នៅរយៈពេលចុងក្រោយនេះ គណបក្ស UMNO ដែលធ្លាប់កាន់អំណាចជាង ៦០ឆ្នាំតែឯង ចាប់តាំងពីអាណានិគមអង់គ្លេសបានដកខ្លួនចេញពីប្រទេសនេះនៅឆ្នាំ ១៩៥៧ បានធ្លាក់ក្នុងវិបត្តិធ្ងន់ ក្នុងសំណុំរឿង អាសត្រូវធំៗរបស់ជាតិ។ គណបក្ស UMNO បានចាញ់ឆ្នោតយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោតសភានីតិទី១៤ កាលពីថ្ងៃទី ៩ ឧសភាដែលនាំអោយរឿងអាស្រូវជាតិធំៗទាំងឡាយត្រូវបានកោះកកាយឡើងវិញ។
គិតមកដល់ពេលនេះមេដឹកនាំគណបក្សនេះជាច្រើននាក់ត្រូវបានចោទប្រកាន់ពីអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិរបស់ជាតិ។ ក្នុងនោះ នាយករដ្ឋមន្ដ្រីណាជីបរ៉ាហ្សាក់ជាដើមចមធំជាងគេបំផុតនាំអោយ UMNO ធ្លាក់ក្នុងវិបត្តិនេះ។
លោក នួន បូរិន្ទ ជូនសេចក្ដីប្រែសម្រួល!
ការដែលខ្លួនកំពុងមានអំណាចនាយករដ្ឋមន្ដ្រីណាជីបរ៉ាហ្សាក់ប្រៀបដូចស្ដេចក្រាញមួយនៃរាជាណាចក្រម៉ាឡេស៊ីដែលគ្មានបុគ្គលណា ឬស្ថាប័នណាអាចប៉ះលោកបានឡើយ។ យ៉ាងតិចណាស់អ្នកនយោបាយ ៣រូបត្រូវបានលោកណាជីបដកហូតពីអំណាច ដោយសារតែកោះកកាយរឿអាស្រូវរបស់លោកពាក់ព័ន្ធនិងសំណុំរឿងលួចផ្ទេរថវិការបស់ជាតិមកដាក់ក្នុងគណនីគ្រួសាររបស់ខ្លួននូវទឹកប្រាក់ប្រមាណជា ៧០០លានដុល្លារអាមេរិក។
អ្នកនយោបាយ ៣រូបនោះ អ្នកខ្លះមានឋានៈដល់រដ្ឋមន្ដ្រីដែលពួកគេព្យាយាមការពារភាពស្អាតស្អំរបស់បក្ស UMNO ។ ខណៈផ្ទុះរឿងអាស្រូវនេះកើតឡើង អតីតរដ្ឋមន្ដ្រីរបស់លោក រួមទាំងរដ្ឋអាជ្ញាមួយរូបផងដែរបានព្យាយាមជជីកសួរលោកណាជីបពីការកិបកេងថវិកាទាំងនេះ។ តែបំផុត លោក ណាជីប មិនត្រឹមតែមិនឡើងបំភ្លឺនៅរដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងចំអកអោយអ្នករិៈគន់ទៀតផង។
អំឡុងពេលផ្ទុះរឿងអាស្រូវនេះ ក្រុមគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល សឹងតែត្រូវបានលោក ណាជីប ប្ដឹងបកឡើងតុលាការទៀតផង។ តែទីបំផុត រដ្ឋអាជ្ញារបស់ប្រទេសនេះបានចោទប្រកាន់លោកណាជីបនិងអតីតគណៈរដ្ឋមន្ដ្រីរបស់លោកជាច្រើនរូបពីបទប្រព្រឹត្ដអំពើពុករលួយបំពានអំណាចរដ្ឋ លាងលុយកង្វក់ និងការប្រើប្រាស់មូលនិធិរបស់រដ្ឋមិនមានតម្លាភាព។
