បរទេស៖ ក្រុមកីឡាករវ័យក្មេង ១៣ នាក់ដែលត្រូវបានសង្គ្រោះពីការជាប់ក្នុងរូងភ្នំថាមហ្លួង ប្រទេសថៃ ជាង ២ សប្តាហ៍ កាលពីថ្មីៗនេះ ពេលនេះមានសំណាងត្រូវបានក្លឹបបាល់ទាត់ LA Galaxy អញ្ជើញឲ្យចូលរួមហ្វឹកហាត់ផ្ទាល់ជាមួយកំពូលកីឡាករ Zlatan Ibrahimovic កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨។
ក្រុមបាលទាត់ខ្លាឃ្មុំព្រៃ ហាក់ដូចជាមានសំណាងច្រើន បន្ទាប់ពីត្រូវបានអ្នកវិទ្យាសាស្រ្ត និង អ្នកហែលទឹកជំនាញរបស់ប្រទេសអង់គ្លេស ជួយសង្គ្រោះ បន្ទាប់ពីពួកគេបានជាប់គាំងក្នុងរូងភ្នំថាមហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីពេលថ្មីកន្លងទៅនេះ។
កំពូលកីឡាករដែលជាអតីតកីឡាករជម្រើសជាតិ ស៊ុយអ៊ែត លោក Ibrahimovic បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំតែងតែគិតថា ខ្ញុំគឺជាមនុស្សម្នាក់ដែលមានភាពក្លាហានជាងគេ តែតាមពិតទៅខុសទាំងស្រុង ព្រោះក្មេងទាំង ១៣ នាក់នេះ ក្លាហានជាងខ្ញុំឆ្ងាយណាស់!»។
សូមបញ្ជាក់ថា ក្មេងទាំង ១៣ នាក់ទើបតែត្រលប់ពីការអញ្ជើញឲ្យទស្សនា ព្រឹត្តិការណ៍យុវជនអូឡាំពិកដែលធ្វើឡើងកាលពីពេលថ្មីនេះ នៅទីក្រុង Bueno Aires ប្រទេសអាហ្សង់ទីន។ នៅក្នុងហេតុការណ៍ជួយសង្គ្រោះក្មេងកីឡាករបាល់ទាត់ យោធាជើងទឹកម្នាក់ត្រូវបានស្លាប់ ក្រោមមូលហេតុដាច់បំពង់ខ្យល់អុកស៊ីសែន៕