង សុវុត្ថា បានប្រាប់ថា កន្លងមកអាជ្ញាធរបានចុះផ្សព្វផ្សាយជាញឹកញាប់ ដើម្បីពន្យល់ពលរដ្ឋ ពីគុណវិប្បត្ដិ នៃគ្រឿងស្រវឹង ក៏ប៉ុន្ដែពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍ ហើយនៅតែបន្ដផឹកស្រា “ស” ហើយមិនតែប៉ុណ្ណោះថែមទាំងបានយកស្រាធ្វើជាភេសជ្ជៈ ដើម្បីទទួលភ្ញៀវក្នុងឱកាសបុណ្យទានផ្សេងៗថែមទៀត ៖«យើងសំណូមពរកុំឲ្យបរិភោគតែប៉ុណ្ណឹង។ តែសំណូមពរយើងចេះតែសំណូមពរ តែរហូត ប៉ុន្ដែសុំដាស់តឿនក្រើនរំឮកគាត់ ជាពិសេសនៅពេលបុណ្យទានអីហ្នឹង កុំឲ្យយកស្រា យកមកដាក់។ ព្រោះគាត់ទម្លាប់បុណ្យសពក៏ហូបស្រា បុណ្យភ្ជុំក៏ស្រា បុណ្យអីក៏ស្រា ស្អីក៏ស្រា នឹងបានថា យកស្រាជាភេសជ្ជទទួលភ្ញៀវ អញ្ចឹងសុំឲ្យដូរទម្លាប់ហ្នឹងទៅ»។
លោកប្រធានមន្ទីរសុខាភិបាល អះអាងថា ស្រាគ្រប់ប្រភេទគឺសុទ្ធតែបង្កគ្រោះថ្នាក់សុខភាពមនុស្ស គ្រាន់តែប្រភេទស្រាខ្លះបង្ហាញឥទ្ធិពលភ្លាមៗ និងស្រាប្រភេទខ្លះទៀត បង្ហាញឥទ្ធិពលក្នុងរយៈពេលយូរ។ ក៏ប៉ុន្ដែជារួមស្រា គឺជាប្រភេទគ្រឿងស្រវឹង ដែលមិនបានជួយអ្វីដល់សុខភាពមនុស្សឡើយ ផ្ទុយទៅវិញ មានតែបំផ្លាញសុខភាពប៉ុណ្ណោះ ៖«ទាល់តែយើងទាំងអស់គ្នាហ្នឹងទាំងអ្នកសារព័ត៌មានត្រូវជួយផ្សាយទាក់ទងការពិសារគ្រឿងស្រវឹង។ មិនមែនតែស្រាសទេ អាស្រា ដែលមិន ស ហ្នឹងក៏វាគ្រោះថ្នាក់។ តាំងពីចរាចរណ៍ យើងឃើញហើយ តាំងពីអំពើហិង្សា ទាំងអស់ គឺស្រាទាំងអស់ហ្នឹង»។
ក្រសួងសុខាភិបាលតាមរយៈការអំពាវនាវ កាលពីថ្ងៃទី២០ ខែតុលា បានអះអាងថា ក្រុមន្ដ្រីជំនាញសុខាភិបាល នៅតែបន្ដចុះអង្កេតទៅភូមិផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រាកដថា នឹងគ្មានករណីពុលស្រាដទៃទៀតកើតឡើង។ នៅក្នុងរយៈពេលនេះ មន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល បានសំណូមពរដល់ដល់អាជ្ញាធរដែនដី ពង្រឹងការត្រួតពិនិត្យ ការផលិត ការចែកចាយ និងការលក់ ស្រា “ស” ឲ្យមានប្រសិទ្ធភាពដើម្បីជៀសវាង ការប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋបន្ដទៀត។ តែជាមួយគ្នានេះក្រសួងសុខាភិបាល ក៏សំណូមពរផងដែរ សុំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវផឹកស្រា “ស” ដែលគ្មានការត្រួតពិនិត្យបច្ចេកទេសពីអាជ្ញាធរត្រឹមត្រូវឡើយ៕