ភ្នំពេញ ៖ ស្នងការខេត្ដបាត់ដំបង បានចាប់ខ្លួនមនុស្ស ០៧នាក់ គ្រោងបញ្ជូនទៅសាលាដំបូងខេត្ដ ករណីជួញដូរសត្វព្រៃ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
ស្នងការខេត្ដប្រាប់ឲ្យដឹងថា អាជ្ញាធរសហការជាមួយមន្ដ្រីពាក់ព័ន្ធបានចុះបង្ក្រាបករណីធ្វើអាជីវកម្មសត្វស្លាបដ៏កម្រ នៅក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែង ខេត្ដបាត់ដំបង។ ការបង្ក្រាបនេះ បានចាប់ខ្លួនអ្នកជួញដូរចំនួន ០៧នាក់ និងសត្វស្លាបកម្រចំនួន ១០ប្រភេទ។ សត្វស្លាបទាំងនេះ មានចំនួន ៦៨៦ក្បាល ត្រូវបានសម្លាប់ទាំងអស់។
វិទ្យុស្ដ្រី មិនអាចសុំការបញ្ជាក់បន្ថែម ទាក់ទិនករណីនេះពីអធិការស្រុកសង្កែបានទេ។ តែយ៉ាងណាស្នងការរងខេត្ដបាត់ដំបង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ជេត វណ្ណី បានប្រាប់វិទ្យុស្ដ្រីថា អាជ្ញាធរពិតជាបានបង្ក្រាបអ្នកជូញដូរសត្វព្រៃពិតមែន។ ប៉ុន្ដែលោកមិនអាចពន្យល់បាន ដោយសារតែមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក។
តាមទំព័រហ្វេសប៊ុកស្នងការខេត្ដបាត់ដំបង បានបញ្ជាក់ថា ក្រោយពីបង្ក្រាបបាន សត្វស្លាបទាំង ៦៨៦ក្បាលនោះ ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងតែម្ដង។ ដោយឡែកអ្នកជូញដូរទាំង ០៧នាក់ ក្រោយពេលធ្វើការសាកសួរស្រាវជ្រាវដោយមន្ដ្រីជំនាញហើយ ពួកគេនឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សូមជម្រាបថា យោងតាមច្បាប់ស្ដីពីព្រៃឈើ គឺតម្រូវឲ្យផ្ដន្ទាទោសថ្នាក់ទី១ គឺត្រូវជាប់ពន្ធនាគារ ចាប់ពី ៥ឆ្នាំទៅដល់ ១០ឆ្នាំ ចំពោះជនទាំងឡាយណា ដែលបានចូលទៅបរបាញ់សត្វ នៅក្នុងព្រៃការពារ ហើយសម្លាប់ដើម្បីធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្រុមជិតពូជ។ ក្នុងករណីដែលជននោះមិនរាងចាល នឹងត្រូវផ្ដន្ទាទោសទ្វេដង៕