ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ ចំណែកបក្សកាន់អំណាចព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យសភាអន្តរជាតិនេះមិនទទួលស្គាល់ ។ ដោយសម្ដែងការខកចិត្តនឹងIPU សភាកម្ពុជាមកពីបក្សកាន់អំណាចក៏បានថ្កោលទោសសេចក្ដីសម្រចនេះ។ ករណីនេះអ្នកវិភាគថា កម្ពុជាគួរតែបន្ទន់ខ្លួនថែមទៀតហើយត្រូវពិនិត្យគោលនយោបាយការបរទេសខ្លួនឡើងវិញ ។
លោក សោម លាភ រាយការណ៍លំអិត៖
គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា IPU កាលពីថ្ងៃទី១៨ ខែតុលាបានអនុម័តសេចក្តីសម្រេចរបស់ខ្លួនអំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា។
តាមរយៈសេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះ គឺទាមទារឲ្យកម្ពុជាមានការចរចាផ្នែកនយោបាយឡើងវិញជាមួយគណបលក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយអំណាចតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
គណៈកម្មការសិទ្ធិមនុស្សនៃសភាអន្តរជាតិនេះនៅតែទទួលស្គាល់មន្ត្រីភាពស្របច្បាប់នៃអតីតតំណាងរាស្ត្រ ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាមិញ ពួកគេបានថ្កោលទោសចំពោះការចែកអាសនៈសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដោយបែកចែកអាសនៈនេះទៅគណបក្សដែលមិនមានការគាំទ្រពីពលរដ្ឋ។
ជាងនេះ ការដកសិទ្ធិនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងចំនួន ១១៨រូបក្រោមសាលដីការរបស់តុលាការកំពូលកម្ពុជា ក៏សភាអន្តរជាតិនេះមិនទទួលស្គាល់ដែរ ហើយថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានេះ។
ជាក់ស្ដែង សហភាពអន្តរសភា(IPU) ទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ។
យ៉ាងណា អាជ្ញាធរកម្ពុជាត្រូវបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។
សម្រាប់សហភាពអន្តរសភា IPU តាមរយៈសេចក្តីសម្រេចរបស់ខ្លួននេះបានហៅការចាប់ខ្លួន លោក កឹម សុខា គឺធ្វើឡើងដោយមិនមានភស្តុតាងត្រឹមត្រូវ។
សភាអន្តរជាតិនេះ ទាមទារដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តារវិបត្តិនយោបាយ និងគោរពសិទ្ធិមនុស្ស ព្រមទាំងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ យ៉ាងណា ពួកគេបានបង្ហាញនូវការព្រួយបារម្ភចំពោះការរំលោភអភ័យឯកសិទ្ធិសភារបស់ លោក កឹម សុខា។
ជាងនេះទៀត សហភាពអន្តរសភាមួយនេះ ក៏មិនទទួលស្គាល់លើសេចក្ដីសម្រេចតុលាការកំពូលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ ក្រោមការចោទប្រកាន់លោកកឹម សុខា ពីទោសក្បត់ជាតិ ពោលគឺចោទលោកកឹមសុខាថា គ្រោងនឹងផ្ដួលរំលំរដ្ឋាភិបាលដោយការរៀបចំបដិវត្តន៍ពណ៌នោះដែរ។ យ៉ាងណាមិញ សុន្ទរកថាឆ្នាំ ២០១៣ របស់លោកកឹមសុខាមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។ ដោយឡែកករណីរបស់លោកសមសរង្ស៊ី សភាអន្តរជាតិនេះ បានការបន្តកសាងសំណុំរឿង ប្រឆាំងនឹងមេដឹកនាំរូបនេះថា ជាការធ្វើទុក្ខបុកម្នេញមិនចេះចប់។
លោក សមរង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ក្នុងការសាទរចំពោះសេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះដោយលើកឡើងថាបានផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិ និងជនរងគ្រោះដទៃទៀត។
ខណៈដែលគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា អនុម័តចេញសេចក្ដីបែបនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចរបស់ IPU លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសំណុំរឿងអតីតតំណាងរាស្ត្របក្សប្រឆាំងជាខ្លាំង។
ជាងនេះគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចនេះថា មានភាពលំអៀងទៅរកអតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលត្រូវបានតុលាការកាត់ទោស ដោយសារតែទង្វើក្បត់ជាតិ។
គណៈប្រតិភូរដ្ឋសភាកម្ពុជា បញ្ជាក់ពីការខកចិត្ត ខណៈដែលប្រតិភូនេះបានផ្តល់ព័ត៌មានពិតដែលអាចជឿទុកចិត្តបានយ៉ាងច្រើន បែជាគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ហាក់ដូចជាពុំមានការពិចារណាឱ្យគ្រប់ជ្រុងជ្រោយ។
ប្រតិភូរដ្ឋសភាកម្ពុជា មិនពេញចិត្តចំពោះការសម្រេចមួយនេះ ដោយផ្អែកលើប្រភពព័ត៌មាន ដែលមានលក្ខណៈនយោបាយពីភាគីម្ខាង ហើយលាបពណ៌ប្រទេសកម្ពុជាឱ្យខ្មៅងងឹតតាមរយៈការចេញនូវសេចក្តីសម្រេចដែលមានលក្ខណៈលម្អៀងនេះ។
ផ្អែកទៅលើការចេញសេចក្ដីសម្រេចរបស់សហភាពអន្តរសភា IPU មានលក្ខណៈដូចទៅនឹងការវិភាគរបស់លោក ឯម សុវណ្ណារ៉ា។
អ្នកវិភាគនយោបាយ និងកិច្ចការសង្គម លោក ឯម សុវណ្ណារ៉ា បានប្រាប់វិទ្យុស្រ្តីកាលពីថ្ងៃទី១៦ តុលា ថា តម្លៃការទូតកម្ពុជាមានការធ្លាក់ចុះដោយសារតែសហភាពអន្តរសភា នៅតែទទួលស្គាល់ភាពស្របច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ។
លោក ឯម សុវណ្ណារ៉ាថា តម្លៃការទូតកម្ពុជាហាក់ដូចជាចាញ់ប្រៀបអតីតគណបក្សសង្គ្រោះជាតិ។ លោកថា អ្វីដែលនាំឱ្យតម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារ តែសហគមន៍អន្តរជាតិធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសហភាពអន្តរសភាIPU នៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP។ ក្នុងន័យនេះ លោកគិតថា សហភាពអន្តរសភា មិនបានទទួលស្គាល់សមាជិករដ្ឋសភាចំនួន ១២៥ អាសនដែលបានពីការបោះឆ្នោតសភានីតិកាលទី៦នោះទេ តែសហភាពអន្តរសភានេះបែជាទទួលស្គាល់តែសម្លេងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានមកពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ទៅវិញ។
គួររំលឹកថា សន្និបាតសហភាពអន្ដរសភា (IPU) លើកទី១៣៩ ធ្វើនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រយៈពេល៥ថ្ងៃ ហើយបិទបញ្ចប់កាលពីថ្ងៃទី ១៨ ខែតុលា។ ក្នុងសន្និបាតនេះ មាន តំណាងរដ្ឋសភា ជិត ២០០ប្រទេស នៅលើពិភពលោក ចូលរួមក្នុងកិច្ចប្រជុំនេះ។ គណៈប្រតិភូសមាជិកសភាកម្ពជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាក៏បានចូលរួមដែរ។ ដោយឡែកលោកសមរង្សីអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ក៏មានវត្តមាននៃ មហាសន្និបាតនេះដែរក្នងនាមលោកជាអ្នកតស៊ូមតិដើម្បី ភាពស្របច្បាប់របស់អតីតតំណាងរាស្ត្រ CNRP ៥៥រូប។ ក្រុមគណៈប្រតិភូសមាជិកសភាបក្សកាន់អំណាចបាន ជំទាស់យ៉ាងខ្លាំង វត្តមានរបស់លោកសមរង្ស៊ី៕
អត្ថបទ៖លោក សោម លាភ