កាលពីសប្ដាហ៍កន្លងទៅនេះ ភរិយារបស់លោក និងឧបនាយករដ្ឋមន្ដ្រីម្នាក់ទៀតត្រូវបានតុលាការចោទប្រកាន់រួចហើយពីបទលាងលុយកង្វក់ សហការជាមួយនឹងលោកណាជីប។ ឧបនាយករដ្ឋមន្ដ្រីម្នាក់នេះមានឈ្មោះថា សា ហ៊ីតហាមមីឌី ត្រូវបានចោទរហូតដល់ ២៧ករណី ពាក់ព័ន្ធប្រាក់របស់រដ្ឋ ២៧លាន ៤សែនដុល្លារអាមេរិក។
ក្នុងសំណុំរឿងនាំអោយអ្នកនយោបាយជើងចាស់មួយចំនួននៅក្នុងគណបក្ស UMNO ប្រកាសថា ត្រូវកោះប្រជុំថ្នាក់ដឹកនាំគណបក្សនេះជាបន្ទាន់ ដើម្បីពិនិត្យមើលរឿងអាស្រូវមន្ដ្រីបក្សរបស់ខ្លួនឡើងវិញទាំងអស់ ហើយបានព្រមានថា ទំនងមិនមានត្រឹមតែមានអ្នកនយោបាយ ៣ ឬ ៤រូប ប៉ុណ្ណោះទេ ដែលត្រូវចោទប្រកាន់ក្នុងសំណុំរឿងនេះ គឺនៅមានច្រើនថែមទៀត។
អនុប្រធានគណបក្ស UMNO លោក ម៉ូដ ហាសាន់ បានអំពាវនាវអោយមន្ដ្រីបក្សទាំងអស់ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ននិងប្រកាសជំហរកណ្ដាល គឺមិនត្រូវសម្ដែងមតិ ឬធ្វើសកម្មភាពណាមួយនាំអោយសង្ស័យពាក់ព័ន្ធនិងសំណុំរឿងអាស្រូវរបស់លោកណាជីប និងមេដឹកនាំដទៃទៀតនោះទេ។
អ្វីដែលនាំអោយរឿងអាស្រូវរបស់់ UMNO ត្រូវបានកកូរកកាយមកដល់ពេលនេះ គឺដោយសារតែនាយករដ្ឋមន្ដ្រីមហាធាមហាម៉ាតនិងគណៈកម្មាការប្រឆាំងអំពើពុករលួយប្រទេសនេះទទួលរងសំពាធយ៉ាងខ្លាំងពីប្រជាជនម៉ាឡេស៊ីដែលទាមទារអោយស៊ើបអង្កេតរឿងនេះជាបន្ទាន់ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធទាំងនោះមកជារបស់រដ្ឋវិញ។
លោក មហាធា បានប្រកាសថា រឿងអាស្រូវ UMNO គឺជារឿងវ៉ាវប្រវត្តិសាស្ដ្រ ប៉ុន្ដែលោកបានសន្យាថា នឹងមិនអនុវត្តនយោបាយបោសសំអាត ឬសងគំនុំ អ្នកនយោបាយដូចគ្នានោះទេ។ លោកថា បុគ្គលពាក់ព័ន្ធត្រូវតែទទួលខុសត្រូវចំពោះមុននៃច្បាប់របស់ប្រទេស។
តាមច្បាប់នៃប្រទេសម៉ាឡេស៊ី លោក ណាជីប និងអតីតរដ្ឋមន្ដ្រីរបស់លោកជាច្រើនរូបដែលកំពុងស្ថិតនៅក្នុងសំណុំរឿងអាស្រូវនេះអាចនិងមានទោសចាប់ពី ៣០ ឆ្នាំ ឡើងទៅ ។ តែយ៉ាងណាក៏ដោយ ទាំងលោកណាជីប ភរិយារបស់លោក អតីតរដ្ឋមន្ដ្រីហិរញ្ញវត្ថុ និងចុងក្រោយ គឺឧបនាយករដ្ឋមន្ដ្រី សាហ៊ីត ហាមមីឌី បានបដិសេធដោយអះអាងថា ខ្លួនក្លាយជនរងគ្រោះក្នុងអន្ដរកាលនៃការកែទម្រង់របស់លោកនាយករដ្ឋមន្ដ្រីមហាធាមាម៉ាត៕